ខេត្តសៀមរាប : នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដឹកនាំដោយលោកស្រី ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខា ព្រមទាំងសហការី បាននាំយកនូវថវិកាចំនួន១៥.៥៥៥ដុល្លារ ជូនដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីចូលរួមចំណែកគាំទ្រដល់ការព្យាបាលកុមារកម្ពុជា និងតម្រូវការចាំបាច់របស់មន្ទីរពេទ្យ ហើយក៏ជាការគាំទ្រសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាព ស្ដ្រី និងកុមារ។
មានប្រសាសន៍សំណេះសំណាលជាមួយក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យកុមារអង្គរ លោកស្រី ទាង អេង ទៀសីហា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ព្រមទាំងសម្ដែងនូវការកោតសរសើរដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកុមារអង្គរ ដែលបានខិតខំលះបង់កម្លាំងកាយចិត្តជួយសង្រ្គោះព្យាបាល ផ្តល់នូវក្តីអាណិតស្រឡាញ់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់កុមារ ក៏ដូចជាក្រុមគ្រួសារអាណាព្យាបាលទាំងអស់ ប្រកបដោយស្នាមញញឹម មិនប្រកាន់វណ្ណៈ ពូជសាសន៍អ្វីឡើយ។
លោកស្រីបានបញ្ជាក់ថា ថវិកាខាងលើ គឺទទួលបានពីការរៀបចំដាក់ដេញថ្លៃកាបូប របស់ក្រុមហ៊ុន បាលិលេយ្យ ក្នុងកម្មវិធី Miss Plant net ចំនួន ១០,៥៥៥ដុល្លារ និងថវិការបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចំនួន ៥,០០០ដុល្លារ ហើយសកម្មភាពនេះជាលើកទី៦ ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានឧត្ថមគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរនេះ ខណៈកន្លងមកទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក៏តែងតែជួយឧបត្ថមជាបន្តបន្ទាប់ដែរ។
លោកស្រីបន្តថា កាកបាទក្រហមកម្ពុជាដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ តែងតែគិតគូរយកចិត្តទុកដាក់បំផុតលើការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលក្នុងនោះការរួមចំណែកជួយព្យាបាលកុមារកម្ពុជា តាមរយៈការផ្តល់ជូននូវថវិកា សម្រាប់មន្ទីរពេទ្យកុមារអង្គរនេះ និងមន្ទីរពេទ្យគន្ធបុប្ផាជាដើម។
ក្នុងឱកាសនោះដែរ លោកស្រីបានថ្លែងអំណរគុណ និងកោតសរសើរដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកុមារអង្គរ ដែលបានខិតខំលះបង់កម្លាំងកាយចិត្តជួយសង្រ្គោះព្យាបាល ផ្តល់នូវក្តីអាណិតស្រឡាញ់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់កុមារ ជាពិសេស មន្ទីរពេទ្យកុមារអង្គរ ជាមន្ទីរពេទ្យដែលព្យាបាលជំងឺកុមារ យកចិត្តទុកដាក់បំផុត ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់ ហើយមិនយកថវិកាទេតាំងពីឆ្នាំ១៩៩៩មកម្ល៉េះ ដូច្នេះដើម្បីរួមចំណែកជួយទ្រទ្រង់កិច្ចដំណើរការរបស់មន្ទីរពេទ្យកុមារបេះដូងមនុស្សធម៌មួយនេះ ក្នុងការជួយសង្គ្រោះជីវិតកុមារកម្ពុជា ទើបសាខាកាកបាទក្រហកម្ពុជា ខេត្តសៀមរាប តែងតែនាំយកនូវថវិកាឧបត្ថម្ភជារឿយៗ ទោះបីជាថវិកាដែលបាននាំមកជូននាពេលចំនួនមានកម្រិតក្តី តែយើងសង្ឃឹមថា វាពិតជាបានចូលរួមចំណែកមួយយ៉ាងសំខាន់ដើម្បីទ្រទ្រង់សកម្មភាពជួយសង្គ្រោះកុមារកម្ពុជា ដែលមកសម្រាកព្យាលបាលនៅមន្ទីរពេទ្យនេះ ៕
ដោយ : សហការី