ក្រសួងការបរទេស : វឌ្ឍនភាពដែលគណៈកម្មការចម្រុះព្រំដែនកម្ពុជា និងឡាវ សម្រេចបានក្នុងការកំណត់ខ្សែព្រំដែនរួមបានប្រមាណ ៨៦%

ចែករំលែក៖

ភ្នំពេញ : ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា, វឌ្ឍនភាពដែលគណៈកម្មាការ ចម្រុះព្រំដែនកម្ពុជា និងឡាវ សម្រេចបានក្នុងការកំណត់ខ្សែព្រំដែនរួមបានប្រមាណ ៨៦% រួមមាន ការបោះបង្គោលព្រំដែនលើដីជាក់ស្តែងបានចំនួន ១២១ បង្គោល។

ក្រសួង ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ក្នុង លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី ១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៣ អោយដឹងថា, ចំពោះកិច្ចការព្រំដែន នាយករដ្ឋមន្ត្រីទាំងពីរបានស្វាគមន៍វឌ្ឍនភាពដែលគណៈកម្មាការ ចម្រុះព្រំដែនកម្ពុជា និងឡាវ សម្រេចបានក្នុងការកំណត់ខ្សែព្រំដែនរួមបានប្រមាណ ៨៦% រួមមាន ការបោះបង្គោលព្រំដែនលើដីជាក់ស្តែងបានចំនួន ១២១ បង្គោល។

នាយករដ្ឋមន្ត្រីទាំងពីរបានទទួលស្គាល់សារៈសំខាន់នៃវិស័យថាមពលដែលជាស្នូលអាទិភាព នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងឡាវ។ ភាគីទាំងពីរបានលើកទឹក ចិត្តឲ្យក្រសួង/ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុស្សរណៈ យោគយល់គ្នានិងកិច្ចព្រមព្រៀងនានាដែលមានស្រាប់ ស្ដីពីកិច្ចសហប្រតិបត្តិការថាមពលរវាង ប្រទេសទាំងពីរ សំដៅធានាស្ថិរភាព និងសន្តិសុខថាមពលដើម្បីការអភិវឌ្ឍជាតិ។

ចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ សម្តេចតេជោបានថ្លែងអំណរគុណយ៉ាង៊ជ្រាលជ្រៅចំពោះរដ្ឋាភិបាលឡាវដែលបានគាំទ្រយ៉ាងសកម្មដល់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ឆ្នាំ២០២២ និងបានបញ្ជាក់សាជាថ្មីពីការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជា ចំពោះការធ្វើជាប្រធាន អាស៊ានរបស់ឡាវឆ្នាំ២០២៤។ នាយករដ្ឋមន្ត្រីទាំងពីរក៏បានឯកភាពបន្តគាំទ្រគ្នាទៅវិញទៅមកក្នុង វេទិកាតំបន់ និងអន្តរជាតិ ជាពិសេសក្នុងក្របខណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ។

ក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីទាំងពីរបានចុះហត្ថលេខា លើឯកសារជាប្រវត្តិសាស្ត្រសំខាន់ចំនួន ០២ រួមមាន៖ 

ទី១/-សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ទី២/-ផែនការសកម្មភាព សម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (២០២៣-២០២៧)។ ទន្ទឹមនេះដែរ នាយករដ្ឋមន្ត្រី ទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន កម្ពុជា-ឡាវ និងឡាវ-កម្ពុជា ដោយលោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និង ជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ឡាវ និងលោក សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះព្រំដែនឡាវ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print