ការធ្វើកូដកម្មទូទាំងប្រទេសបារាំងប្រឆាំងនឹងកំណែទម្រង់ប្រាក់សោធននិវត្តន៍ដែលបានស្នើឡើងដោយប្រធានាធិបតី Emmanuel Macron បានរំខានដល់ការដឹកជញ្ជូនប្រេងឥន្ធនៈពីរោងចក្រចម្រាញ់ប្រេង និងដេប៉ូប្រេងរបស់ Total Energies ។
កម្មករ និងមន្ត្រីក្នុងវិស័យជាច្រើន រួមទាំងវិស័យថាមពលផងបានធ្វើកូដកម្មជាច្រើនសប្តាហ៍ ដើម្បីតវ៉ាប្រឆាំងនឹងផែនការរបស់ប្រធានាធិបតី Emmanuel Macron ក្នុងការបង្កើនអាយុចូលនិវត្តន៍។
តំណាងនៃសហជីព Force Ouvriere បានប្រាប់សារព័ត៌មានរ៉យទ័រថា កម្មករនៅរោងចក្រចម្រាញ់ប្រេងនៅ Donges និង Feyzin ដែលដំណើរការដោយក្រុមហ៊ុន Total Energies បានធ្វើកូដកម្មចាប់តាំងពីថ្ងៃទី៨ ខែកុម្ភៈ ។ លើសពីនេះ កម្មករនៅដេប៉ូប្រេង Flandres ក៏បានចូលរួមធ្វើកូដកម្មទ្រង់ទ្រាយធំនៅប្រទេសបារាំងផងដែរ។
ដូចដែល Oilprice កត់សម្គាល់ នេះមិនមែនជាលើកទីមួយទេ ការដឹកជញ្ជូនប្រេងឥន្ធនៈត្រូវបានរំខាន ដោយសារកូដកម្ម នាពេលកន្លងមក។ កាលពីពីរសប្តាហ៍មុន កូដកម្មនៅប្រទេសបារាំងក៏បានរំខានដល់ការដឹកជញ្ជូនប្រេងឥន្ធនៈលក់ដុំពីរោងចក្រចម្រាញ់ប្រេងចំនួន ៣ ដែលដំណើរការដោយក្រុមហ៊ុន TotalEnergies នៅថ្ងៃដំបូងនៃកូដកម្មទូទាំងប្រទេសជាបន្តបន្ទាប់លើវិស័យជាច្រើន។
រោងចក្រចម្រាញ់ Donges, Normandy និង Feyzin របស់ក្រុមហ៊ុន TotalEnergies បានបញ្ឈប់ការផ្គត់ផ្គង់ប្រេងសាំងនិងប្រេងម៉ាស៊ូតទាំងស្រុង ខណៈដែលរោងចក្រចម្រាញ់ប្រេងនៅ Feyzin ត្រូវកាត់បន្ថយអត្រាដំណើរការទៅអប្បបរមានៅថ្ងៃទី ១៩ខែមករា៕ ដោយធីរីណា
រូបថត : Petro times