ស្លាប់ដោយការរញ្ជួយដីនៅ ទួរគី និងស៊ីរី កើនឡើងជាង ១៥ពាន់នាក់

ចែករំលែក៖

សារព័ត៌មាន CNN បានដកស្រង់ការប្រកាសរបស់មន្ត្រីប្រទេសទួរគី និងស៊ីរី ដែលបានបញ្ជាក់ថា ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីបានកើនឡើងរហូតដល់១៥.៣៨៣នាក់។ ក្នុងចំណោមអ្នកស្លាប់ក្នុងប្រទេសទួរគីមាន ១២.៣៩១នាក់។ សកម្មភាពជួយសង្គ្រោះកំពុងតែខិតខំដើម្បីស្វែងរកអ្នកនៅរស់កប់ក្រោមគំនរអគារបាក់បែក ។

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានផ្សាយថា អាជ្ញាធរស៊ីរីបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ក៏ ២,៩៩២នាក់ដែរបានស្លាប់ រីឯអាជ្ញាធរទួរគីប្រកាសថា មនុស្សស្លាប់បានកើនដល់១២,៣៩១នាក់ ដែលនេះធ្វើឱ្យចំនួនអ្នកស្លាប់ទាំងនៅទួរគី និងស៊ីរី កើនដល់ ១៥,៣៨៣នាក់។ ក្រៅពីមនុស្សស្លាប់យ៉ាងរង្គាលបែបនេះ អគាររាប់ពាន់ខ្នងបានដួលរំលំខ្ទេចខ្ទី នៅក្នុងប្រទេសទាំងពីរ ហើយមនុស្សជាច្រើនត្រូវគេជឿថានៅកប់ក្រោមគំនរបែកបាក់។ ចំណែកឯ ចំនួនអ្នករងរបួសវិញនៅទួរគីមានចំនួន ៥២,៩៧៩នាក់ ហើយមនុស្សជាង ៨,០០០នាក់ត្រូវបានជួយសង្រ្គោះ និងទាញចេញដោយនៅមានជីវិតពីគំនរអគារបាក់បែក។ ចំណែកនៅស៊ីរីវិញ អ្នករងរបួសមានច្រើនជាង ២២,០០០នាក់។
អង្គការ WHO បានព្រមានថាចំនួនអ្នកស្លាប់អាចនឹងកើនឡើងដល់ ២០,០០០នាក់ឯណោះ ហើយមនុស្សប្រហែលជាង ២៣លាននាក់ នៅក្នុងប្រទេសទាំងពីរ អាចនឹងរងផលប៉ះពាល់ពីគ្រោះរញ្ជួយដីនេះ។ នាពេលនេះ អន្តរជាតិកំពុងប្រញាប់ប្រញាល់ផ្តល់ជំនួយ ហើយបញ្ជូនក្រុមរុករកនិងសង្រ្គោះដើម្បីជួយប្រទេសទួរគីនិងស៉ីរី។
យោងតាមទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីអាមេរិក USGS ចំណុចរំញ័ររបស់គ្រោះរញ្ជួយដីខាងលើ ស្ថិតនៅក្បែរទីក្រុងមួយឈ្មោះ ហ្កាហ្សៀនតិប (Gaziantep) របស់ទួរគីស្ថិតនៅក្បែរព្រំដែនស៊ីរី ដែលមានមនុស្សរស់នៅប្រហែល២លាននាក់ ហើយវាមានជម្រៅប្រហែល១៨គីឡូម៉ែត្រក្រោមផ្ទៃដី។ ហេតុការណ៍នោះ បានកើតឡើងនៅវេលាម៉ោងខ្ទង់ជាង៤ទៀបភ្លឺថ្ងៃចន្ទ ហើយប៉ុន្មានម៉ោងក្រោយមក ក៏មានរញ្ជួយដីធំមួយទៀតកម្រិត ៧.៦រ៉ិចទ័រកើតឡើងផងដែរ រួមជាមួយការញ័ររញ្ជួយកម្រិតតូចៗបន្តបន្ទាប់ទៀតជាច្រើន។ លើកចុងក្រោយបំផុត ដែលគ្រោះរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ បានវាយប្រហទៀតចំម្តុំតំបន់នេះ គឺកាលពីឆ្នាំ១៩៣៩ ដែលបានសម្លាប់មនុស្សរហូតដល់ ៣៣,០០០នាក់ នៅក្នុងប្រទេសទួរគី៕ ដោយធីរីណា

...

រូប​ថត​ :CNN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print