ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏ខ្លាំងដែលបានវាយប្រហារនៅភាគខាងត្បូងប្រទេសទួរគីជាប់ព្រំដែនស៊ីរីកំពុងកើនឡើងយ៉ាងឆាប់រហ័ស។ មកទល់ពេលនេះ មានមនុស្ស ៥២១ នាក់នៅក្នុងប្រទេសទួរគីនិងសុីរីបានស្លាប់។
យោងតាមសេចក្តីថ្លែងការណ៍របស់អនុប្រធានាធិបតីទួរគី Fuat Oktayបានឱ្យដឹងថាយ៉ាងហោចណាស់ក៏មានមនុស្ស ២៨៤នាក់បានស្លាប់ និងជាង២៣០០ នាក់បានរងរបួស។ លើសពីនេះ អគារជាង ១៧០០ នៅក្នុងទីក្រុងចំនួន១០ត្រូវបានខូចខាត។
នៅក្នុងប្រទេសសុីរី ទីភ្នាក់ងារសារព័ត៌មាន SANA បានដកស្រង់សម្តីមន្ត្រីក្រសួងសុខាភិបាលដែលបាននិយាយថា យ៉ាងហោចណាស់ក៏មានមនុស្ស២៣៧នាក់បានស្លាប់ និង៦៣៩នាក់រងរបួសដែរ។
សរុបមនុស្សស្លាប់ក្នុងប្រទេសទាំងពីរគិតត្រឹមម៉ោង២និង៣០នាទីរសៀលថ្ងៃទី៦ កុម្ភៈមាន៥២១នាក់។
ការរញ្ជួយដីនេះគឺមានកម្លាំងខ្លាំងបំផុតមួយដែលបានអង្រួនប្រទេសទួរគីក្នុងរយៈពេលជាង ១០០ឆ្នាំ ដោយអង្រួនតំបន់ដ៏ធំមួយបណ្តាលឱ្យអគារជាច្រើនដួលរលំ។
ក្រុមអ្នកជួយសង្គ្រោះកំពុងព្យាយាមស្វែងរកមនុស្សដែលបាត់ខ្លួននៅក្នុងគំនរបាក់បែកក្នុងអាកាសធាតុរដូវរងាត្រជាក់ និងភ្លៀងធ្លាក់ខ្លាំង៕ ដោយធីរីណា
រូបថត : CNN