ភ្នំពេញ៖ បើយោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងថា៖ កម្លាំងនគរបាលជំនាញនៅទូទាំងប្រទេសកម្ពុជា បានត្រួតពិនិត្យ និងផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក លេីយានយន្តសរុបចំនួន ១៨១គ្រឿង នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងនោះមានម៉ូតូ ១៣៨គ្រឿង និងរថយន្ត ៤៣គ្រឿង។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានគូសបញ្ជាក់ថា៖ សម្រាប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១៣,១៩៦គ្រឿង ក្នុងនោះមានម៉ូតូ ១០,៩៤៤គ្រឿង និងរថយន្តគ្រប់ប្រភេទ ២,២៥២គ្រឿង។
បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក ស្រវឹង និងស្លាកលេខជាដើម។ ដោយឡែករថយន្តរួមមាន៖ ខ្សែក្រវាត់ ឆៀក ទូរស័ព្ទ អត់ស្លាកលេខ ល្មើសល្បឿន អត់បណ្ណបើកបរ និងល្មើសសញ្ញាជាដើម។
សូមជម្រាបដែរថា សម្រាប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះដែរ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា ក៏បានកើតឡើងចំនួន ០៩លើក ក្នុងនោះអ្នកស្លាប់ចំនួន ០៦នាក់ របួសចំនួន ១៦នាក់ (របួសធ្ងន់ចំនួន ០៩នាក់)។ រយៈពេល ៤៧ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤០០លើក បណ្ដាលឱ្យមនុស្សស្លាប់ ២០៥នាក់ របួស ៤៩៩នាក់ (របួសធ្ងន់ ៣៣៨នាក់)។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត៕ដោយ៖សហការី