ខេត្តព្រៃវែង ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារគណបក្សប្រចាំខែមករា និងដាក់ចេញទិសដៅអនុវត្តខែកុម្ភៈ ឆ្នាំ២០២៣ ដែលកិច្ចប្រជុំបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកពារាំង។
ក្នុងរបាយការណ៍បូកសរុប ដែលអានដោយលោក ឈុន សារ៉ាត ប្រធានគណបក្សស្រុកពារាំង បានលើកឡើងពីសភាពការណ៍ទូទៅនៅមូលដ្ឋាន សកម្មភាពរបស់ក្រុមការងារ គណបក្សគ្រប់ថ្នាក់ ដែលបានខិតខំបម្រើប្រជាពលរដ្ឋអស់ពីកម្លាំងកាយចិត្ត និងការពង្រឹងពង្រីកសមាជិកគណបក្ស ដើម្បីឈានទៅដណ្តើមជ័យជម្នះការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នាពេលខាងមុខ។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានផ្តាំផ្ញើដល់មន្ត្រីគណបក្ស និងក្រុមការងារចុះមូលដ្ឋាន ឲ្យបន្តរក្សាខ្ជាប់ប្រពៃណីស្នេហាជាតិ រក្សាការសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដោយខិតខំបំពេញភារកិច្ចដែលគណបក្សប្រជាជនកម្ពុជាបានដាក់ចេញ ទាំងការអនុវត្តកម្មវិធីនយោបាយ ការកសាងពង្រឹងគណបក្ស និងការផ្សារភ្ជាប់ជាមួយមូលដ្ឋាន។
ជាមួយនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានជំរុញឲ្យមន្រ្តីគណបក្ស ខិតខំបង្កើនសកម្មភាពការងារប្រកបដោយគុណភាព និងបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋ ក្នុងនោះយកចិត្តទុកដាក់ការលើកកម្ពស់ស្មារតីចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព មើលឲ្យឃើញពីការលំបាកលើជីវភាពប្រជាពលរដ្ន និងបន្តជំរុញឲ្យពលរដ្ឋទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩៕