ភ្នំពេញ : ខាងមន្ទីរពេទ្យកាល់ម៉ែត នៅល្ងាចថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានបញ្ជាក់ថា, ជំងឺរើមជាជំងឺបណ្តាលមកអំពីវីរុសឈ្មោះ វ៉ារីសេឡា ហ្សូស្ទ័រ (Varicella Zoster Virus) ដែលបង្ហាញសញ្ញាលើស្បែកជាពងទឹក មានតូចមានធំផ្តុំគ្នាជាកញ្ចុំឬជាផ្តាំងៗ។
ពេលឆ្លងវីរុស វ៉ារីសេឡា ហ្សូស្ទ័រ (Varicella Zoster Virus) ដំបូងវាបង្កជាជំងឺអុតស្វាយ (Varicella) ក្រោយពេលជាសះពីជំងឺអុតស្វាយ វីរុសនេះនៅសង្ងំក្នុងប្រព័ន្ធសសៃប្រសាទ (sensory ganglia) នៅពេលណាមួយសុខភាពរបស់យើងចុះខ្សោយ វីរុសនេះនឹងរើឡើងសាជាថ្មី បង្កជាជំងឺរើម។
ក) កត្តាប្រឈម ទាក់ទងទៅនឹងស្ថានភាពសុខភាពរបស់បុគ្គលម្នាក់ៗ ដែលកំណត់ដោយ៖
– កត្តាអាយុ (age-related immunosenescence)៖ អត្រាជំងឺកើនឡើង ករណីអាយុកាន់តែច្រើន
– កត្តាជំងឺរ៉ាំរ៉ៃ ឬ ប្រព័ន្ធភាពសុាំចុះខ្សោយដោយយថាហេតុ (disease-related immunocompromise or iatrogenic immunosuppression)៖ HIV ថ្នាំពេទ្យ (immunosuppressive drugs) អ្នកជំងឺប្តូរសរីរាង្គ (transplant patients)
ខ) រោគសញ្ញា៖
នៅរយៈពេល ៤ ទៅ ៥ ថ្ងៃ មុនពេលលេចចេញជំងឺនេះ អ្នកជំងឺមានអាការៈរាងអស់កំលាំង ក្តៅខ្លួនស្ទិញៗ ស្រគៀរក្រហាយៗនៅលើស្បែកកន្លែងដែលវាប្រុងនឹងលេចចេញ។ បន្ទាប់មកទើបវាចេញជាផ្ទាំងក្រហមកំណត់ដោយពងទឹកមានតូចមានធំផ្តុំគ្នាជាកញ្ចុំឬជាផ្តាំងៗ។ វាអាចចេញគ្រប់ទីកន្លែង នៅលើទ្រូង លើមុខ នៅដៃ។ល។ ប៉ុន្តែវាចេញម្ខាង ឬដោយផ្នែក មិនដែលចេញទាំងសងខាង ឬព័ទ្ធជុំទេ។ ក្រោយចេញសញ្ញាលើស្បែកពី ៧ ទៅ ១០ថ្ងៃ ពងទឹកទាំងនោះក៍សះទៅជាក្រមរ និងបន្សល់ទុកនូវសំលាក ព្រមជាមួយការឈឺចាប់ក្រហាយ(acute neuritis) លើស្បែកកន្លែងចេញ។ រោគសញ្ញាឈឺចាប់ និង ក្រហាយលើស្បែកនេះអាចតិចឬខ្លាំង អាចវិវត្តន៍ទៅជាឈឺចាប់សសៃប្រសាទរ៉ាំរ៉ៃ (postherpetic neuralgia) ទៅតាមសុខភាពបុគ្គលផ្សេងៗគ្នា។
គ) វិធីព្យាបាល៖
អ្នកជំងឺត្រូវជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ និង ព្យាបាលដោយ acyclovir ឬ valacyclovir ឬ famciclovir។
ឃ) គោលបំណងនៃការព្យាបាល៖
– កាត់បន្ថយភាពធ្ងន់ធ្ងរ និង ការឈឺចាប់ (acute neuritis)
– អោយរបួសឆាប់ជាសះស្បើយ
– ទប់ស្កាត់ការរីករាលដាលរបួសលើស្បែក
– ទប់ស្កាត់ការចំលងវីរុស
– ទប់ស្កាត់ការឈឺរលាកសសៃប្រសាទរ៉ាំរ៉ៃ (postherpetic neuralgia)
ង) ប្រការត្រូវយល់ដឹង៖
– ត្រូវងូតទឹកសំអាតខ្លួនប្រាណនឹងសាប៊ូជាប្រចាំ។
– ត្រូវបរិភោគអាហារបំប៉នសុខភាព មិនតមអាហារអ្វីទាំងអស់។
– មិនត្រូវស្តោះផ្លុំ ឬយកភ្លើងមកដុតលើស្បែកអ្នកជំងឺរើមទេ។
* ចំពោះអ្នកមិនទាន់កើតអុតស្វាយត្រូវចាក់ថ្នាំការពារជំងឺអុតស្វាយ។
«សូមលោកអ្នកធ្វើអនាម័យខ្លួនប្រាណ និងការពារពីជំងឺអុតស្វាយ និង រើម ហើយប្រសិនបើមានករណីសង្ស័យជាជំងឺនេះ សូមមកពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញសើរស្បែកនៃមន្ទីរពេទ្យកាល់ម៉ែតអោយបានឆាប់បំផុត ដើម្បីទទួលការប្រឹក្សា និងព្យាបាលឲ្យមានប្រសិទ្ធភាព។»
ដោយ : សហការី