បឹងទន្លេសាប គឺ ជាបេះដូងនៃប្រទេសកម្ពុជា ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ទាំងលើផ្នែកសង្គម សេដ្ឋកិច្ច វប្បធម៌ និង បរិស្ថាន គឺជាបឹងទឹកសាបធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍

ចែករំលែក៖

ខេត្តសៀមរាប : បឹងទន្លេសាប គឺជាបឹងទឹកសាបធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានបណ្តោយប្រមាណ ១១៦គ.ម ទទឹងប្រមាណពី ៣០គម ទៅ ៣៣គ.ម និងមានឆ្នេរប្រវែងប្រមាណ ៤៨២គ.ម នៅរដូវប្រាំង។ នេះបើយោងតាមប្រភព:ពីអង្គភាព មន្ទីរទេសចរណ៍ខេត្តសៀមរាប។
អង្គភាព មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបន្តថា, បឹងទន្លេសាប គឺ ជាបេះដូងនៃប្រទេសកម្ពុជា ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ទាំងលើផ្នែកសង្គម សេដ្ឋកិច្ច វប្បធម៌ និង បរិស្ថាន។ បឹងទន្លេសាបបានស្រូបយកទឹកជំនន់ពីទន្លេមេគង្គប្រមាណជា ២០% ប្រចាំឆ្នាំ។
វិសាលភាពរបស់បឹងទន្លេសាបមានការប្រែប្រួលទៅតាមរដូវកាល។ នៅរដូវប្រាំង ពេលបឹងទន្លេសាប មានផ្ទៃក្រឡាប្រមាណ ២៥០,០០០ហិកតា ជម្រៅពី ១-២ម៉ែត្រ ហើយនៅរដូវវស្សា បឹងមានផ្ទៃក្រឡាប្រមាណ ១,៥០០,០០០ហិកតា ជម្រៅពី ៨-១១ម៉ែត្រ។ ផ្ទៃទឹកបឹងទន្លេសាបនៅរដូវវស្សា បានមកពីទន្លេមេគង្គ ៦២% និង ៣៨% ទៀតបានមកពីបណ្ដាស្ទឹងធំៗដែលនៅជុំវិញចំនួន ១១ ។ បរិមាណទឹកបឹងទន្លេសាបប្រែប្រួល ប្រមាណពី ៤,៥០០លានម៉ែត្រគូប នៅរដូវប្រាំង ទៅ ១៣៥,០០០លានម៉ែត្រគូប នៅរដូវវស្សា។ ផ្ទៃក្រឡាបឹងទន្លេសាបនៅរដូវវស្សាមានទំហំធំជាងរដូវប្រាំងប្រមាណពី ៥-៦ ដង។
លក្ខណៈពិសេសទោលរបស់បឹងទន្លេសាប គឺការស្រូបយកទឹកពីទន្លេមេគង្គនារដូវវស្សា និងការបញ្ជេញទឹកទៅឱ្យទន្លេមេគង្គវិញនារដូវប្រាំង ដែលបានក្លាយទៅជាបាតុភូតជលសាស្ត្រធម្មជាតិមួយដែលគេកម្រនឹងជួបប្រទះ។ បាតុភូតនេះបានបង្កើតឡើងនូវតំបន់ដីសើម និងព្រៃលិចទឹកដីធំល្វឹងល្វើយ ដែលផ្តល់ជាជម្រកដល់ជីវចម្រុះយ៉ាងសម្បូរបែបដូចជា មច្ឆជាតិ បក្សី ល្មូន ថនិកសត្វ និងរុក្ខជាតិជាច្រើនប្រភេទ។ ជីវសាស្ត្រចម្រុះក្នុងតំបន់បឹងទន្លេសាបរួមមាន មច្ឆជាតិ ១៧៥ប្រភេទ ក្នុងនោះ ល្មូន ៤២ប្រភេទ បក្សី ២២៥ប្រភេទ ថនិកសត្វ ៤៦ប្រភេទ និងរុក្ខជាតិជាង ២០០ប្រភេទ។ ទោះបីជាបឹងទន្លេសាបជាប់ជាតំបន់សម្បូរផលនេសាទទឹកសាបចំណាត់ថ្នាក់ទី៤លើពិភពលោក និងផលនេសាទច្រើនបំផុតរបស់ប្រទេសកម្ពុជាក៏ដោយ ក៏ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមតំបន់ទំនាប និងតំបន់លិចទឹកនៃបឹងទន្លេសាប មានជីវភាពរស់នៅពឹងផ្អែកជាចម្បងលើការនេសាទ និងកសិកម្មបន្ទាប់បន្សំ។
អង្គភាពមន្ទីរទេសចរណ៍ខេត្តសៀមរាប បានបញ្ជាក់ថា, បឹងទន្លេសាប ជាតំបន់ដែលផលិតធនធានជលផលលំដាប់កំពូលមួយក្នុងចំណោមតំបន់ផលិតផលផលកំពូលទាំងបួននៅលើពិភពលោក និងរួមចំណែកដល់ការផលិតត្រីទឹកសាបភាគច្រើនរបស់កម្ពុជា។ បច្ចុប្បន្នបឹងទន្លេសាបនិងអាងរបស់វាកំពុងទទួលរងសម្ពាធកាន់តែខ្លាំងពីការប្រែប្រួលអាកាសធាតុ ការប្រមូលផលនេសាទខុសបច្ចេកទេស និងបញ្ហាប្រឈមមួយចំនួនទៀត ដែលបង្កជាការលំបាកមួយចំនួនសម្រាប់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅជុំវិញតំបន់បឹងទន្លេសាប ៕

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print