ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន សម្តែងការកោតសរសើរចំពោះ គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីមន្ត្រីរាជការទាំងអស់នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយបានប្រមូលពន្ធដារផ្ទៃក្នុងជូនរដ្ឋបានគ្រប់ និងលើសផែនការដែលបានកំណត់ដោយច្បាប់ស្តីពីការហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ ចំនួន ១២២,៥៤ភាគរយ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ជម្រាបជូន
ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្តី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ
ខ្ញុំសូមសម្តែងនូវការកោតសរសើរដោយស្មោះ និងសូមអបអរសាទរជូន ឯកឧត្តម និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រី រាជការទាំងអស់នៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្តក្នុងការបំពេញ បេសកកម្មដោយជោគជ័យដោយបានប្រមូលចំណូលពន្ធដារផ្ទៃក្នុងជូនរដ្ឋបានគ្រប់និងលើសផែនការដែលកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ចំនួន ១២២,៥៤ ភាគរយ។ ខ្ញុំពិតជាមានសេចក្ដីត្រេកអរនិងសាទរជាខ្លាំង ចំពោះលទ្ធផលនៃការប្រមូលចំណូលពន្ធដារផ្ទៃក្នុងនេះ ដែលបាននាំឱ្យកម្ពុជាបញ្ចប់ឆ្នាំ២០២២ ដោយជោគជ័យនិង ប្រកបដោយមោទកភាពខ្ពស់សម្រាប់ប្រទេសជាតិយើង។ ពិតណាស់ នេះគឺជាលទ្ធផលគួរឱ្យស្ញប់ស្ញែង ដែលអគ្គនាយកដ្ឋាន ពន្ធដារបានប្រមូលចំណូលលើសផែនការរហូតដល់ ២២,៥៤ ភាគរយ ស្មើនឹង ២៥៧៤,០៧ ប៊ីលានរៀល ប្រមាណជា ៦៣៥,៥៧ លានដុល្លា ដែលជាកំណត់ត្រាចំណូលពន្ធលើសផែនការច្រើនជាងគេរបស់កម្ពុជា និងជាសមិទ្ធផលដ៏ធំធេង សម្រាប់ជាតិនិងប្រជាជនកម្ពុជាក្នុងគ្រាដ៏លំបាក ដែលយើងបានជួបប្រទះកន្លងមកនេះ ជាអាទិ៍ ដោយសារការបន្តរីករាលដាល នៃជំងឺកូវីដ-១៩, ភាពតានតឹងភូមិសាស្ត្រនយោបាយសាកល, ការកើនឡើងសម្ពាធអតិផរណា, និងផលប៉ះពាល់ពីសង្គ្រាម និងគោលនយោបាយបរទេសនានា។
សមិទ្ធផលគួរជាទីមោទនៈនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយគាំទ្រដល់សេដ្ឋកិច្ចជាតិ និងជីវភាព ប្រជាជន ក្នុងអំឡុងពេលដែលសេដ្ឋកិច្ចសកលលោក ក៏ដូចជាសេដ្ឋកិច្ចកម្ពុជា បាននិងកំពុងជួបនឹងវិបត្តិ និងភាពមិន ប្រាកដប្រជាច្រើន ហើយលទ្ធផលនេះពិតជានឹងមិនអាចសម្រេចបានទេប្រសិនបើគ្មានការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ មោះមុតនិងការលះបង់ខ្ពស់របស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមការដឹកនាំដោយផ្ទាល់របស់ឯកឧត្តម។ ខ្ញុំសូមធ្វើការ កោតសរសើរដោយស្មោះ និងសូមធ្វើការវាយតម្លៃខ្ពស់ចំពោះសមត្ថភាពនិងប្រសិទ្ធភាពនៃការដឹកនាំនិងការកែទម្រង់របស់ ឯកឧត្តម ដោយប្រកាន់ខ្ជាប់នូវគោលការណ៍អភិបាលកិច្ចល្អនិងរដ្ឋបាលកិច្ចល្អ និងពោរពេញដោយគំនិតច្នៃប្រឌិតខ្ពស់ រិះរក គ្រប់វិធានការដើម្បីគ្រប់គ្រងប្រមូលចំណូលពន្ធប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសការបន្តធ្វើឌីជីថលូបនីយកម្មប្រព័ន្ធ ពន្ធដារកម្ពុជា ដែលទំនើបឈានមុខគេ ប្រកបដោយស្មារតីបុរេសកម្ម និងទាន់ពេលវេលា ជាអាទិ៍ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ គ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (E-Filing) និងប្រព័ន្ធ-កម្មវិធីបច្ចេកវិទ្យាព័ត៌មានទំនើបៗនានាប្រកបដោយ ប្រសិទ្ធភាពនិងស័ក្ដិសិទ្ធិភាពខ្ពស់ ព្រមទាំងជាគំរូនៃការកែទម្រង់ដ៏មុតស្រួចស៊ីជម្រៅមួយក្នុងចំណោមការកែទម្រង់របស់ ស្ថាប័នរដ្ឋនានា។
សូម ឯកឧត្តម និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការទាំងអស់នៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ បន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនដើម្បីសម្រេចបានជោគជ័យក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធដារ ផ្ទៃក្នុងជូនប្រទេសសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។
សូម ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ទទួលនូវការស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ ពីខ្ញុំ៕
ដោយ : សិលា