ខេត្តសៀមរាប៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានអញ្ជើញជួបសំណេះ សំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាប្រចាំគ្រឹះស្ថានឧត្តមសិក្សា គ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ និងគ្រឹះស្ថានគរុកោសល្យ ក្នុងខេត្តសៀមរាប នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣។ អមដំណើរគណៈអធិបតីនាឱកាសនោះរួមមាន ស សុខា អនុប្រធានស.ស.យ.ក. និងជាប្រធានក្រុមប្រឹក្សាយុវជននៃគ្រឹះស្ថានឧត្តមសិក្សានៃ ស.ស.យ.ក.លោកទៀ សីហា អនុប្រធានស.ស.យ.ក. អនុប្រធាន សមាជិកគណៈអចិន្ត្រៃយ៍នៃ ស.ស.យ.ក. លោកស៊ាន សុវណ្ណ តំណាងគ្រឹះស្ថានឧត្តមសិក្សាអប់រំបច្ចេកទេស និងវិជ្ជាជីវៈ ស្ថាប័ន និងគ្រឹះ ស្ថានបណ្តុះបណ្តាលគរុកោសល្យ និងតំណាងចលនាយុវជនស្ម័គ្រចិត្ត រួមទាំងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តសៀមរាបចំនួន ៦០០ នាក់។
មានប្រសាសន៍នាឱកាសនេះដែរលោក ហ៊ុន ម៉ានី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនទាំងអស់ក្នុងខេត្ត សៀមរាប ដែលបានខិតខំប្រឹងប្រែង ពុះពារ ក្នុងការបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងដោយឆន្ទៈដ៏មុតមាំ។
ជាមួយគ្នានេះដែរលោកប្រធានបានថ្លែងអំណរគុណចំពោះគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនដែលបានចូលរួមចំណែក និង បើក បង្កើត អោយសិស្សនិស្សិតចូលរួមជាមួយ ស.ស.យ.ក. ផងដែរ។ ដោយតាមរយៈកិច្ចសហការនេះលោកសង្ឃឹមយ៉ាងមុតមាំថា ក្រុមការ ងារនឹងបន្តអនុវត្តទិសដៅការងារ និងផែនការសកម្មភាពអោយកាន់តែប្រសើរបន្ថែមទៀតដើម្បីបង្កើត និងសម្រេចសមិទ្ធផលជាបន្តបន្ទាប់។
ទន្ទឹមនឹងនេះលោកសង្ឃឹមថាសមាជិកទាំងអស់នៃក្រុម ការងារនឹងក្លាយជាប្រតិបត្តិកររបស់ ស.ស.យ.ក. ក្នុងការបន្តផ្តល់ឱកាសដល់យុវជនផ្សេងទៀត ដែលជាធន ធានមនុស្ស បន្តវេន និងអ្នកគាំទ្រដ៏មានសក្តានុពល ពោរពេញដោយសីលធម៌ សមត្ថភាព សកម្ម ទំនួលខុសត្រូវ និងក្លាយជាសរសៃឈាមដ៏រស់រវើក និងរឹងមាំ ដើម្បីបន្តដំណើរនៃមាគ៌ារួមរបស់ប្រទេសជាតិ និងរាជរដ្ឋាភិបាលកម្ពុជា។
លោកប្រធានបន្តថា ចំណេះដឹងគឺជាមូលដ្ឋាន ប៉ុន្តែការចេះប្រើប្រាស់ចំណេះដឹងនោះក្នុងបរិបទនៃតម្រូវការដើម្បីសម្រេចគោលដៅគឺកាន់តែសំខាន់។ ដូច្នេះហើយ សូមប្អូនៗបន្តខិតខំប្រឹងប្រែង ដើម្បីសម្រេចបានជោគ ជ័យក្នុងជីវិតខ្លួនឯង ជោគជ័យទាំងអស់គ្នា គឺជាអនាគតរបស់កម្ពុជា ក្នុងន័យនេះ ការសម្រេចចិត្ត សកម្មភាព និងការចូលរួមរបស់អ្នកនៅពេលនេះ។
ឆ្លៀតក្នុងឱកាសនោះដែរលោក ស៊ាន សុវណ្ណ បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោក ហ៊ុន ម៉ានី និងបានថ្លែងអំណរគុណដល់លោកប្រធានដែលតែងតែយកចិត្តទុកខ្ពស់ចំពោះមហាគ្រួសារ ស.ស.យ.ក. ទាំងមូល។
ជាកិច្ចបន្ទាប់លោក ស៊ាន សុវណ្ណ បានធ្វើរបាយការណ៍សង្ខេបអំពីសកម្មភាព និងលទ្ធផលរបស់គ្រឹះស្ថានឧត្តមសិក្សាទាំង ៧ នៅសៀមរាបដែលសម្រេចបាន រួមទាំងបានធ្វើការប្តេជ្ញាចិត្តយ៉ាងក្លៀវក្លា ក្នុងការចូលរួមជំរុញយុវជន សិស្សនិស្សិតអោយចូលរួមសកម្មភាពស័្មគ្រចិត្ត មនុស្សធម៌ និងចូលរួមយ៉ាងសកម្មក្នុងការផ្តល់ឱកាសដល់យុវជន បណ្តុះមនសិការជាតិដល់យុវជន និងបន្តអនុវត្តផែនការសកម្មភាពជាបន្តបន្ទាប់ស្របតាម ចក្ខុវិស័យ និងបេសសកម្មរបស់ ស.ស.យ.ក.៕ ដោយ៖ សូរិយា