កំណើនពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និង ឡាវ ដែលមានសន្ទុះជាវិជ្ជមានកើនឡើងពី ១៦០លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២១ ទៅ ២១០លាន ដុល្លារអាម៉េរិក នៅឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ : រាជរដ្ឋាភិបាលកម្ពុជា-ឡាវ បានកត់សម្គាល់ដោយពេញចិត្តនូវកំណើនពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និង ឡាវ ដែលមានសន្ទុះជាវិជ្ជមានកើនឡើងពី ១៦០លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២១ ទៅ ២១០លាន ដុល្លារអាម៉េរិក នៅឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី ១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ថា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក សនសៃ ស៊ីផាន់ដន បានជួបពិភាក្សាគ្នាយ៉ាងស៊ីជម្រៅអំពី ស្ថានភាពនៃទំនាក់ទំនងទ្វេភាគី និងទិសដៅអនាគតដើម្បីបន្តពង្រឹងចំណងមិត្តភាពជាប្រពៃណី ទំនាក់ទំនងដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើន រួមមាន៖ 

-នយោបាយ

-សន្តិសុខ 

-ការពារជាតិ កិច្ចការព្រំដែន 

-ពាណិជ្ជកម្ម និងវិនិយោគ 

-ការតភ្ជាប់ផ្លូវអាកាស ទេសចរណ៍ ថាមពល និងការអប់រំ។

ភាគីទាំងពីរបានកត់សម្គាល់ដោយពេញចិត្តនូវកំណើនពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និង ឡាវ ដែលមានសន្ទុះជាវិជ្ជមានកើនឡើងពី ១៦០លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២១ ទៅ ២១០លាន ដុល្លារអាម៉េរិក នៅឆ្នាំ២០២២។ សម្តេចតេជោ បានលើកទឹកចិត្តឲ្យភាគីទាំងពីរពន្លឿនការចរចាលើ កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការរៀបចំព្រឹត្តិការណ៍ផ្គូផ្គងដៃគូពាណិជ្ជកម្ម ការតាំងពិព័រណ៍ និងសិក្ខាសាលា ដើម្បីផ្ដល់ឱកាសកាន់តែច្រើនសម្រាប់ការផ្លាស់ប្ដូរពាណិជ្ជកម្មវិនិយោគ និងដើម្បីជំរុញបន្ថែមទៀតនូវពាណិជ្ជកម្មទ្វេភាគី វិនិយោគ និងសកម្មភាពសេដ្ឋកិច្ចនានា រវាងប្រទេសទាំងពីរ។

នាយករដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃវិស័យទេសចរណ៍ដែលកំពុងដើរតួ នាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ភាគីទាំងពីរបានស្វាគមន៍ការបើកឡើងវិញនូវ ជើងហោះហើរត្រង់ពីហ្លួងប្រាបាង-ប៉ាកសេ-សៀមរាប ដោយក្រុមហ៊ុនអាកាសចរណ៍ឡាវ។ សម្តេច តេជោ លើកទឹកចិត្តឲ្យបើកនូវការហោះហើរត្រង់ពីភ្នំពេញ-វៀងច័ន្ទន៍-ភ្នំពេញឡើងវិញ ខណៈដែល ប្រទេសទាំងពីរបានបើកប្រទេសទាំងស្រុងវិញហើយ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print