ភ្នំពេញ ; ប្រធានគណៈកម្មការសន្ដិសុខ និងសណ្ដាប់ធ្នាប់ នៃគណៈកម្មាធិការជាតិ CAMSOC លោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសពិធីប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាជនពិការ ASEAN Para Games លើកទី១២ ឆ្នាំ២០២៣ ប្រេីប្រាស់កម្លាំងសរុបចំនួន ១៥,៧០០នាក់ ស្មើនឹង ១៥អង្គភាព ព្រមទាំងកងកម្លាំងអន្ដរាគមន៍ជាង ៤ពាន់នាក់ផង។
លោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងថា, កងកម្លាំងការពារមានផែនដូចជា៖ ផែនសន្ដិសុខ ផែនបង្ក្រាបបទល្មើស ផែនសណ្ដាប់ធ្នាប់ និងចរាចរណ៍ ។
លោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ការបញ្ជាក់នេះ ក្នុងកិច្ចប្រជុំស្ដីពីផែនការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសពិធីប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី៣២ និងកីឡាជនពិការ ASEAN Para Games លើកទី១២ ឆ្នាំ២០២៣ កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្នុងឱកាសនោះសម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងកីឡាជនពិការ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ បន្ទាប់ពីកម្ពុជា រៀបចំធ្វើជាម្ចាស់ នៃកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ បានបញ្ចប់ដោយរលូន និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់កាលពីចុងឆ្នាំ២០២២ ។
សម្ដេច បានណែនាំអាជ្ញាធរគ្រប់ប្រភេទ ត្រូវខិតខំប្រឹងប្រែងការពារ ឱ្យបានដាច់ខាត់នូវសុវត្ថិភាព សម្រាប់ការប្រកួតទាំងមូល ដូចជា ការពារកីឡាករ-កីឡាការិនី ព្រមទាំងពលរដ្ឋជាដើម ដើម្បីធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍កីឡានេះ ទទួលបានជោគជ័យ ។
លើសពីនេះ សម្ដេចក្រឡាហោម ក៏បានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវធ្វើការពង្រឹងច្រកចេញ-ចូល ទាំងផ្លូវអាកាស និងផ្លូវគោក ឱ្យបានម៉តចត់ និងត្រឹមត្រូវបំផុត ព្រោះមានភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគចេញ-ចូលច្រើនមកកាន់កម្ពុជា ដោយគោលដៅសំខាន់ គឺការពារព្រឹត្តិការណ៍នេះ ឱ្យបានល្អ និងទទួលបានជោគជ័យ ដើម្បីលើកមុខមាត់ប្រទេសកម្ពុជា ព្រមទាំងទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមទៀតមកកាន់កម្ពុជា៕
ដោយ : សិលា