ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបកនាយរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅព្រឹកថ្ងៃព្រហស្បតិ៍ទី០២ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា៖ នៅថ្ងៃនេះ ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិ នូវលទ្ធផលរបស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ គិតត្រឹមឆ្នាំ២០២២។
ចាប់ពីឆ្នាំ២០២០ រហូតដល់ដំណាច់ឆ្នាំ២០២២កន្លងទៅនេះ ក្រុមការងារតាមដានអំពីការដោះស្រាយ ចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំបានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន ១.៧៦៨ គណនី។
ក្នុងចំណោមនោះ ក្រុមការងារបានឆ្លើយតបទៅម្ចាស់គណនី និងដោះស្រាយបានចំនួន ៨០២ គណនី និង៦៤៧គណនីទៀតកំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ។ ទន្ទឹមគ្នានេះក៏មានសំណូមពរ សំណួរ និងបញ្ហាខ្លះទៀត ត្រូវបានរកឃើញថាខុសពីសមត្ថកិច្ចក្រសួងមហាផ្ទៃ និងបានជូនយោបល់បង្វែរទៅស្ថាប័នមានសមត្ថកិច្ច។
ជនរួមជាតិជាទីគោរព! វឌ្ឍនភាពការងារនេះ អាចសម្រេចបាន ដោយសារកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារគេហទំព័រហ្វេសប៊ុករបស់ខ្ញុំ។
សម្ដេចក្រឡាហោម បានថ្លែងបន្តថា ខ្ញុំសូមថ្លែងអំណរគុណបងប្អូនជនរួមជាតិដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់រូបខ្ញុំ តាមរយៈទំព័រហ្វេសប៊ុក ដើម្បីយើងរួមគ្នាដោះស្រាយបញ្ហានានាក្រៅប្រព័ន្ធតុលាការ ជួយសម្រួលជីវភាពរស់នៅរបស់បងប្អូន និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើង។
សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា ខ្ញុំក៏សូមយកឱកាសនេះ ស្នើសុំការយោគយល់អធ្យាស្រ័យពីបងប្អូនជនរួមជាតិ ចំពោះករណីមួយចំនួនទៀតដែលក្រុមការងារ និងភាគីពាក់ព័ន្ធនៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងអនុវត្តទៅតាមនីតិវិធី។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន នាយកដ្ឋានចំណុះ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវធានាថារាល់បញ្ហាប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចឬមូលដ្ឋានរបស់ខ្លួន មិនត្រូវគិតថាតូចឬធំនោះទេ ត្រូវយកចិត្តទុកដាក់ប្រមូល ទទួល និងរួមគ្នាដោះស្រាយឱ្យអស់ពីលទ្ធភាព។ រាល់បញ្ហាដែលក្ដាប់បាន ឬទទួលបានពីប្រជាពលរដ្ឋ និងទទួលបានពីថ្នាក់លើដែលនៅសេសសល់ គប្បីខិតខំពន្លឿនការដោះស្រាយ ហើយត្រូវប្រាកដថាការដោះស្រាយនោះមានភាពគ្រប់ជ្រុងជ្រោយ ចំបញ្ហា និងចប់ចុងចប់ដើមប្រកបដោយយុត្តិធម៌ ដោយមិនគ្រាន់តែធ្វើជាលិខិតស្នាមបញ្ជា និងបញ្ជូនតាមបែបបទរដ្ឋបាលនោះឡើយ៕ដោយ៖ស តារា