កាលពីថ្ងៃទី ១៦ ខែកុម្ភៈ វត្ថុហោះមិនស្គាល់អត្តសញ្ញាណមួយត្រូវបានរកឃើញនៅក្នុងទីក្រុង Shijiazhuang ដែលបណ្តាលឱ្យអាកាសយានដ្ឋានក្នុងស្រុកត្រូវពន្យារពេលជើងហោះហើរជាបន្តបន្ទាប់។
បុគ្គលិកម្នាក់នៅអាកាសយានដ្ឋានអន្តរជាតិ Shijiazhuang Zhengding បាននិយាយថា ជើងហោះហើរដែលមកដល់អាកាសយានដ្ឋានចន្លោះម៉ោង ១១ ព្រឹក ដល់ម៉ោង ១៣ រសៀល ថ្ងៃទី ១៦ ខែកុម្ភៈ ត្រូវបានគេស្នើឱ្យបង្វែរទៅអាកាសយានដ្ឋានផ្សេងទៀតក្នុងទីក្រុងក្បែរៗ នោះដោយសារបញ្ហាខ្យល់អាកាសក្នុងអាកាសយានដ្ឋាន។
បន្ទាប់ពីនោះ ប្រតិបត្តិការនៅអាកាសយានដ្ឋានក្នុងទីក្រុង Shijiazhuang ខេត្ត Hebei ត្រូវបានស្តារឡើងវិញជាធម្មតា។
វេទិកាតាមដានជើងហោះហើររបស់ប្រទេសចិន Feichangzhun ក៏បានផ្តល់ព័ត៌មានស្រដៀងគ្នានេះផងដែរ នៅពេលដែលវាបាននិយាយថា ជើងហោះហើរមួយចំនួនទៅកាន់ Shijiazhuang ត្រូវបានបង្វែរទៅអាកាសយានដ្ឋានផ្សេងទៀតនៅម៉ោងប្រហែលថ្ងៃត្រង់ថ្ងៃទី ១៦ ខែកុម្ភៈ។
យោងតាមបុគ្គលិកម្នាក់នៃរដ្ឋបាលអាកាសចរណ៍ស៊ីវិលក្នុងតំបន់ភាគខាងជើងនៃប្រទេសចិន ជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិ Shijiazhuang Zhengding ត្រូវបានបង្វែរដោយសារតែការរកឃើញវត្ថុហោះមិនស្គាល់អត្តសញ្ញាណនៅលើអាកាសក្នុងតំបន់កាលពីថ្ងៃទី ១៦ ខែកុម្ភៈ។ បុគ្គលិករូបនេះក៏បាននិយាយដែរថា អាកាសយានដ្ឋានបានដំណើរការធម្មតាឡើងវិញ។
ទោះបីជាមន្ត្រីក្នុងតំបន់មិនបានបញ្ចេញព័ត៌មានលម្អិតអំពីវត្ថុហោះក៏ដោយ បើយោងតាមកាសែត Global Times វត្ថុនោះត្រូវបានគេជឿថាជាប៉េងប៉ោងខ្យល់ក្តៅ។
មុននោះ កាលពីថ្ងៃទី១២ ខែកុម្ភៈ វត្ថុហោះមិនស្គាល់អត្តសញ្ញាណមួយត្រូវបានគេរកឃើញនៅជិតទីក្រុងឆ្នេរសមុទ្រ Rizhao ខេត្ត Shandong ប្រទេសចិន៕
រូបថត : weibo