សហព័ន្ធបាល់ទាត់របស់ប្រទេសអីុតាលី (FIGC) បានប្រកាសតែងតាំងលោក Giampiero Ventura ជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិនៅក្រោយយូរ៉ូឆ្នាំ២០១៦ចប់។
លោក Giampiero Ventura នឹងទៅ ជំនួសតំណែងគ្រូបង្វឹក Antonio Conte ដែលបានលាឈប់ទៅដឹកនាំក្រុមតោខៀវ Chelsea របស់អង់គ្លេស។ គ្រូបង្វឹកវ័យ ៦៨ឆ្នាំ Giampiero Ventura បានលាឈប់ពី តំណែងក្នុងក្លិប Torino ក្រោយចប់រដូវ កាលឆ្នាំ២០១៥-១៦ ហើយតួនាទីរបស់គាត់បន្ទាប់គឺដឹកនាំក្រុមអ៊ីតាលីឲ្យមានកៅអីទៅកាន់ World Cup ឆ្នាំ២០១៨នៅ ប្រទេសរុស្ស៊ី ។
លោក Giampiero Ventura ធ្លាប់មាន បទពិសោធន៍ដឹកនាំក្រុមរបស់ប្រទេសអីុតាលីជាច្រើនដូចជា Bari, Pisa, Verona, Messina, Napoli, Cagliari, Udinese និង Sampdoria ហើយថែមទាំងដឹកនាំក្រុម Torino ចាប់តាំងពីខែមិថុនាឆ្នាំ២០១១មកម្ល៉េះ។
អីុតាលីនឹងស្ថិតនៅក្នុងពូលD ដែល មានក្រុមអេស្ប៉ាញ អាល់បានី អីុស្រាអែល ម៉ាសេដូនី និង Liechtenstein ពេលប្រកួត ជម្រុះ World Cup៕
ដោយ៖ ដេវីត