ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្ម ថោន លោក ប៉ុន សុណារិន្ទ ហៅ ខេម បានចូលខ្លួនទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យមានមនុស្សស្លាប់។ ការចូលខ្លួនទៅបំភ្លឺយ៉ាងស្ងប់ស្ងាត់កាលពីថ្ងៃទី៧ ខែមិថុនា នេះ បន្ទាប់ពីក្រុមគ្រួសារជនរងគ្រោះព្រមទទួលយកសំណងចំនួន៤ពាន់ដុល្លារ ហើយក៏មិនបន្តប្ដឹងប្ដល់អ្វីបន្តទៀតដែរ ។
ប្រភពពីមន្ត្រីតុលាការសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា តារាចម្រៀងប្រចាំផលិតកម្មថោនលោក ខេម បានចូលខ្លួនមកឆ្លើយបំភ្លឺតាមដីការកោះហៅរបស់លោក សៀង សុខ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដែលពាក់ព័ន្ធទៅនឹងសំណុំរឿង គ្រោះថ្នាក់ចរាចរណ៍ក្នុងខណ្ឌឬស្សីកែវកាលពីពេលកន្លងទៅ។ ទោះជាយ៉ាងណាគេនៅមិនទាន់ដឹងអំពីការសម្រេច ឬការវិវត្តន៍ដំណើរកាត់ក្តីរបស់តុលាការយ៉ាងណានៅឡើយទេ។ ប៉ុន្តែកន្លងមកលោក ហ៊ីន ណារិទ្ធ មេធាវីការពារក្ដីឲ្យតារាចម្រៀង ខេម ក៏បានថ្លែងថា តាមការពិតសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍នោះត្រូវបានបញ្ចប់រួចរាល់អស់ហើយ ដោយកូនក្ដីរបស់លោក ព្រមទទួលយកសំណងចំនួន៤ពាន់ដុល្លារពីគ្រួសារ លោក ខេម ហើយក៏យល់ព្រមមិនបន្តប្ដឹងប្ដល់អ្វីទៀតដែរ ដោយគ្រួសារជនរងគ្រោះគិតថា តារាចម្រៀង ខេម ក៏មិនមែនជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ហើយក៏មិនចង់ឲ្យខូចកេរ្តិ៍ឈ្មោះគ្នានោះឡើយ។ ម្យ៉ាងទៀតបើប្ដឹងប្ដល់ទៅត្រូវការចំណាយពេលវេលា ប្រាក់កាស បន្ថែមទៀត នាំឲ្យខាតបង់ទាំងអស់គ្នាទើបគ្រួសារជនរងគ្រោះព្រមបញ្ចប់ក្នុងនាមមនោសញ្ចេតនាបែបនេះតែម្ដង។
ទោះមានការសម្រុះសម្រួលបង់ប្រាក់នោះគឺគ្រាន់តែដើម្បីបញ្ចប់លើបណ្ដឹងរដ្ឋប្បវេណីប៉ុណ្ណោះ ប៉ុន្តែមិនអាចបញ្ចប់រឿងរ៉ាវទាំងស្រុងនៅក្រៅប្រព័ន្ធតុលាការបានទេ។ ទោះជាយ៉ាងណាគេនៅមិនទាន់ដឹងថា តារាចម្រៀង ខេម នឹងត្រូវជាប់ពន្ធធនាគារ ឬពិន័យបែបណានោះទេ ដរាបណាភាគីទាំងពីរមិនទាន់មិនទាន់មានការសម្រេចពីមន្ត្រីតុលាការនោះ ។
គួរបញ្ជាក់ដែរថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខឃ្លាំងស្ថាននីយ៍ប្រេងសូគីម៉ិច តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។ រថយន្តសេរីទំនើបមួយគ្រឿងម៉ាកRang Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X-9987 ដែលបើកដោយតារាចម្រៀង ខេម បានបើកតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូង និងមានរថយន្តសេរីទំនើបមួយគ្រឿងទៀត ម៉ាក CeLiCa ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-5575 បើកក្នុងល្បឿនលឿនដូចគ្នាទិសដៅបញ្ច្រាស់គ្នា ពេលមកដល់ចំណុចកើតហេតុបានបុកគ្នាចំពីមុខពេញទំហឹង បណ្តាលឱ្យបុរសម្នាក់ដែលជាម្ចាស់ CeLiCa ស្លាប់គៀបជាប់ក្នុងរថយន្តយ៉ាងអាណោចអាធ័ម ។ បុរសជាជនរងគ្រោះមានឈ្មោះ លី ការីម អាយុ៣១ឆ្នាំ ជាបុគ្គលិកធនាគារអម្រិត ដែលមានទំលំនៅនៅក្នុងភូមិគីឡូម៉ែត្រលេខ៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ ៕
ដោយ៖ វឌ្ឍនា