អាជ្ញាធរទួរគីបានប្រកាសកាលពីថ្ងៃទី១២ខែកុម្ភៈថា ពួកគេនឹងស៊ើបអង្កេតឱ្យបានហ្មត់ចត់ចំពោះជនណាម្នាក់ដែលសង្ស័យថាជាអ្នកទទួលខុសត្រូវចំពោះការដួលរលំអគារអំឡុងពេលគ្រោះរញ្ជួយដីដ៏ខ្លាំងក្លានៅក្នុងប្រទេសនេះកាលពី៦ថ្ងៃមុន និងត្រូវបានចេញដីកាចាប់ខ្លួនជនសង្ស័យចំនួន១១៣នាក់ ពាក់ព័ន្ធការសាងសង់គ្មានស្តង់ដារសុវត្ថិភាព។
វីដេអូដែលចេញផ្សាយដោយនាយកដ្ឋានប៉ូលិសអុីស្តង់ប៊ុលបង្ហាញអ្នកអភិវឌ្ឍន៍អចលនទ្រព្យ លោក Mehmet Yasar Coskun ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអុីស្តង់ប៊ុលកាលពីថ្ងៃទី១០ ខែកុម្ភៈ ខណៈដែលគាត់កំពុងធ្វើដំណើរចេញពីប្រទេសទៅកាន់ប្រទេសម៉ុងតេណេហ្គ្រោ។ លោក Yasar Coskun គឺជាអ្នកម៉ៅការសំខាន់សម្រាប់ការសាងសង់អគារ Ronesans Residence ដែលដួលរលំនៅ Antakya ។
ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏មហន្តរាយដែលបានវាយប្រហារប្រទេសទួរគី និងស៊ីរីកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានកើនឡើងដល់ជាង ៣៣,០០០នាក់ហើយគិតត្រឹមល្ងាចថ្ងៃអាទិត្យនេះ ខណៈដែលអង្គការសហប្រជាជាតិបានព្រមានថា ចំនួនចុងក្រោយអាចនឹងកើនឡើងទ្វេដង។
ក្រុមមន្ត្រី និងគ្រូពេទ្យបានគូសបញ្ជាក់ថា ចំនួនមនុស្សស្លាប់ក្នុងប្រទេសទួរគីកើនដល់ ២៩,៦០៥នាក់ និងនៅប្រទេសស៊ីរីកើនដល់ ៣,៥៧៤នាក់ ពីការរញ្ជួយដីកម្រិត ៧.៨រុិចទ័រ
កាលពីថ្ងៃចន្ទ ដែលនាំឱ្យចំនួនសរុបដែលត្រូវបានបញ្ជាក់ឡើងដល់ ៣៣.១៧៩នាក់។
យោងតាមទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីអាមេរិក USGS ចំណុចរំញ័ររបស់គ្រោះរញ្ជួយដីខាងលើស្ថិតនៅក្បែរទីក្រុងមួយឈ្មោះ ហ្កាហ្សៀនតិប (Gaziantep) របស់ទួរគីស្ថិតនៅក្បែរព្រំដែន ស៊ីរី ដែលមានមនុស្សរស់នៅប្រហែល២លាននាក់ ហើយវាមានជម្រៅប្រហែល១៨គីឡូម៉ែត្រក្រោមផ្ទៃដី៕ ដោយធីរីណា
រូបថត :Reuters