រយៈពេល៣ថ្ងៃជាប់ៗគ្នាសិស្សវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ បានដួលសន្លប់ជាបន្តបន្ទាប់នៅតែពុំទាន់មានមូលហេតុ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ រហូតមកដល់ពេលនេះករណីសិស្ស នៅវិទ្យាល័យហ៊ុន សែនប្រម៉ោយស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង បានដួលសន្លប់ក្នុងម៉ោង​សិក្សា​ជា​​បន្ត បន្ទាប់ ក្នុងរយៈពេល០៣ថ្ងៃកន្លងមកនោះ នៅពុំដឹងពីមូលហេតុ​នៅឡើយទេ។

ចង់ករណីនេះបានកើតឡើងតាំងពីថ្ងៃទី៣ខែកុម្ភះរហូតដល់ថ្ងៃទី៥ ខែកុម្ភៈ ដែលចំនួន៣លើក សរុបចំនួន៨២នាក់ដោយ៖

-លើកទី១នៅថ្ងៃទី៣ ខែកុម្ភៈ មានសិស្សស្រីដួលសន្លប់ចំនួន១៣នាក់ ។

-លើកទី២នៅថ្ងៃទី៤ ខែកុម្ភៈ មានសិស្សស្រីដួលសន្លប់ចំនួន១៨នាក់ ។

-លើកទី៣នៅថ្ងៃទី៥ ខែកុម្ភៈ មានសិស្សដួលសន្លប់ចំនួន៥១នាក់ ក្នុងនោះសិស្សប្រុស០១ម្នាក់ ។

នេះបើយោងតាមរបាយការណ៍ជាតួលេខដែលទទួលបានពីរដ្ឋបាលស្រុកវាលវែង ។

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកវាលវែងលោក ទី ថានី រួមនិងអាជ្ញាធរស្រុក និង​មន្ទីរពាក់ព័ន្ធបានចុះស្រាវជ្រាវរកមូលហេតុ ​និងអន្តរាគមន៍ជួយសង្គ្រោះភ្លាមៗ ដល់​ទីតាំងកើតហេតុ​ ហើយបញ្ជូនសិស្សរងគ្រោះមកព្យាលបាលនៅមណ្ឌលសុខភាពប្រម៉ោយ ហើយបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តសម្រាប់អ្នកមានសភាព​ធ្ងន់ធ្ងរ។

លោកវីរៈសេនីយ៍ឯក ធាង ឡេង អធិការនគរបាលស្រុកវាលវែងបានឲ្យដឹងនៅថ្ងៃទី ៦ ខែ កុម្ភៈ ២០២៣នេះថា បើតាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យគឺនៅតែថា ប្អូនៗសិស្សសាលាវិទ្យាល័យហ៊ុនសែនប្រមោយដែលបានដួលសន្លប់ខាងលើអាចបណ្តាលមកពីការខ្វះអាហាររូប ត្ថម្ភដោយសារការហូបមិនបានគ្រប់គ្រាន់ទើបបណ្តាលអោយកើតមានករណីខាងលើនេះ ។

តាមអបិយជំនឿបានបន់ស្រន់តាមបែបប្រពៃណីសាសនានៅក្នុងបរិវេណសាលាខាងលើដែលធ្វើឲ្យមានការភ័យខ្លាចស្លន់ ស្លោដួលជាបន្តបន្ទាប់។ តែទោះជាយ៉ាង ណានៅថ្ងៃសុក្រខាងមុខនេះ ទាំងក្រុម ការងារចុះស្រុកវាលវែងរួមនឹងនាយកសាលាលោកគ្រូអ្នកគ្រូអាណាព្យាបាលសិស្សទាំងអស់នឹងធ្វើពិធីសែន ព្រៀនតាមបែបព្រហ្មញ្ញសាសនាដោយមានលេងភ្លេងពិណពាព្យជាថ្មីម្តងទៀតដើម្បីសុំសេចក្តីសុខកុំអោយកើត មានបែបនេះទៀត ដល់ប្អូនៗដែលជាសិស្សសាលាវិទ្យាល័យប្រមោយ។

ចំពោះសិស្សរងគ្រោះគឺមានអាយុ ចាប់ពី ១៣ឆ្នាំ ដល់ ១៩ឆ្នាំ ​ហើយរោគសញ្ញាដែលសង្កេត​ឃើញពេ​លបញ្ជូនមកមណ្ឌលសុខភាពនិងមន្ទីរពេទ្យខេត្ត រួមមាន៖ -ឈឺ ក្បាលវិលមុខ -ត្រជាក់ចុងដៃចុងជើង -ថប់ៗដង្ហើម -សន្លប់ -ហ៊ឹងត្រចៀក -សម្ពាធឈមប្រហាក់ប្រហែលធម្មតានិងមិនមានរោគសញ្ញាទាក់ទងនិងជំងឺប្រចាំកាយគួរឱ្យកត់សម្គាល់នោះទេ ។ ចំពោះ​សិស្សដែល​មាន សភាពល្អប្រសើរវិញក្រោយសម្រាក់ព្យាលបាលត្រូវបានអនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញជាបន្តបន្ទាប់ ។

ក្នុងនោះដែរវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ត្រូវបានដាក់អោយឈប់សម្រាក រយៈពេល៣ថ្ងៃ ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ កុម្ភៈ រង់ចាំស្ថានការណ៍ប្រក្រតីឡើងវិញ ។

...

រហូតមកដល់ព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សិស្សភាគច្រើនត្រូវបានជួយសង្គ្រោះដោយពុំ​មាន​ប៉ះពាល់ដល់អាយុជីវិតនោះទេ ហើយនៅមានសិស្សរងគ្រោះចំនួន០៨នាក់​កំពុង​សម្រាក​ព្យាលបាលនៅឡើយ។ ក្នុងនោះសិស្សចំនួន០៣នាក់មានសភាពធ្ងន់ធ្ងរ​កំពុង​សម្រាកព្យាលបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់​ ក្រុងពោធិ៍សាត់ និងសិស្ស០៥នាក់ទៀត កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពប្រម៉ោយ ក្នុងស្រុកវាលវែង ចាប់ផ្តើមធូរស្រាល​ជាបណ្តើរៗហើយ ៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print