ភ្នំពេញ ៖ កូនកាតខ្មែររុស្សី ឌៀប សូហ្វីរ៉ា ហៅប្រណម ដែលថ្មីៗកន្លងទៅនេះបានឈ្នះមកុដលំដាប់រងទី២ក្នុងកម្មវិធីប្រគួតសម្រស់មួយនៅប្រទេសថៃ បាននិងកំពុងទទួលបានការចាប់អារម្មណ៍និងទីផ្សារការងារខ្លាំង។ នាងក្តាប់បានឱកាសទីផ្សារខ្ពស់ក្នុងវិស័យសិល្បៈនាពេលបច្ចុប្បន្នទាំងការសម្តែង ការបង្ហាញម៉ូតជាដើមរហូតនាងបង្ហើបថានឹងមានស្នាដៃថ្មីបង្ហាញទស្សនិកជន។
តារាកូនកាត់រូបនេះបានធ្វើភ្ញាក់ផ្អើលមុននេះគឺក្រោយពីនាងបានក្លាយជាបេក្ខភាពតំណាងឲ្យកម្ពុជាចេញទៅចូលរួមប្រគួតកម្មវិធីសម្រស់នៅប្រទេសថៃ ដោយ ឈ្នះតំណែងលំដាប់រងទី២ពីកម្មវិធីប្រគួតសម្រស់Little Miss Junior Idol 2023 និងពានរង្វាន់នៃការដើរបង្ហាញម៉ូតល្អបំផុតពីកម្មវិធីខាងលើ។ ពេលនេះក្មេងស្រីវ័យ១៣ឆ្នាំរូបនេះបាននិងកំពុងតែស្ថិតក្រមក្រសែភ្នែក និងការតាមដានខ្លាំងពីសំណាក់អ្នកគាំទ្រវិស័យកញ្ញាឯក ខណៈដែលក្នុងវិស័យសម្តែងក៏ត្រូវបានអ្នកជំនាញហ៊ានដៅទុកដែរថានាងនឹងកាន់តែចាប់បានឱកាសល្បីល្បាញខ្លាំងព្រោះតែទេពកោសល្យ និងរូបសម្រស់របស់នាងទាក់ទាញខ្លាំង។ សូហ្វីរ៉ា ដែលមានវ័យក្មេងមែនប៉ុន្តែ រូបសម្រស់ ,សមត្ថភាពសិល្បៈ សីលធម៌ និងអត្តចរិកដែលជាទុនសំខាន់សម្រាប់បោះជំហានកាន់តែខ្ពស់ក្នុងវិស័យសិល្បៈនោះ គឺក្មេងស្រី ឌៀប សុហ្វៀរ៉ាមានរួចជាស្រេច ដែលមុនននាងក្រសោបបានទីផ្សារខ្ពស់ទាំងការសម្តែងក្នុងបទចម្រៀង ភាពយន្ត និងការបង្ហាញម៉ូតសម្លៀកបំពាក់សម្រាប់សម្អាងការជាដើម។ ក្នុងជំនួបផ្ទាល់ថ្មីៗកន្លងទៅនេះ សូហ្វីរ៉ា បានលើកឡើងអំពីការងារសិល្បៈមួយចំនួនដែលនាងទទួលបានក្រោយពីទទួលបានតំណែងពីកម្មវិធីអន្តរជាតិ។ នាងក៏នឹងធ្វើដំណើរទៅកាន់ប្រទេសថៃផងដែរដើម្បីចូលរួមក្នុងកម្មវិធីដែលរៀបចំឡើងដោយអ្នកគ្រប់គ្រង មិនតែប៉ុណ្ណោះការងារថតនានាក៏ចាប់ផ្តើមមានជាបន្តបន្ទាប់ដែលនាងត្រូវលៃលកពេលវេលាសម្រាប់ការសិក្សា និងបំប៉នភាសាបន្ថែមផងដែរ។ នាងរំពឹងថាអ្នកគាំទ្រនឹងបន្តពេញចិត្តនឹងស្នាដៃសិល្បៈនានាដែលនាងគ្រោងបញ្ចេញនាពេលខាងមុខ។
តាមក្រុមការងារផលិតភាពយន្តម្នាក់លើកឡើងថាមិនយូរទេស២ទៅ៣ឆ្នាំទៀត នៅពេលដែលនាងឈានដល់វ័យ១៦ឆ្នាំ គឺមិនពិបាកនឹងចាប់បានតំណែងតួឯកនោះឡើយព្រោះតែ ទម្រង់ និងត្រេមុខរបស់នាងពិតជាស័ក្កិសម ហើយប្រសិនបើអ្នកគ្រប់គ្រងនាងផ្តល់ការហ្វឹកហាត់បន្ថែមទៀតក្មេងស្រីនេះនឹងកាន់តែមានភាពល្បីល្បាញក្នុងវិស័យសិល្បៈនៅកម្ពុជាជាក់ជាមិនខាន៕
ដោយ៖ វឌ្ឍនា