ភ្នំពេញ : ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អំពាវនាវដល់មាតា បិតា អាណាព្យាបាល សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសយុវជន ចូលរួមផ្សព្វផ្សាយ, អប់រំ, ពន្យល់ណែនាំ, ក្រើនរំលឹកដល់បងប្អូន, កូន,ចៅ ក្នុងគោលដៅប្រើប្រាស់ទិវា នៃក្ដីស្រឡាញ់ ១៤ កុម្ភៈ ឱ្យស្របតាមគន្លងប្រពៃណីដ៏ត្រកាលរបស់ខ្មែរ ដើម្បីកិត្តិយស និងភាពថ្លៃថ្នូររបស់ខ្លួន ក្រុមគ្រួសារ ពិសេស ដើម្បីរួមចំណែកលើកកម្ពស់កិត្យានុភាព នៃសង្គមជាតិ។
ក្រសួងបញ្ជាក់ថា «ការរក្សាការពារ វប្បធម៌ ប្រពៃណីដ៏ថ្លៃថ្លារបស់ជាតិជាកាតព្វកិច្ចយើងទាំងអស់គ្នា»។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីអំពាវនាវថា, ថ្ងៃទី១៤ កុម្ភៈ ដែលមនុស្សមួយចំនួន ជាពិសេសគ្រិស្តសាសនិកជនបានកំណត់ថាជា ទិវានៃក្តីស្រឡាញ់ ជិតឈានចូលមកដល់ហើយ។ បច្ចុប្បន្នទិវានេះបាននិងកំពុងជ្រៀតចូលមកក្នុង សង្គមជាតិកម្ពុជា ជាពិសេសក្នុងស្រទាប់យុវជន បណ្តាលឱ្យមនុស្សមួយចំនួនបាន ទទួលយក និងបើ ប្រាស់ដោយភាពភ័ន្តច្រឡំ នាំឱ្យមានផលប៉ះពាល់ដល់វប្បធម៌ទំនៀមទម្លាប់ប្រពៃណីជាតិទៀតផង។
ក្នុងបរិការណ៍នេះ ប្រជាជន ជាពិសេសយុវជនកម្ពុជា ត្រូវសិក្សាឈ្វេងយល់ឱ្យស៊ីជម្រៅចំពោះ វប្បធម៌ ប្រពៃណី ដែលជាមរតកដ៏ថ្លៃថ្លារបស់ដូនតាយើង ព្រមទាំងត្រូវសិក្សាឱ្យគ្រប់ជ្រុងជ្រោយ ពីខ្លឹមសារ និងឥទ្ធិពលនៃវប្បធម៌ ទំនៀមទម្លាប់ ពីខាងក្រៅ ដើម្បីបន្សំចូលទៅក្នុងឥរិយាបថ និងបរិបទ នៃសង្គមរបស់ខ្លួនក្នុងគោលដៅរក្សាឱ្យបាននូវអត្ថិភាពជាប្រជាជាតិថ្លៃថ្នូរមួយដែលមានវ័យចំណាស់ រាប់ពាន់ឆ្នាំមកហើយនៅទ្វីបអាស៊ីនេះ។
ទិវានៃក្តីស្រឡាញ់នៅកម្ពុជា គួរជាឱកាសក្នុងការចែកចាយ និងធានានូវក្តីស្រឡាញ់ប្រកប ដោយភាពទូលំទូលាយ និងសន្តានចិត្តស្មោះសរ ចំពោះមនុស្សដែលនៅជុំវិញខ្លួនមានជាអាទិ៍៖ ក្រុម គ្រួសារ, ឪពុកម្តាយ, ប្ដី/ប្រពន្ធ, កូន,ចៅ និងចំពោះអ្នកដែលនៅក្នុងសង្គមជាមួយគ្នា ដូចជា៖ ជនពិការ, កុមារកំព្រា, និងអ្នកដែលខ្សត់ខ្សោយជាងខ្លួន…ជាដើម… ក្រោមរូបភាព ការជួបជុំពិភាក្សាគ្នា ឬទទួល ទានអាហាររួមគ្នាដោយក្តីសោមនស្សរីករាយ,ការសរសេរលិខិតជូនពរ,ការជូនអំណោយផ្សេងៗ… ដើម្បី បញ្ជាក់ពីភាពកត្តញ្ញូតាធម៌ ពីក្តីស្រឡាញ់ និងការយកចិត្តទុកដាក់របស់ខ្លួនចំពោះអ្នកមានគុណ, បុព្វការីជន ចំពោះមនុស្សដែលខ្លួនស្រឡាញ់ និងចំពោះសង្គមជាតិ ។
ក្នុងឱកាសនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមអំពាវនាវដល់មាតា បិតា អាណាព្យាបាល សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសយុវជន សូមចូលរួមផ្សព្វផ្សាយ, អប់រំ, ពន្យល់ណែនាំ, ក្រើនរំលឹកដល់បងប្អូន, កូន,ចៅ ក្នុងគោលដៅប្រើប្រាស់ទិវានេះ ឱ្យស្របតាមគន្លងប្រពៃណីដ៏ត្រកាល របស់ខ្មែរដើម្បីកិត្តិយសនិងភាពថ្លៃថ្នូររបស់ខ្លួន របស់ក្រុមគ្រួសារ ពិសេស ដើម្បីរួមចំណែកលើក កម្ពស់កិត្យានុភាពនៃសង្គមជាតិ។
“ការរក្សាការពារ វប្បធម៌ ប្រពៃណីដ៏ថ្លៃថ្លារបស់ជាតិជាកាតព្វកិច្ចនៃយើងទាំងអស់គ្នា” ៕
ដោយ : សិលា