ភ្នំពេញ : ក្រសួងអប់រំយុវជននិងកីឡា បង្ហាញពីការលើកកម្ពស់ការសិក្សាភាសាខ្មែរ និងវប្បធម៌ អរិយធម៌ខ្មែរ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅឯកជនដលអនុវត្តកម្មវិធីសិក្សាអន្តរជាតិ។
ក្រសួងអប់រំយុវជននិងកីឡា បានលើកឡើងថា, ដើម្បីលើកកម្ពស់ការបង្រៀនភាសាខ្មែរ និងការយល់ដឹងពីវប្បធម៌ និងអរិយធម៌ខ្មែរ ដល់សិស្សានុសិស្ស ដែលមានសញ្ញាតិខ្មែរ ចាប់ពីឆ្នាំសិក្សា ២០២២-២០២៣ នេះតទៅ ក្រសួងអប់រំ យុវជន និងកីឡាសូមធ្វើ ការណែនាំដល់គ្រប់ ។គ្រឹះស្ថានសិក្សាចំណេះទូទៅឯកជន ដែលអនុវត្តកម្មវិធីសិក្សាអន្តរជាតិ” ដូចខាងក្រោម៖
១. តម្រូវឱ្យសិស្សានុសិស្សដែលមានសញ្ជាតិខ្មែរ ជ្រើសរើសមុខវិជ្ជាភាសាខ្មែរ ជាមុខវិជ្ជាកាតព្វកិច្ច
២. គ្រឹះស្ថានសិក្សាត្រូវរៀបចំ និងបង្រៀនមុខវិជ្ជាចំណេះដឹងទូទៅស្តីពី វប្បធម៌ និងអរិយធម៌ខ្មែរ
៣. គ្រឹះស្ថានសិក្សាត្រូវដាក់បញ្ចូលកម្មវិធីសិក្សាមុខវិជ្ជាភាសាខ្មែរ និងមុខវិជ្ជាវប្បធម៌ និងអរិយធម៌ខ្មែរ ក្នុងម៉ោងសិក្សារបស់គ្រឹះស្ថានសិក្សា តាមការកំណត់ដែលមានចែងក្នុងលិខិតបទដ្ឋានគតិយុត្ត ដោយឡែករបស់ក្រសួងអប់រំ យុវជន និងកីឡា។
ទទួលសេចក្ដីណែនាំនេះ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់គ្រប់គ្រឹះស្ថានសិក្សាចំណេះទូទៅឯកជន ដែលអនុវត្តកម្មវិធីសិក្សាអន្តរជាតិ ដើម្បីចូលរួមអនុវត្តឱ្យមាន ប្រសិទ្ធភាពខ្ពស់ ។
សូមបញ្ជាក់ថា, លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីប្រកាសក្រុមប្រឹក្សាភិបាលអាណត្តិថ្មី និងប្រគល់បណ្ណសរសើរ គ្រូឆ្នើមប្រចាំឆ្នាំ២០២២ ដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា បានមានប្រសាសន៍ថា, ការអប់រំត្រូវគិតពីការបង្កើនចំណេះដឹងជំនាញ ប៉ុន្តែក៏មិនត្រូវភ្លេចពីការថែរក្សាអត្តសញ្ញាណជាតិដែរ ជាពិសេសភាសា វប្បធម៌ ប្រពៃណីរបស់ជាតិ ៕
ដោយ : សិលា