ភ្នំពេញ : ក្រសួងសង្គមកិច្ច បានបញ្ជាក់ថា, ៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) កន្លងមកមានកិច្ចសហការប្រកបដោយសមិទ្ធផលជាច្រើន។ នៅក្នុងឆ្នាំ២០២៣នេះ ស្ថាប័នទាំងពីរក៏បន្តកិច្ចសហការគ្នាជាបន្តទៀតដើម្បីសម្រេចបាននូវសមិទ្ធផលផ្សេងៗទៀត។
សូមបញ្ជាក់ថា,នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមុិញ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានជួបពិភាក្សាការងារជាមួយតំណាងរង នៃការិយាល័យឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) លោក បេនចាមីន ម៉ូរ៉ូ ផ្តោតលើកិច្ចសហការវាងស្ថាប័នទាំងពីរក្នុងឆ្នាំ២០២៣។
ក្នុងជំនួបនោះ ស្ថាប័នទាំងពីរបានជួបពិភាក្សាលើផែនការសកម្មរវាងស្ថាប័នទាំងពីរសម្រាប់ឆ្នាំ២០២៣ ដោយផ្តោតលើវគ្គបណ្ដុះបណ្ដាលស្ដីពី បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ និងក្របខណ្ឌច្បាប់ និងបទដ្ឋានគតិយុត្តិជាតិស្តីពីការការពារជនពិការ ដល់ក្រុមប្រឹក្សាសកម្មភាពជនពិការថ្នាក់ខេត្តចំនួន២ គឺខេត្តព្រះវិហារ និងខេត្តកំពង់ស្ពឺ។
ផែនការបន្តទៀតនោះ គឺស្ថាប័នទាំងពីរនឹងរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីអនុសញ្ញាស្ដីពីសិទ្ធិជនពិការ ក្របខណ្ឌច្បាប់ បទដ្ឋានគតិយុត្តិ និងគោលនយោបាយជាតិពាក់ព័ន្ធទៅនឹងសិទ្ធិជនពិការដល់មេធាវី។ គាំទ្រផ្នែកបច្ចេកទេសដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំ និងដាក់របាយការណ៍អនុវត្តលើ អនុសញ្ញាស្ដីពីសិទ្ធិជនពិការ គាំទ្រផ្នែកបច្ចេកទេសដល់រាជរដ្ឋាភិបាល ក្នុងដំណើរការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិជនពិការ។
ជាមួយគ្នានោះស្ថាប័នទាំងពីរនឹងរៀបចំវគ្គចែករំលែកបទពិសោធន៍ និងការណែនាំសង្ខេប សម្រាប់ប្រតិភូនៃរាជរដ្ឋាភិបាល ដែលនឹងចូលរួមកិច្ចពិភាក្សាអន្តរកម្ម ជាមួយនឹងគណៈកម្មការស្ដីពីសិទ្ធិជនពិការ។ ទន្ទឹមនឹងនេះសា្ថប័នទាំងពីរក៏នឹងលើកកម្ពស់សិទ្ធិ និងរូបភាពគាំពារសិទ្ធិជនពិការ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម៕