លោក ហ៊ុន ម៉ានិត សូមប្រកាសថាថ្ងៃនេះខេត្តកំពង់ចាម អស់មីន

ចែករំលែក៖

ខេត្តកំពង់ចាម : ឥទ្ធិពលសង្គ្រាមត្រជាក់ និងការប្រកួតប្រជែងប្រទេសមហាអំណាច បានធ្វើឱ្យកម្ពុជាធ្លាក់ចូលភ្លើងសង្គ្រាមជាច្រើនទស្សវត្ស និងបានបន្សល់ទុកនូវគ្រាប់មីន និងសំណល់ជាតិផ្ទុះជាច្រើនពាសពេញដី ដែលបានក្លាយជាបន្ទុកយ៉ាងធ្ងន់ធ្ងរសម្រាប់រាជរដ្ឋាភិបាល និងប្រជាជន។ បញ្ហាមីន និងសំណល់ជាតិផ្ទុះបានបង្កឱ្យបាត់បង់ដីស្រែចម្ការ មានមនុស្សស្លាប់ របួស ពិការ និងខូចខាតសម្ភារៈជាបន្តបន្ទាប់។ នេះជាប្រសាសន៍លើកឡើងពី លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ឯក បានថ្លែងថា, ស្ថិតក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ប្រតិបត្តិករនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាត និងកាកសំណល់សង្គ្រាម បានធ្វើការបោសសម្អាតចម្ការមីន ដែលនៅសេសសល់ ក្នុងទឹកដីខេត្តកំពង់ចាម ដោយបានរកឃើញ និងកំទេចចោលមីនប្រឆាំងមនុស្សចំនួន ៣៩ គ្រាប់ និងសំណល់ជាតិផ្ទុះផ្សេងទៀតចំនួន ៣២ គ្រាប់។ 

លោកបន្តថា, កន្លងមក មានរាជធានីខេត្តចំនួន ០៦ ដែលបានប្រកាសអស់មីនរួចហើយ រួមមានរាជធានីភ្នំពេញ ព្រះសីហនុ ត្បូងឃ្មុំ ព្រៃវែង កែប និងខេត្តស្ទឹងត្រែង ហើយគ្រោងប្រកាសខេត្តចំនួន ១១ ទៀត ជាខេត្តអស់មីនក្នុងឆ្នាំ ២០២៣។ 

ទោះថ្ងៃនះ យើងប្រកាសខេត្តកំពង់ចាមអស់មីន ប៉ុន្តែខេត្តកំពង់ចាមនៅមានផ្ទៃដីសង្ស័យមានសំណល់ជាតិផ្ទុះពីសង្គ្រាម ស្ថិតនៅពាសពេញខេត្តកំពង់ចាម ដែលទាមទារឱ្យពូមីង អ៊ុំ បងប្អូនប្រជាជនបន្តមានការប្រុងប្រយ័ត្ន និងរាយការណ៍ជូនសមត្ថកិច្ច ពេលប្រទះឃើញ។ 

លោកសូមថ្លែងអំណរគុណដល់ប្រតិបត្តិករបោសសម្អាតមីនទាំងអស់ ដែលបានបូជាគ្រប់បែបយ៉ាង ដើម្បីសុខសុវត្ថិភាពរបស់ប្រជាជន និងសូមថ្លែងអំណរគុណសប្បុរសទាំងក្នុងប្រទេស និងក្រៅប្រទេស ដែលបានរួមចំណែកជាថវិកា សម្រាប់ការអនុវត្តគម្រោងសម្អាតមីននានាទូទាំងប្រទេស។

ជាទីបញ្ចប់ សូមអបអរសាទរដល់ប្រជាជននៅខេត្តកំពង់ចាម អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ចំពោះការប្រកាសនាថ្ងៃនេះ ក្លាយជាខេត្តអស់មីន ហើយនេះជាផ្លែផ្កានៃសុខសន្តិភាព ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print