លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួមជំនួបលើកដំបូងរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣-៤ ខែ កុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា

ចែករំលែក៖

ភ្នំពេញ : បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអោយដឹងថា,  “ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួមជំនួបលើកដំបូងរបស់ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងឆ្នាំ២០២៣»។

 តបតាមការអញ្ជើញរបស់លោកស្រី រ៉េតណូ អិលភីម៉ារស៊ូឌី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) លើកទី៣២ និងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣-៤ ខែ កុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា។

កិច្ចប្រជុំ ACC លើកទី៣២ នឹងផ្តោតលើការបន្តតាមដាន «សេចក្តីថ្លែងការណ៍របស់ ថ្នាក់ដឹកនាំអាស៊ាន ស្តីពីសំណើសុំចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រខាងកើត” និង“សេចក្តី ប្រកាសស្តីពីសេដ្ឋកិច្ចបៃតង»។ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏នឹងពិភាក្សាអំពីអាទិភាពនានានៅក្នុង ឆ្នាំ២០២៣ ផងដែរ។

ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន រដ្ឋមន្ត្រីនឹងពិភាក្សាអំពីការបន្តតាមដាន ការងាររបស់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ រួមទាំង «ការពិនិត្យឡើងវិញនិងការសម្រេច របស់ថ្នាក់ដឹកនាំ ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច» និង «អនុសាសន៍ស្តីពីការ ពង្រឹងសមត្ថភាព និងប្រសិទ្ធភាពស្ថាប័នរបស់អាស៊ាន ដោយក្រុមការងារកម្រិតខ្ពស់លើចក្ខុវិស័យ ក្រោយឆ្នាំ២០២៥របស់សហគមន៍អាស៊ាន” ព្រមទាំងផ្លាស់ប្តូរទស្សនៈអំពីទំនាក់ទំនងខាងក្រៅរបស់ អាស៊ាន ក៏ដូចជាបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួមផងដែរ។

ឥណ្ឌូនេស៊ី នឹងដឹកនាំដំណើរការអាស៊ាននៅឆ្នាំនេះ ក្រោមមូលបទ “អាស៊ានសំខាន់៖ ចំណុចកណ្ដាលនៃកំណើន» ដើម្បីធានាថាអាស៊ានក្លាយជាចំណុចនៃកិច្ចសហប្រតិបត្តិការ ដែលរួម ចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរបស់តំបន់ និងពិភពលោក។

នៅក្នុងឱកាសនៃជំនួបខាងលើ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រំពឹងថានឹងមាន កិច្ចសន្ទនាដាច់ដោយឡែកជាមួយសមភាគីរបស់ឯកឧត្តមពីប្រទេសអាស៊ានមួយចំនួនផងដែរ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print