ភ្នំពេញ : ថ្ងៃនេះ ឃើញប្រព័ន្ធផ្សព្វផ្សាយ របស់ខ្មោច គណបក្សប្រឆាំង មានឈាមជ័រជាខ្មែរ តែកញ្ជះបម្រើនយោបាយអោយបរទេស ព្យាយាមវាយប្រហារមកលើ រាជរដ្ឋាភិបាលស្របច្បាប់ ទាំងខ្លួនមិនយល់អ្វីពីទិដ្ឋភាព ច្បាប់ ! សូមយកខួរក្បាលគិតជាមុនថា, ( កម្ពុជា ជាប្រទេសគ្រប់គ្រងដោយច្បាប់ ) អ្នកណាក៏ដោយ អោយតែរំលោភបំពានច្បាប់ គឺប្រឈម មុខចំពោះច្បាប់ ។ អស់លោកគួរប្រើសិទ្ធិខ្លួនឯងស្របតាមច្បាប់ កុំយកវប្បធម៌ ប្រើប្រាស់សិទ្ធិអ្នក បំពានសិទ្ធិអ្នកដទៃ ។
ចំពោះការលុបអាជ្ញាបណ្ណ សារព័ត៌មាន VOD ក្រសួងព័ត៌មាន បានបញ្ជាក់ច្បាស់ណាស់ថា, ដោយអង្គភាពសារព័ត៌មាននេះបានរំលោភយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយមិនព្រមធ្វើការកែសម្រួលតាមបទប្បញត្តិច្បាប់ស្ដីពីរបប សារព័ត៌មាន។
លោក ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីម្សិលមុិញ បានបង្ហោះសារថា, ( តំណក់ចុងក្រោយដែលធ្វើអោយទឹកហៀរចេញពីធុង ! មិនដឹងអ្នកណាជាអ្នកអោយយោបល់ VOD ! តែមានតែស្ថានទូតទេ ដែលប្រឹងចៀសមិនប្រើពាក្យ«សូមទោស» ! ស្ថាប័នកាសែតប្រើភាសាទូតទោះចង់ជួយក៏ពិតជាយ៉ាប់ហើយ ! តែក៏ជាមេរៀនដល់ស្ថាប័នផ្សព្វផ្សាយព័ត៌មានឯទៀតដែរ ។ ស្ថាប័នដែលមិនព្រមចុះការបំភ្លឺរបស់គេអាចប្រឈមនឹងការដកអាជ្ញាបណ្ណដូចគ្នា ! ) ។ ដោយឡែក លោក ជុំ កុសល រដ្ឋលេខាធិការក្រសួង ព័ត៌មាន បានលើកឡើងថា, (ការតាំងខ្លួនឯករាជ្យគឺផ្តោតលើឯករាជ្យភាពចំពោះដំណើរការផ្សព្វផ្សាយរបស់ខ្លួន ដោយការគោរពសិទ្ធិ និងច្បាប់ មិនមែនឯករាជ្យម្ចាស់ការចង់ធ្វើអីស្រេចតែចិត្តនោះទេ ។ កំហុសរបស់VODក្នុងពេលនេះគឺជាកំហុសវិជ្ជាជីវៈយ៉ាងធ្ងន់ធ្ងរបំផុត ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាល ហើយមិនព្រមធ្វើការកែសម្រួលតាមបទបញ្ញត្តិច្បាប់ស្តីពីរបបសារព័ត៌មាន)។
សូមបញ្ជាក់ថា, “ អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត” កុំលក់ឧត្ដមគតិអោយបរទេស ហើយមកផ្សាយតែរឿងអាក្រក់ពីផ្ទះខ្លួនឯង ទាំងដែលខ្លូនឯង នឹងក្រុមគ្រួសារកំពុងរស់នៅយ៉ាងសុខស្រួល ក្រោមដំបូលសន្តិភាព ។
សូមជម្រាបថា, បញ្ហា«VOD» ៖ ប្រាកដជាមានក្រុម ឆក់ឱកាស ជ្រុលនិយម ក្រុមប្រឆាំង របស់ខ្មោចគណបក្សសង្គ្រោះជាតិ ក៏ដូចជា អង្គការបរទេសខ្លះ និងកាសែតបរទេសខ្លះ ធ្វើសេចក្តីថ្លែងការណ៍ និងចុះផ្សាយជុំវិញករណី VOD នឹងប្រើស្នៀត ថាកម្ពុជារំលោភសេរីភាពក្នុងការបញ្ចេញមតិ ! ប៉ុន្តែអ្នកត្រូវសិក្សាបន្តិច តើកម្ពុជា អនុវត្តច្បាប់ខុសមែន ?
សូមលើកអោយអ្នកជ្រុលនិយម បានភ្លឺភ្នែកខ្លះដូចខាងក្រោម :
១/ វិទ្យុ VOD ខ្លួនឯងតែមួយគត់ គឺជាដើមចមដែលនាំដល់ការបិទវិទ្យុ ដែលមានអាយុ២០ឆ្នាំមួយនេះ។ VOD បានផលិតព័ត៌មានមួយ ដែលមានខ្លឹមសារចាក់ដោតដ៏គ្រោះថ្នាក់ ដែលបំផ្លាញដល់ទំនុកចិត្តលើរដ្ឋបាលរបស់រាជរដ្ឋាភិបាល តាមរយៈការបង្កើតសាច់រឿងថា ឯកឧត្តម ហ៊ុន ម៉ាណែត ចុះហត្ថលេខាជំនួសឪពុកលើប្រាក់ជំនួយ១០ម៉ឺនដុល្លារ។ រឿងនេះមិនអាចទេ និងក៏មិនពិតទេ។
២/ ការពិត VOD ផលិតសាច់រឿងនេះ ២ថ្ងៃ នៅក្រោយពេលក្រសួងការបរទេស ប្រកាសពីកម្ពុជា ផ្តល់ជំនួយទៅប្រទេសតួកគី។ VOD ទាត់ចោលលិខិតផ្លូវការរបស់ក្រសួងការបរទេសជាប្រភពដើម គឺជាកំហុសដោយចេតនា ហើយបែរជាប្រឹងពង្រីកការផ្សាយដោយឈរលើពាក្យចរចាមអារ៉ាម។
៣/ VOD ទោះបីចូលទៅបំភ្លឺនៅក្រសួងព័ត៌មាននាព្រឹកថ្ងៃអាទិត្យ ប៉ុន្តែល្ងាចឡើង VOD ចេញសេចក្តីប្រកាសព័ត៌មានថា ខ្លួននឹងដាក់លិខិតគោរពជូន សម្តេចតេជោ ហ៊ុន សែន។ ទង្វើនេះ ឆ្លុះបង្ហាញថា វិទ្យុ បានទាត់ចោលតួនាទីក្រសួងព័ត៌មាន ហើយហាក់មិនឱ្យតម្លៃក្រសួងព័ត៌មាន ដែលជាអ្នកចេញអជ្ញាប័ណ្ណ និងជាសេនាធិការរបស់រាជរដ្ឋាភិបាល។
៤/ លើទិដ្ឋភាពច្បាប់៖ VOD ព្រងើយកន្តើយលើលិខិតបំភ្លឺចំនួន៤ ដោយមិនព្រមយកខ្លឹមសារលិខិតទាំងនោះ ធ្វើការកែតម្រូវទាល់តែសោះ។ ក្នុងភាពស្អាតស្អំ និងភាពថ្លៃថ្នូរផ្នែកសុច្ចរិតភាព VOD ត្រូវធ្វើការកែតម្រូវលើបញ្ហានេះ ដើម្បីជាមូលដ្ឋានឧបករណ៍ច្បាប់សម្រាប់ការពារខ្លួន ក្នុងករណីមានការបន្ទោស ឬប្តឹងផ្តល់។ ប៉ុន្តែ VOD ខ្ជះខ្ជាយពេលវេលា មិនអើពើ មិនធ្វើកិច្ចការនេះទាល់តែសោះ។ លុះសាងកំហុសខ្លាំងឡើង ទើប VOD ស្ទុះទារ ចេញផ្សាយអត្ថបទមួយដកស្រង់ខ្លឹមសារសំណេររបស់ ឯកឧត្តម ហ៊ុន ម៉ាណែត។ ករណីនេះ ទោះបីផ្សាយជាអត្ថបទសំណេរ ក៏នៅតែខុស គឺខុសនៅលើទម្រង់នៃរបៀបត្រូវកែតម្រូវ។ តាមច្បាប់ បើចុះផ្សាយគេជា វីដេអូ នោះការកែតម្រូវ ក៏ត្រូវធ្វើជាវីដេអូវិញដែរ។ មានន័យថា ធ្វើគេយ៉ាងម៉េច សងគេយ៉ាងហ្នឹង។ តែចំណុចកែតម្រូវដែលជាឧបករណ៍ការពារខ្លួន គឺ VOD ខកខានមិនបានធ្វើ។
៥/ លើសុច្ចរិតភាព និងសុជីវធម៌ ៖ VOD ហាក់គ្មានឆន្ទៈក្នុងការទទួលខុសត្រូវលើការកែតម្រូវ និងធ្វើតាមសំណូមពររបស់ភាគីនោះទេ។ គេយល់ក៏អាចយល់បានថា VOD ព្យាយាមទម្លាក់កំហុសនេះទៅនរណាម្នាក់។ ទោះជាយ៉ាងណា រាប់ថាជាសំណាងទៅចុះ ដែល VOD អាចរំខាន សម្តេចនាយករដ្ឋមន្ត្រី ឱ្យធ្វើការឱ្យខ្លួនទាំងថ្ងៃអាទិត្យ និងកណ្តាលអាធាត្រថ្ងៃអាទិត្យបាន។ មានសំណាងឆ្លងឆ្លើយជាមួយ
នាយករដ្ឋមន្ត្រី តាមរយៈលិខិត ប៉ុន្តែ បែរជាខ្ជះខ្ជាយ កំណាញ់សូម្បីពាក្យពេចន៍! ឱ! លោកអ្នកថ្លៃ! និយាយឱ្យសាមញ្ញ បើទោះបី VOD ទទួលថវិកាពីបរទេសក៏ដោយ ប៉ុន្តែប្អូន ក្មួយ កូន គឺជាខ្មែរ១០០% ហើយកំពុងធ្វើការនៅក្នុងសង្គមខ្មែរ ដែលមានវប្បធម៌ទន់ភ្លន់ថ្លៃថ្នូរមួយ។ បើគិតលើរបៀបខ្មែរ ហើយគិតត្រឹមថាគោរពចាស់ទុំ ឯកឧត្តមរដ្ឋមន្ត្រី ជាបង ឬសម្តេចនាយករដ្ឋមន្ត្រី ជាឪពុក នោះភាពក្រអឺតក្រទម មិននៅក្នុងខ្លួនមនុស្សខ្លះ ក្នុង VOD នោះទេ។
៦/ បែបបទរដ្ឋបាល ៖ VOD ចេះសរសេរដំណឹងក្តៅ តែមិនចេះកិច្ចការរដ្ឋបាល ហើយខុសទម្រង់ទៅទៀត។ របៀបចាត់ចែងពេលវេលាដោះស្រាយរឿង ក៏កាន់តែយ៉ាប់។ កាសែតទាំងឡាយ គួរចេះបែបបទរដ្ឋបាល ចេះគ្រប់គ្រងបញ្ហា និងរបៀបដោះស្រាយបញ្ហា ហើយកុំមានភាពក្រអឺតក្រទម។ យន្តការក្រសួងព័ត៌មានល្អណាស់ តែ VOD មិនបានប្រើប្រាស់ឱ្យអស់លទ្ធភាព។
៧/ ចងចាំថា សុំកុំយកអកប្បកិរិយាបរទេស ឫកពារបរទេស ឬសម្ពាធបរទេស មកធ្វើការជាមួយ សម្តេចតេជោ ហ៊ុន សែន។ ចម្លើយសាមញ្ញទេ បិទ VOD គឺបិទវិទ្យុ មិនមែនបិទសេរីភាពទេ ព្រោះអ្នកឯទៀត មានសេរីភាពពេញលេញ។ បើ VOD មិនមានៈលើកំហុសនេះ ក៏គ្មានទល្ហីករបិទវិទ្យុនេះដែរ។ ករណីរួចមកហើយនេះ អ្នកទាំងឡាយជាបុគ្គលិក គួរបន្ទោសថ្នាក់ដឹកនាំ VOD ខ្លួនឯង ដែលខ្វះភាពចាស់ទុំ។ គេឃើញយុទ្ធនាការបង្ហោះសារ Save VOD ប៉ុន្តែអង្ករក្លាយជាបាយរួចទៅហើយ ហើយបើប្រៀបធៀបចំនួនតាមអ្វីដែលនិយាយថា ប្រជាធិបតេយ្យ អ្នកគាំទ្រឱ្យបិទ ច្រើនជាងអ្នកគាំទ្រឱ្យទុក។ បើចេះជួយគ្នា បុគ្គលិក VOD មួយចំនួនច្បាស់ជាទៅធ្វើការងារឱ្យ CCHR, CCIM, CambodJa ហើយនំប៉័ង១ចែកគ្នា២នាក់ទៅ។ ខ្ញុំមិនបន្ទោសទេ ហើយខ្ញុំក៏មិនអប់រំទូន្មាន VOD ដែរ។
សូមបញ្ជាក់ថា, សំណេរនេះសម្រាប់ជាការចែករំលែកនូវមេរៀនដល់អង្គភាពព័ត៌មានដ៏ទៃ «បើខុស កុំខ្លាចកែតម្រូវ» ហើយធ្វើជាបន្ទាន់ ព្រោះសារព័ត៌មាន ក៏មានទំនួលខុសត្រូវមួយទៀតចំពោះអ្នកអានផងដែរ ដោយកុំចង់ទុកកេងចំណេញលើអត្ថបទដ៏គ្រោះថ្នាក់។ សិទ្ធិយើង សិទ្ធិគេ! «ថោកអីនឹងដៃ ថ្លៃអីនឹងមាត់»៕
ដោយ : សុខ ខេមរា