នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន៖ «ពិតមែនថា យើងបានខិតខំយ៉ាងនេះមែន តែបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើតមាននៅឡើយ ហើយគ្រោះថ្នាក់នេះបង្កឱ្យមានវិបត្តិសង្គមជាច្រើន និងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ»

ចែករំលែក៖

ភ្នំពេញ៖ លោក​នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន​ អគ្គស្នងការរងនគរបាលជាតិ បានសង្កត់ធ្ងន់ថា៖ «ពិតមែនថា យើងបានខិតខំយ៉ាងនេះមែន តែបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើតមាននៅឡើយ ហើយគ្រោះថ្នាក់នេះបង្កឲ្យមានវិបត្តិសង្គមជាច្រើន និងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ»។

ជាក់ស្ដែង​អនុវត្តតាមការណែនាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញនេះ នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ បានបើកវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសធ្វើតេស្តស្វែងសារធាតុញៀនលើអ្នកបើកបររថយន្តរយៈពេល ៣ថ្ងៃ ដល់មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកចំនួន ៦៦រូប មកពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ និងស្នងការដ្ឋាននគរបាលរាជធានី ខេត្តទាំង ២៥ ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

រយៈពេល៣ថ្ងៃ នៃវគ្គបណ្តុះបណ្តាល សិក្ខាកាមទទួលបានការបណ្តុះបណ្តាលលើមេរៀនសំខាន់ៗពីគ្រូជំនាញនៃអង្គភាពមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងអ្នកជំនាញអូស្រ្តាលី រួមមាន ៖
១-ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន
២-ឥទ្ធិពលនៃគ្រឿងញៀនចំពោះផ្លូវកាយ និងផ្លូវចិត្ត
៣-ប្រភេទ និងភិនភាគនៃគ្រឿងញៀន
៣-បច្ចេកទេសធ្វើតេស្តស្វែងរកសាធារធាតុញៀនតាមរយៈទឹកមាត់
៤-បច្ចេកទេសធ្វើតេស្តស្វែងរកសារធាតុញៀនតាមរយៈទឹកនោម
៥-ការចុះអនុវត្តជាក់ស្តែងធ្វើតេស្តស្វែងសាធារធាតុញៀនលើអ្នកបើកបរ។

ក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំក្រសួង ពិសេសសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូន លោកបានផ្ដល់នូវអំណោយជាសម្ភារៈ ឧបករណ៍ត្រួតពិនិត្យសាធារតុញៀន(អិលអ៊ីហ្វាយ) ដែលជាសម្ភារៈថ្មីដំបូងសម្រាប់យើងប្រើប្រាស់ក្នុងការត្រួតពិនិត្យសារធាតុញៀន ដែលបច្ចុប្បន្ននេះជាករណីដែលយើងកំពុងជួបប្រទះ ហើយបង្កនូវគ្រោះថ្នាក់ចរាចរណ៍ជាមួយនិងមូលហេតុផ្សេងៗទៀត។

លោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់នាយកដ្ឋាននគរបាលចរាចណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ក៏ដូចជាកងកម្លាំងនគរបាលចរាចទូទាំងប្រទេស ដែលបានបំពេញកិច្ចការងារសុវត្ថិភាពចរាចណ៍ ទទួលបានលទ្ធផលល្អប្រសើរ ពិសេសបានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់ ដែលនគរបាលចរាចរផ្លូវគោកបានធ្វើពលិកម្មមិនខ្លាចនឿយហត់ក្នុងការបំពេញភារកិច្ច ហើយកិច្ចការនេះក៏បានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយសង្គ្រោះជីវិតប្រជាពលរដ្ឋពីការគ្រោះថ្នាក់ចរាចរណ៍ ក្នុងការរៀបចំសណ្ដាប់ធ្នាប់ប្រទេសជាតិ ឲ្យបានល្អប្រសើរក្នុងការលើកកម្ពស់កិត្យានុភាពមុខមាត់ប្រទេសជាតិ ឲ្យមានភាពរុងរឿង ចាកផុតពីគ្រោះថ្នាក់សង្គមទាំងឡាយ។

លោកនាយឧត្តមសេនីយ៍ មានប្រសាសន៍បន្តថា ដើម្បីឲ្យអ្នកបើកបរឬអ្នកប្រើប្រាស់ផ្លូវមានសុវត្ថិភាព ទាំងយានយន្ត និងមនុស្ស នគរបាលចរាចរណ៍ផ្លូវគោក ត្រូវមានវិធានការ៥ ៖
ទី១/ផ្សព្វផ្សាយអប់រំ
ទី២/ការរឹតបន្ដឹងច្បាប់ចរាចរណ៍
ទី៣/ផ្លូវថ្នល់ (វិស្វកម្ម)
ទី៤/សង្គ្រោះ និងទី៥/ការលើកទឹកចិត្ត។

ជាមួយគ្នានេះ លោកនាយឧត្តមសេនីយ៍ ក៏បានលើកឡើងនូវគោលដៅ ៣សំខាន់ៗ (គ៣) ៖
ទី១/សុវត្ថិភាពមនុស្ស (ធ្វើម៉េចឲ្យមានសុវត្ថិភាពដល់អ្នកប្រើប្រាស់ផ្លូវ)
ទី២/សុវត្ថិភាពផ្លូវ (ធ្វើម៉េចឲ្យផ្លូវមានសុវត្ថិភាព)
និងទី៣/សុវត្ថិភាពយានយន្ត (ធ្វើម៉េចឲ្យយានយន្តកុំមានបញ្ហា)។

...

សូមបញ្ជាក់ថា ៖ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល អគ្គស្នងការដ្ឋាននគរបាលជាតិ បើកផ្តល់ឧបករណ៍ត្រួតពិនិត្យសាធារតុញៀន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដល់អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ដើម្បីគាំទ្រដល់ប្រតិបត្តិការត្រួតពិនិត្យសារធាតុញៀនលើអ្នកបើកបររថយន្ត ឆ្ពោះទៅទប់ស្កាត់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បង្កដោយការបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀន ៕ដោយ​៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print