សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រី នៃប្រទេសឡាវ

ចែករំលែក៖

ប្រទេសឡាវ : ថ្លែងក្នុងជំនួបកំពូលទ្វេភាគី សម្តេចតេជោបានថ្លែងថា សម្តេចពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានដឹកនាំគណ:ប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅក្នុង ឱកាសនេះ និងបានថ្លែង អំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះបដិសណ្ឋារកិច្ចរាក់ទាក់កក់ក្តៅ ដែលរដ្ឋាភិបាលនិងប្រជាជនឡាវ បានផ្តល់ចំពោះគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចតេជោបន្តថា ដំណើរទស្សនកិច្ចនៅពេលនេះ គឺជាសាក្ខីភាពបង្ហាញពីទំនាក់ទំនងជាប្រពៃណីជាភាតរៈ និងកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងរដ្ឋាភិបាលនិងប្រជាជនទាំងពីរ ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព ដើម្បីការអភិវឌ្ឍន៍ និង សុខុមាលភាព នៃប្រជាជនយើងទាំងពីរ។ សម្តេចបានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសយើងទាំងពីរ ក្រោយពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥៦ ដែលរហូត មកដល់ពេលនេះមានអាយុកាលជាង៦០ឆ្នាំហើយ ហើយដែលបានក្លាយជា “ដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងយូរអង្វែង” នៅឆ្នាំ២០១៩។

លោក សនសៃ និង សម្តេចតេជោ បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ ក្នុងបរិយាកាសរីករាយស្និទ្ធស្នាល និង យោគយល់គ្នាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ រួមមាន នយោបាយ សន្តិសុខ ការពារជាតិ កិច្ចការព្រំដែន និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន សេដ្ឋកិច្ច-សង្គម ពាណិជ្ជកម្ម និងការវិនិយោគ ការតភ្ជាប់ផ្លូវអាកាស ទេសចរណ៍ ថាមពល និងការអប់រំ។ល។ សំដៅពូនជ្រំថែមទៀតនូវទំនាក់ទំនងជាមិត្តភាព និងភាតរភាពរវាងកម្ពុជា-ឡាវ។- មេដឹកនាំទាំងពីរក៏បានធ្វើការកត់សម្គាល់ដោយការពេញចិត្ត ដែលពាណិជ្ជកម្មទ្វេភាគីបានកើនឡើងពី ១៦០លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១ ដល់ ២១០លានដុល្លារអាមេរិកនៅឆ្នាំ២០២២ ។

សម្តេចតេជោបានជំរាបជូន លោក សនសៃ អំពីច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលផ្តល់នូវលក្ខខណ្ឌល្អប្រសើរ និងបរិយាកាសអំណោយផលដល់វិនិយោគិនបរទេស និងបានលើកទឹកចិត្តឱ្យភាគីទាំងពីរ ពន្លឿនបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្ន (DTA) ដើម្បីជំរុញបន្ថែមទៀតនូវពាណិជ្ជកម្មទ្វេភាគី និងសកម្ម ភាពសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ សម្តេចតេជោបានលើកទឹកចិត្តឱ្យភាគីទាំងពីរបង្កើនការរៀបចំព្រឹត្តិការណ៍ផ្គូរផ្គង ដៃគូពាណិជ្ជកម្ម ការតាំងពិព័រណ៍ និងសិក្ខាសាលា ដើម្បីផ្ដល់ឱកាសកាន់តែច្រើនសម្រាប់ ការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ មេដឹកនាំទាំងពីរបានស្វាគមន៍ចំពោះការងើបឡើងវិញ នៃវិស័យទេសចរណ៍ និងការបើកឡើងវិញនូវ ជើងហោះហើរត្រង់ពីហ្លួងប្រាបាង-ប៉ាកសេ-សៀមរាប នៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយក្រុមហ៊ុនអាកាសចរណ៍ឡាវ។

សម្តេចតេជោបានស្នើឲ្យឡាវបើកនូវការហោះហើរត្រង់ពីភ្នំពេញ- វៀងច័ន្ទន៍-ភ្នំពេញ ឡើងវិញ ដើម្បីជាការរួមចំណែកជំរុញវិស័យទេសចរណ៍ដែលជាវិស័យ មានសក្តានុពល និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការស្តាសេដ្ឋកិច្ច ប្រទេសទាំងពីរ ក្រោយព្រឹត្តិការណ៍ជម្ងឺឆ្លងកូវីដ១៩។- ចំពោះកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ឯកឧត្តម សនសៃ និងសម្តេចតេជោ បានឯកភាពគ្នាជម្រុញ ឱ្យភាគីទាំងពីរបន្តការផ្លាស់ប្ដូរបញ្ញាវន្ត អ្នកស្រាវជ្រាវ ផ្លាស់ប្ដូរស្នាដៃបោះពុម្ភផ្សាយ ស្នាដៃស្រាវជ្រាវ និងរៀបចំកម្មវិធីនានា ដើម្បីចែករំលែកចំណេះដឹង និងការស្រាវជ្រាវរវាងរាជបណ្ឌិត្យសភាកម្ពុជា និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមឡាវ។ មេដឹកនាំទាំងពីរ បានជំរុញឱ្យភាគីទាំងពីរ ពន្លឿនបញ្ចប់ការស្រាវជ្រាវរួមគ្នាស្តីពី “ទំនាក់ទំនងកម្ពុជា-ឡាវ៖ ប្រវត្តិសាស្ត្រ វប្បធម៌ និង ទំនាក់ទំនងប្រជាជននៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរ និងការរៀបចំវចនានុក្រម ឡាវ-ខ្មែរ និង ខ្មែរ-ឡាវ ដើម្បីជួយសម្រួលដល់ការសិក្សារបស់សិស្ស និស្សិតយើងទាំងពីរ។ អំពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនិងការពារជាតិ យើងបានឯកភាពគ្នាពង្រឹង កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនឲ្យមានប្រសិទ្ធភាព តាមរយៈ ការចែករំលែកព័ត៌មានរវាងអាជ្ញាធរនៅតាមតំបន់ព្រំដែនឲ្យទាន់ពេលវេលា។

ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យថាមពល យើងបានឯកភាពជំរុញឱ្យក្រសួងពាក់ព័ន្ធ នៃប្រទេសទាំងពីរ បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុស្សរណៈនៃការយោគយល់គ្នានិងកិច្ចព្រមព្រៀងនានាដែលមានស្រាប់ស្ដីពីកិច្ចសហប្រតិបត្តិការថាមពលរវាងកម្ពុជា និង ឡាវ ដើម្បីធានាស្ថិរភាព និងសន្តិសុខថាមពលរវាងប្រទេសទាំងពីរ។ ពាក់ព័ន្ធនឹងកិច្ចការព្រំដែន មេដឹកនាំទាំងពីរ មានការពេញចិត្តចំពោះវឌ្ឍនភាពរបស់គណៈកម្មការចម្រុះព្រំដែនកម្ពុជា-ឡាវ ដែលបានធ្វើការខណ្ឌសីមា និងបោះបង្គោលព្រំដែនបាន១២១ បង្គោល ស្មើនឹង ៨៦% នៃព្រំដែនរួម និងបានឯកភាពគ្នាដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ ដោយឈរលើមូលដ្ឋានយោគយល់គ្នាទៅវិញទៅមក និងដោយសន្តិវិធី។ សម្តេចតេជោបានចាត់ទុកថ្ងៃនេះ ជាថ្ងៃប្រវត្តិសាស្ត្រសំរាប់ប្រជាជាតិយើងទាំងពីរ។

ចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ សម្តេចតេជោនិង ឯកឧត្តម សនសៃ បានផ្លាស់ប្តូរទស្សនៈគ្នាអំពីកិច្ចសហប្រតិបត្តិការក្នុងវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ។ មេដឹកនាំទាំងពីរ បានឯកភាពថានឹងបន្តធ្វើ ការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្តរជាតិ។ សម្តេចតេជោបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាលឡាវ ដែលបានគាំទ្រដល់ការធ្វើជាប្រធានអាស៊ានរបស់ កម្ពុជាឆ្នាំ២០២២។ សម្តេចបានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជា ចំពោះឡាវជាប្រធានអាស៊ានឆ្នាំ២០២៤៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print