សាធារណរដ្ឋប្រជាមានិតចិន ; ក្នុងជំនួបជាមួយ លោកប្រធានាធិបតីចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ជំនួយឧបត្ថម្ភរបស់ចិន គឺមិនគ្រាន់តែចូលរួមចំណែកដល់ភាពរីកចំរើនរបស់កម្ពុជាប៉ុណ្ណោះទេ តែបានរួមចំណែកដល់ការពង្រឹងឯករាជ្យភាពរបស់កម្ពុជា ខ្ពស់មុខខ្ពស់មាត់លើឆាកអន្តរជាតិ។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះការចូលជាធរមាននៃកិច្ចព្រមព្រៀងសេរីកម្ពុជា ចិន ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែមករាឆ្នាំ២០២៣ ដែលបានជំរុញការបើកទីផ្សាររបស់ចិន ទទួលកសិផលនិងមច្ឆាជាតិរបស់កម្ពុជា។ លោក ស៊ី ជីនពីង មានប្រសាសន៍កោតសរសើរចំពោះស្នាដៃរបស់សម្តេច និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ានទទួលបានជោគជ័យដ៏ត្រចះត្រចង់។ សម្តេចបានថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានចូលរួមធានាឲ្យទទួលបានជោគជ័យ។ នៅក្នុងជំនួបគ្នានោះមេដឹកនាំទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី នៃប្រទេសទាំងពីរ ដែលឈានពីកិច្ចសហប្រតិបត្តិគ្រប់ជ្រុងជ្រោយ ទៅជាមិត្តដែកថែប និងឈានទៅកិច្ចសហប្រតិបត្តិការសហគមន៍រួម ជោគវាសនាតែមួយ។ មេដឹកនាំទាំងពីរនិងបន្តពង្រឹងស្មារតីកសាងសហគមន៍តែមួយ ជោគវាសនាតែមួយ ដែលផ្តោតសំខាន់លើវិស័យចំនួន៦ រួមមានទី១ នយោបាយ និងការទូត ២ វិស័យសមត្ថភាពផលិត និងវាយភណ្ឌ ៣កសិកម្ម ៤ ថាមពល ៥សន្តិសុខ ៦ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន រួមទាំងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា។ នៅក្នុងជំនួបគ្នានេះ ឯកឧត្តម ស៊ី ជីនពីង បានគាំទ្រចំពោះជំហគោលនយោបាយរបស់កម្ពុជា ចំពោះភាពឯករាជ្យ បូរណភាពទឹកដី របស់កម្ពុជា។
លោកប្រធានាធិបតីមានប្រសាសន៍ចាប់អារម្មណ៍ពីការអភិវឌ្ឍកសិកម្ម និងវារីវប្បធម៌នៅតំបន់ជុំវិញបេឹងទន្លេសាប។ ទាក់ទិនទៅនិងប្រសាសន៍លើកឡើងរបស់ លោកប្រធានាធិបតី សម្តេចបានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់របស់ឯកឧត្តមប្រធានាធិបតី ដើម្បីបង្កើតរបៀងមច្ឆាជាតិ និងអង្គរ នៅភាគពាយ័ព្យរបស់កម្ពុជា។ សម្តេចតេជោបន្តថា កម្ពុជា មានប៉ូលសេដ្ឋកិច្ចចំនួន៣រួចមកហើយ គឺប៉ូលសេដ្ឋកិច្ចភ្នំពេញ ក្រុងព្រះសីហនុ និងឥសាន ហើកម្ពុជានិងបង្កើតប៉ូលសេដ្ឋកិច្ចទី៤ នៅភូមិភាគពាយ័ព្យ។ នៅក្នុងជំនួបគ្នានោះដែរ ឯកឧត្តម ស៊ី ជីនពីង និងសម្តេចតេជោ បានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើការជំរុញការផលិតប្រពភថាមពលអគ្គសនីដោយផ្តោតលើការការពារបរិស្ថាន ថាមពលបៃតង។ ក្នុងជំនួបគ្នានោះ សម្តេចតេជោបានស្នើដល់ឯកឧត្តមប្រធានាធិបតី ជំរុញអ្នកទេសចរណណ៍ចិន មកទស្សនាកម្ពុជាឲ្យកាន់ច្រើនឡើង បន្ទាប់ពីការបន្ធូរបន្ថយការរិតត្បិតរបស់ប្រទេសចិន ពិសេសការលើកទឹកចិត្តពី ឯកឧត្តមប្រធានាធិបតី ដើម្បីឲ្យអ្នកទេសចរណ៍ចិនធ្វើដំណើរមកកាន់កម្ពុជា ដោយគ្មានការភ័យខ្លាច។ សម្តេចតេជោ មានប្រសាសន៍សង្កត់ធ្ងន់ថា សេដ្ឋកិច្ចកម្ពុជាងើបឈរឡើងវិញ គឺដោយសារកាយវិការ និងការជួយឧបត្ថម្ភរបស់ប្រទេសចិន ក្នុងការផ្តល់វ៉ាក់សាំង ពោលបើមិនមានវ៉ាក់សាំងចាក់ស្រោយដែលផ្តល់ដោយភាគីចិនទេនោះ មិនដឹងថាប្រជាជនកម្ពុជាមានវាសនាបែបណានោះទេ ពិសេសកម្ពុជាបានបើកសេដ្ឋកិច្ច និងប្រទេសឡើងវិញ កាលពីថ្ងៃទី១ ខែវច្ឆិកា ឆ្នាំ២០២៣។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ក្នុងជំនួបពិភាក្សាការងាររវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ស៊ី ជីនពីង ប្រធានាធិបតីចិន នាព្រឹកថ្ងៃទី ១០ កុម្ភៈ ២០២៣ នេះ គឺបានពិភាក្សាគ្នាលើការបង្កើត ប៉ូលសេដ្ឋកិច្ចទី ៤ នៅកម្ពុជា និងវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការ «ពេជ្រ» កម្ពុជា-ចិន-១០ កុម្ភៈ ២០២៥។
លោក ខៀវ កាញារីទ្ធ បានសរសេរថា នៅក្នុងជំនួបជាមួយ លោក ប្រធានាធិបតីចិន ស៊ី ជីនពីង កាលពីព្រឹកថ្ងៃទី ១០ កុម្ភៈ ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកពីបំណងរបស់សម្តេចក្នុងការបង្កើត ប៉ូលសេដ្ឋកិច្ចទី៤ ទៅលើប៉ូលសេដ្ឋកិច្ចទាំង៣ ដែលមានស្រាប់នោះគឺជាប៉ូលសេដ្ឋកិច្ច ត្រី និងអង្ករ ដែលគ្របដណ្ដប់លើខេត្តនៅទិសនីរតីនៃប្រទេសកម្ពុជា ។
លោករដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានឱ្យដឹងថា លោក ប្រធានាធិបតីចិន ស៊ី ជីនពីង បានស្វាគមន៍សម្តេចតេជោ ហ៊ុន សែន ដែលជា «មិត្តចាស់» និងជាភ្ញៀវបរទេសទី១ បន្ទាប់ពីចូលឆ្នាំថ្មីចិនបានផុតទៅ និងបានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការ «ពេជ្រ» កម្ពុជា-ចិន-១០ កុម្ភៈ ២០២៥ ៕
ប្រភពខ្លះ : ពី ទទក