ពិធីបដិសណ្ឋារកិច្ចផ្លូវការជូនសម្តេចតេជោ ហ៊ុន សែន ពីនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ចែករំលែក៖

ប្រទេសឡាវ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅរសៀលថ្ងៃទី១៣កុម្ភៈ ឆ្នាំ២០២៣ ។ នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការ ដែលធ្វើឡើងនៅវិមានរដ្ឋាភិបាល ក្នុងរដ្ឋធានីវៀងច័ន្ទ សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីសមភាគីឡាវ លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលអមដំណើរដោយផ្ទាល់ លោក បណ្ឌិត នាយករដ្ឋមន្រ្តីឡាវ បានអញ្ជើញគោរពទង់ជាតិ នៃប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងទិដ្ឋភាពប្រកដោយមហាកិត្តិយស។

បន្ទាប់ពីពិធីត្រួតពលគ្រប់កងកិត្តិយស នៃកងទ័ពប្រជាជនឡាវរួចមក សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលអមដំណើរដោយផ្ទាល់ពីសមភាគីឡាវ លោកបណ្ឌិត សនស ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ អញ្ជើញធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីសម្តេច ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ តំណាងគ្រប់ស្ថាប័នរបស់រដ្ឋាភិបាលឡាវ និងព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់ទីក្រុងវៀងច័ន្ទ នាឱកាសនោះរួមមាន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ លោស្រីកិត្តិសង្កហ៍បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់តំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចំរុះព្រំដែនកម្ពុជា ឡាវ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ព្រមទាំងវត្តមាន លោក លោកស្រី ជាស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងប្រតិភូសភាពាណិជ្ជកម្មកម្ពុជាជាច្រើនរូប៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print