ខេត្ដស្វាយរៀង ៖ លោកវរសេនីយ៍ទោ សោម សារ៉នអធិការស្តីទី នៃអធិការដ្ឋាននគបាលស្រុកស្វាយទាបបានអោយនគរវត្តដឹងនារសៀលថ្ងៃទី១៥ខែកុម្ភះឆ្នាំ២០២៣នេះថាពាក់ពន្ធ័ករណីថាមានការលេងល្បែងបញ្ជល់មាន់នៅចំណុចក្រោមដើមស្វាយក្នុងចំការអំពៅ ដែលមានទីតាំងស្ថិតនៅក្នុងភូមិបាត់ថង់ឃុំគគីសោម នោះគឺរូបលោកនិងក្រុមការងារបានចុះទៅដល់កន្លែងផ្ទាល់ដោយមិនមានការលេងល្បែងអ្វីនោះទេ។
ប្រជាពលរដ្ឋបានឲ្យដឹងថា ស្ថិតនៅក្នុងភូមិបាត់ថង់ ឃុំគគីរសោម ស្រុកស្វាយទាប ក្នុងមួយសប្តាហ៍ គេបើកជល់មាន់ចំនួន៤ដង ដោយបានប្រមូលផ្ដុំមនុស្សជាច្រើនមកលេងល្បែ.ងភ្នាល់ដាក់លុយចាប់ពី៥ម៉ឺនរៀល រហូត៥សែនរៀល ឬទៅ១លានរៀលក្នុង១គូរៗ ហើយក៏បានស្រែកហ៊ោកញ្ជ្រៀវ ហាក់បីដូចគ្មានញញើតជាមួយនឹងសមត្ថកិច្ចឡើយ។
ប្រជាពលរដ្ឋលើកឡើងថា សកម្មភាពទាំងនេះ មិនត្រូវបានសមត្ថកិច្ច និងអាជ្ញាធរឃុំ-ស្រុក ចុះបង្ក្រាបនោះទេ។ ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា មានអ្នកញៀ.នល្បែ.ងខ្លះចាញ់អស់ទ្រព្យសម្បត្ដិ កើតជាជម្លោះក្នុងគ្រួសារ រហូតឈានដល់កើតមានអំពើហិ.ង្សាក្នុងគ្រួសារទៀតផង។ ហើយល្បែ.ងស៊ីសងទាំងនេះហើយ ដែលជាដើមចមនៃអំពើលួច ឆក់ ប្លន់ ដែលបង្កឲ្យមានភាពអសន្តិសុខនៅក្នុងមូលដ្ឋាន។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ សម្តេចតេជោ បានដាក់បញ្ជាឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចអាជ្ញាធរមូលដ្ឋាន ត្រូវបង្ក្រាបឱ្យអស់នូវល្បែ.ងសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយនឹងព្រមានដកដំណែងថែមទៀតផង។
ហើយអាជ្ញាធរខេត្តស្វាយរៀង ក៏បានចុះអនុវត្តនូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលយ៉ាងយកចិត្តទុកដាក់ ដោយលោកអភិបាលខេត្តចាត់ឲ្យអភិបាលរងខេត្ត ទទួលបន្ទុកតាមស្រុក-ក្រុង ដឹកនាំកម្លាំងសហការជាមួយកម្លាំងសមត្ថកិច្ចរដ្ឋបាលស្រុក-ក្រុងទាំង០៨ ចុះបង្ក្រាប ក៏ប៉ុន្តែក្រុមបើកល្បែ.ងស៊ីសងហាក់ដូចជាដឹងមុនជានិច្ច មិនដែលបង្ក្រាបបាននោះទេ៕ដោយ៖សុថាន