ខេត្តពោធិ៍សាត់ ៖ កាលពីព្រឹកម្សិលមិញថ្ងៃពុធ ៣រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ មានបុរសចំនួន២នាក់បានសម្រេចចិត្តគិតខ្លីចងកធ្វើអត្តឃាតលើផ្ទះជាបន្តបន្ទាប់ត្រឹមរយៈពេលតែប៉ុន្មានម៉ោងពីគ្នាប៉ុណ្ណោះ ។
ក្រុមមន្រ្តីដែលសហការចុះធ្វើកោសល្យ
វិច័យបានឱ្យដឹងថា នៅព្រលឹមថ្ងៃខាងលើមានករណីធ្វើអត្តឃាតមួយនៅចំណុចលើផ្ទះជីតា ស្ថិតក្នុងភូមិពាលញែកទី១ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។ សពបុរសគិតខ្លីត្រូវបានគេស្គាល់ឈ្មោះ ញឹម រស្មី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ.សង្កាត់កើតហេតុ ដោយយកខ្សែនីឡុងពណ៌សចងទៅធ្នឹមលើផ្ទះ។ ករណីអត្តឃាតខាងលើនេះ សមត្ថកិច្ចនគរបាលពុំបានបញ្ជាក់អំពីមូលហេតុទេ ប៉ុន្តែក្នុងរបាយការណ៍ពុំមានពាក់ព័ន្ធករណីហិង្សាឬឃាតកម្មនោះទេ។ សពបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
ក្រុមមន្រ្តីសហការដដែលបន្តទៀតថា លុះក្រោយមកប៉ុន្មានម៉ោងនាព្រឹកថ្ងៃដដែល មាន១ករណីបែបនេះកើតឡើងមួយទៀតនៅចំណុចលើផ្ទះម្ដាយ ស្ថិតក្នុងភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់។ សពឈ្មោះ សុខ ចក់ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ.សង្កាត់កើតហេតុ បានយកខ្សែអង្រឹងពណ៌ត្រេអុីចងទៅធ្នឹមលើផ្ទះ ហើយករណីនេះសមត្ថកិច្ចស្រាវជ្រាវពុំឃើញមូលហេតុទេ ហើយក៏ពុំពាក់ព័ន្ធបទល្មើសឃាតកម្មអ្វីដែរ។ សពបានប្រគល់ជូនស្រ្តីជាម្ដាយដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយៈ ប៉ឹម ពិន