អាមេរិកនិងចិនបង្ខំចិត្តចាប់ដៃគ្នាតែមិនទុកចិត្តគ្នាឡើយ

ចែករំលែក៖

អាមេរិកនិងចិនបានបង្ខំចិត្តចាប់ដៃគ្នា ធ្វើឲ្យអន្តរជាតិមើលឃើញថា ពិតជាមាន ទំនាក់ទំនងល្អប្រសើរ តែតាមការពិតប្រទេស ទាំងពីរមិនទុកចិត្តគ្នាឡើយទាំងវិស័យសេដ្ឋ កិច្ចនិងយោធា។ នៅក្នុងកិច្ចសន្ទនាស្តីអំពី យុទ្ធសាស្រ្ត និងសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៨ រវាងអាមេរិកនឹងចិនបានចាប់ផ្តើមបើកធ្វើនៅថ្ងៃចន្ទ ទី៦ ខែមិថុនា និងបន្តដល់ថ្ងៃអង្គារ ទី៧ ខែមិថុនា ក្នុងទីក្រុងប៉េកាំង ប្រទេស ចិន។

ការប្រើសម្តីទន់ភ្លន់ដាក់គ្នាថ្ងៃនេះបានផ្តើមចេញដំបូងពីភាគីចិនតាមរយៈអន្តរា គមន៍របស់លោកប្រធានាធិបតីចិនស៊ី ជីន ពីង។ លោកស៊ី ជីនពីង មិនបានលើកឡើង ចំៗពីបញ្ហាសមុទ្រចិនខាងត្បូងដែលជា ប្រធានបទក្តៅ និងរសើបរវាងទីក្រុងប៉េកាំង នឹងទីក្រុងវ៉ាស៊ីនតោនទេ ប៉ុន្តែគ្រាន់តែ បញ្ជាក់ថា មហាតំបន់ប៉ាស៊ីហ្វិកត្រូវតែជា តំបន់នៃកិច្ចសហប្រតិបត្តិការគឺមិនមែនជាតំបន់នៃការប្រកួតប្រជែងឡើយ។ លោក ស៊ី ជីនពីង បានបន្ថែមថា ចិននិងអាមេរិកត្រូវតែបង្កើនការទុកចិត្តគ្នាទៅវិញទៅមកនិងពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ជាចម្លើយតបវិញបែបទន់ភ្លន់ដូចគ្នា លោកប្រមុខការទូតអាមេរិកចន ឃើរី បាន អះអាងថា គឺមានតែចិននិងអាមេរិកខ្លួនឯង ទេដែលត្រូវធ្វើអ្វីៗគ្រប់យ៉ាងដើម្បីពង្រឹង បន្ថែមក្នុងភាពជាដៃគូជាជាងក្នុងភាពជា គូប្រជែង។ ដោយចៀសវាងបញ្ឆេះកំហឹងចិនជាថ្មីក្នុងជម្លោះនៅសមុទ្រចិនខាងត្បូង លោក ឃើរី បានត្រឹមអំពាវនាវឲ្យគ្រប់ភាគីដែលជាប់ពាក់ព័ន្ធផ្ទាល់នឹងជម្លោះត្រូវបន្តស្វែងរកដំណោះស្រាយតាមផ្លូវចរចា។ គួររម្លឹកជូនឡើងវិញថា ទោះបីជាអាមេរិកមិនមែនជាភាគីជម្លោះផ្ទាល់ជាមួយចិន ដូចប្រទេសវៀតណាម ឬហ្វុីលីពីនក៏ដោយ ក៏អាមេរិកមិនញញើតនឹងដំឡើងសាច់ដុំដាក់ចិនដោយលើកយកហេតុផលទៅ ពន្យល់ថា ដើម្បីការពារការធ្វើចរាចរណ៍ ផ្លូវសមុទ្រក្នុងដែនទឹកអន្តរជាតិសម្រាប់ ប្រយោជន៍សេដ្ឋកិច្ចក្នុងលោក។

វ៉ាស៊ីនតោនបានចេញមុខអះអាងម្តងជាពីរដងថា តំបន់នៅសមុទ្រចិនខាងត្បូងមិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ប្រទេស ណាមួយទេ។ តែបញ្ហានៅត្រង់ថា ចិនមិន បានយល់ឃើញដូចអាមេរិកឯណា និង បានពង្រឹងឥទ្ធិពលរបស់ខ្លួន ពិសេសឥទ្ធិ​ពលយោធានៅក្នុងតំបន់ព្រមទាំងសាងសង់ កោះសិប្បនិមិត្តនៅក្នុងតំបន់ទៀតផង។ ដូច្នេះឃើញថា កាយវិការទន់ភ្លន់រវាងចិន និងអាមេរិកថ្ងៃនេះគ្រាន់តែជាសំបកក្រៅ ប៉ុណ្ណោះ ព្រោះគេមិនត្រូវភ្លេចនិយាយទេថា ជម្រៅនៃបញ្ហានៅមិនទាន់បានដោះស្រាយ នៅឡើយ ហើយអាមេរិកនឹងចិននៅបន្ត មិនទុកចិត្តគ្នាមើលបណ្តាំគ្នា ហើយ ពិសេសថែមទៀតនោះអាមេរិក និងចិន នៅបន្តជាគូប្រជែងដណ្តើមឥទ្ធិពលគ្នានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ចិននិងអាមេរិកបង្ខំចិត្តចាប់ដៃគ្នាអាមេរិក និងចិននៅតែត្រូវការគ្នាទៅ វិញ ទៅមកមិនអាចខ្វះបានប្រៀបដូចជាប្តី ប្រពន្ធដែលឈ្លោះប្រកែកគ្នានឹងប្រើសម្តី វាយប្រហារដាក់គ្នារាល់ថ្ងៃតែមិនងាយ នឹងលែងលះគ្នាទេ។ ជាការពិតការប្រជែងកម្លាំងគ្នារវាងអាមេរិក និងចិនគឺដើម្បី ប្រយោជន៍ផ្ទាល់ខ្លួន។ តែគេមិនត្រូវភ្លេច និយាយទេថា ក្នុងនាមជាមហាអំណាចសេដ្ឋ កិច្ចស្ថិតលំដាប់ទី១ និងទី២ ក្នុងលោក ហើយក្នុងនាមជាប្រទេសសមាជិកអចិន្ត្រៃយ៍ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដូចគ្នាចិននិងអាមេរិកត្រូវការគ្នាទៅវិញ ទៅមកដោយមិនអាចខ្វះបានដើម្បីដោះស្រាយសំណុំរឿងអន្តរជាតិសំខាន់ៗជា ច្រើនក្នុងលោក។

នៅក្នុងសំណុំរឿងអន្តរជាតិទាំងអស់នោះ មានសំណុំរឿងខ្លះដែលអាមេរិកត្រូវការឲ្យមានកិច្ចសហប្រតិបត្តិការពី ចិនច្រើនជាងចិនត្រូវការពីអាមេរិកទៅទៀត។ ជាក់ស្តែងសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង វិបត្តិនយោបាយក្នុងប្រទេសស៊ីរី ឬមួយក៏ ជម្លោះរវាងប្រទេសស៊ូដង់ខាងជើង និង​ខាងត្បូងជាដើម។ ក្រៅពីនោះក៏នៅមានសំណុំរឿងបន្ទាន់មួយចំនួនទៀតដែលចិន និងអាមេរិកត្រូវលើកទៅជជែកដូច យ៉ាងយុទ្ធនាការប្រយុទ្ធប្រឆាំងភេរកម្ម ពិសេសប្រឆាំងអង្គការរដ្ឋអ៊ិស្លាមបញ្ហា អាកាសធាតុពិភពលោក សំណុំរឿងថាម ពលឬមួយបញ្ហាសន្តិសុខផ្នែកព័ត៌មាន វិទ្យា។ ទាំងនេះមិនភ្លេចនិយាយទេពីការ ជួយផ្តល់សន្ទុះកំណើនសេដ្ឋកិច្ចក្នុង លោកឡើងវិញ។

ដូច្នេះឃើញថា ទោះបីជាទំនាក់ទំនង រវាងចិននឹងអាមេរិកនៅបន្តរកំារកូស និង បន្តនិយាយមិនចុះសម្រុងគ្នាលើសំណុំ រឿងខ្លះក៏ដោយ ក៏ប្រទេសមហាអំណាចសេដ្ឋកិច្ចក្នុងលោកទំាងពីរនៅតែត្រូវការគ្នាទៅវិញទៅមកមិនអាចខ្វះបានទេ៕

fadf

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print