«កម្ពុជា នឹងបន្តអនុវត្តនយោបាយការបរទេសឯករាជ្យនិងផ្អែកលើច្បាប់ ដែលការពារផលប្រយោជន៍ស្នូល ធានាអធិបតេយ្យភាពនិងសន្តិភាព និង ជំរុញទំនាក់ទំនងសេដ្ឋកិច្ច»

ចែករំលែក៖

ភ្នំពេញ : លោក ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា  «កម្ពុជា នឹងបន្តអនុវត្តនយោបាយការបរទេសឯករាជ្យនិងផ្អែកលើច្បាប់ ដែលការពារផលប្រយោជន៍ស្នូល ធានាអធិបតេយ្យភាពនិងសន្តិភាព និង ជំរុញទំនាក់ទំនងសេដ្ឋកិច្ច»។

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើបទ បង្ហាញជូនគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន របស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ «គោលនយោបាយការបរទេសកម្ពុជា ក្នុងបរិបទថ្មីនៃសណ្តាប់ធ្នាប់ពិភពលោក» ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា ម្សិលមុិញ។

«ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ពិភពលោកបន្ដវិវត្តន៍ទៅរកប្រព័ន្ធអន្តរជាតិមួយដែលមាន លក្ខណៈសកល ពហុប៉ូល និងស្មុគ្រស្មាញ។ ការវិវត្តនេះបាននាំមកនូវការផ្លាស់ប្តូរនៃទំនាក់ទំនង អន្តរជាតិយ៉ាងជ្រាលជ្រៅ ឆាប់រហ័ស ពិបាកប៉ាន់ស្មាន និងប្រកបដោយគ្រោះថ្នាក់» នេះគឺជាសេចក្តី ផ្ដើមនៃបទបង្ហាញរបស់ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ។

ចំពោះបរិបទអន្តរជាតិនិងតំបន់ លោកឧបនាយករដ្ឋមន្ត្រី បានរៀបរាប់ដោយសង្ខេបនូវ ការវិវត្តមួយចំនួន ដូចជា ការប្រកួតប្រជែងរវាងមហាអំណាចធំៗ ការបង្កើតសម្ព័ន្ធភាពនិងគំនិតផ្តួចផ្តើម យ៉ាងច្រើនអនេកលើបញ្ហាសន្តិសុខ សេដ្ឋកិច្ច និងការអភិវឌ្ឍ នៅពាសពេញតំបន់ ផលប៉ះពាល់ន ជំងឺរាតត្បាតកូវីដ-១៩ សង្គ្រាមនៅអ៊ុយក្រែន វិបត្តិនៅមីយ៉ាន់ម៉ា និងភាពតានតឹងនៅឧបទ្វីបកូរ៉េ ជាដើម។ល។

ចំពោះទិដ្ឋភាពក្នុងប្រទេសវិញ បទបង្ហាញក៏បានរំលេចផងដែរនូវការគ្រប់គ្រងប្រកបដោយ ជោគជ័យនូវជំងឺរាតត្បាតកូវីដ-១៩ របស់កម្ពុជា ការសម្រេចបាននូវស្នាដៃដ៏ធំធេងក្នុងការធ្វើជា ប្រធានអាស៊ាននៅឆ្នាំ២០២២ កិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មនិងស្មោះត្រង់ក្នុងតួនាទីជាប្រធាន អាស៊ាន និងជាប្រេសិតពិសេស ដើម្បីដោះស្រាយវិបត្តិដ៏ស្មុគស្មាញនិងចាក់ឬសយ៉ាងជ្រៅក្នុង ប្រទេសមីយ៉ាន់ម៉ា ព្រមទាំងការទទួលស្គាល់ជាអន្តរជាតិចំពោះនយោបាយការបរទេសឯករាជ្យ និង ផ្អែកលើច្បាប់ របស់កម្ពុជា។

ជាទីបញ្ចប់ ក្នុងបរិបទនៃការប្រកួតប្រជែងដ៏ខ្លាំងក្លា និងភាពមិនប្រាកដប្រជានៅក្នុងទំនាក់ ទំនងអន្តរជាតិ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់អំពីនយោបាយការ បរទេសដែលព្រះរាជាណាចក្រកម្ពុជា នឹងបន្តប្រកាន់ខ្ជាប់។ ក្នុងចំណោមនយោបាយការបរទេស ទាំងនោះ រួមមាន ការការពារផលប្រយោជន៍ស្នូលរបស់កម្ពុជា ដោយអនុលោមតាមរដ្ឋធម្មនុញ្ញ នយោបាយការទូតបុរសកម្ម ដែលធានាអធិបតេយ្យភាព បូរណភាពទឹកដី ឯករាជ្យ សន្តិភាព និងការ អភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការអនុវត្តនយោបាយការបរទេសឯករាជ្យនិងផ្អែកលើច្បាប់ ស្របតាម គោលបំណង និងគោលការណ៍នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងអាស៊ាន ព្រមទាំងការ ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយដៃគូដែលមានស្រាប់ និងដៃគូថ្មីៗ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print