ភ្នំពេញ : តបតាមការអញ្ជើញរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា លោក ហ្រ្វាំង វ៉ាល់ធ័រ ឆ្កែនម៉ៃយ័រ ប្រធានាធិបតីនៃ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការនេះ ហ្វ្រាំង វ៉ាល់ធ័រ ឆ្កែនម៉យ័រ មានកិច្ចសន្ទនា ផ្លូវការជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ នៅថ្ងៃទី១៥ ខែកុម្ភៈ។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានកោតសរសើរយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្ររបស់ លោក ប្រធានាធិបតី មកកាន់ព្រះរាជាណាចក្រកម្ពុជា ដោយបានគូសបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ច ផ្លូវការលើកដំបូងបង្អស់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតកំពុងកាន់តំណែង នៃសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់។
បន្ទាប់ពីកិច្ចសន្ទនាផ្លូវការនេះ លោក ហ្វ្រាំង វ៉ាល់ធ័រ ឆ្កែនម៉ៃយ័រ បានអញ្ជើញដាក់កម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ “ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងថ្ងៃដដែរ លោកប្រធានាធិបតី ក៏មានកិច្ចសន្ទនាផ្លូវការប្រកបដោយផ្លែផ្កាជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រធាន បទសំខាន់ៗជាច្រើនត្រូវបានលើកយកមកពិភាក្សា រួមមាន ទិដ្ឋភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ព្រមទាំងបញ្ហាសំខាន់ៗផ្សេងទៀតដែលជាផលប្រយោជន៍ និងកង្វល់រួម ។ សម្តេច តេជោនាយករដ្ឋមន្ត្រី ក៏បានរំលឹកពីកិច្ចពិភាក្សាដ៏មានសារៈសំខាន់រវាង សម្ដេចតេជោ និងអធិការបតី អាល្លឺម៉ង់ អូឡាហ៍ ហុលស៍ នៅឯកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប នៅថ្ងៃ ទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងប្រ៊ូចសែល។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងការកោតសរសើរ ដោយស្មោះចំពោះការគាំទ្រ និងការចូលរួមចំណែកជាបន្តបន្ទាប់របស់រដ្ឋាភិបាល និងប្រជាជនន សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាលើវិស័យជាច្រើន រួមមាន អប់រំ វប្បធម៌ ការអភិវឌ្ឍជនបទ ការកាត់បន្ថយភាពក្រីក្រ ថាមពល ការបោសសម្អាតមីន អភិបាល កិច្ចល្អ វិមជ្ឈការ កំណែទម្រង់ដីធ្លី ។ល។ ព្រមទាំងការរួមចំណែកដ៏សំខាន់នាពេលថ្មីៗនេះ ក្នុង ផែនការឆ្លើយតបបន្ទាន់របស់រាជរដ្ឋាភិបាលចំពោះវិបត្តិកូវីដ-១៩ ដែលបានជួយឱ្យកម្ពុជាយកឈ្នះ លើជំងឺកូវីដ-១៩ និងបានបើកប្រទេសឡើងវិញទាំងស្រុង។ លោក ប្រធានាធិបតី ហ្វ្រាំង វ៉ាល់ធ័រ ឆ្កែនម៉ៃយ័រ បានកោតសរសើរយ៉ាងខ្លាំងចំពោះវឌ្ឍនភាពដែលកម្ពុជាសម្រេចបានក្នុងរយៈកាលជាង ២៥ឆ្នាំ កន្លងមកនេះ និងសាទរចំពោះជោគជ័យរបស់កម្ពុជាក្នុងការធ្វើជាប្រធានអាស៊ានឆ្នាំ ២០២២។
ក្នុងអំឡុងពេលនៃកិច្ចសន្ទនា សម្តេចតេជោនាយករដ្ឋមន្ត្រី បានកត់សម្គាល់ដោយការ ពេញចិត្តយ៉ាងជ្រាលជ្រៅថា ក្នុងចំណោមប្រទេសសហភាពអឺរ៉ុបទាំង២៧. ប្រទេសអាល្លឺម៉ង់ គឺជា ដៃគូពាណិជ្ជកម្មទ្វេភាគីដ៏ធំបំផុតរបស់កម្ពុជា។ សម្ដេចតេចជោ ក៏បានកោតសរសើរយ៉ាងខ្លាំង ចំពោះការគាំទ្ររបស់រដ្ឋាភិបាលអាល្លឺម៉ង់សម្រាប់សកម្មភាពដោះមីននៅកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៤ មក និង បានជម្រាបជូន លោកប្រធានាធិបតី ថា កម្ពុជាបានដាក់គោលដៅក្លាយជាប្រទេសគ្មាន គ្រាប់មីនត្រឹមឆ្នាំ ២០២៥។ លោកប្រធានាធិបតី ហ្រ្វាំង វ៉ាល់ធ័រ ឆ្កែនម៉ៃយ័រ បានឆ្លើយបញ្ជាក់វិញ ដោយក្តីរីករាយថា រដ្ឋាភិបាលអាល្លឺម៉ង់ នឹងនៅតែបន្តគាំទ្រដល់ប្រតិបត្តិការដោះមីននៅកម្ពុជា និង កិច្ចខំប្រឹងប្រែងអភិរក្សប្រាង្គប្រាសាទអង្គរ។
បន្ទាប់ពីកិច្ចសន្ទនាផ្លូវការបានបញ្ចប់ លោក ហ្រ្វាំង វ៉ាល់ធ័រ ហ្គែនម៉ៃយ័រ បានដឹកនាំគណៈ ប្រតិភូធុរកិច្ចអាល្លឺម៉ង់ ចូលរួមក្នុងជំនួបឧទ្ទេសនាម ជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ លោកប្រធានាធិបតី បានបញ្ជាក់សាជាថ្មីនូវការត្រៀមខ្លួនរួចជាស្រេចរបស់ប្រទេស អាល្លឺម៉ង់ ក្នុងការជួយដល់កម្ពុជាប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់ថាមពល កកើតឡើងវិញ។ បច្ចេកវិទ្យាអាល្លឺម៉ង់ក៏មានផងដែរដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម រយៈពេលវែងរបស់កម្ពុជា។ ថ្នាក់ដឹកនាំទាំងពីរ បានចែករំលែកទស្សនលើទិដ្ឋភាពសំខាន់ៗនានាន ការវិនិយោគ ក៏ដូចជាសក្តានុពលនៅកម្ពុជា។ សម្ដេចតេជោ បានជម្រាបជូនវិនិយោគិនអាល្លឺម៉ង់អំពី ឱកាសវិនិយោគនៅកម្ពុជា និងបានអញ្ជើញក្រុមធុរកិច្ចជ្រើសរើសយកប្រទេសកម្ពុជាជាគោលដៅ វិនិយោគផ្ទាល់ពីបរទេស (FDI) របស់អាល្លឺម៉ង់ ដោយផ្តោតលើគុណសម្បត្តិប្រៀបធៀបដែលកម្ពុជា មាន មានដូចជា ច្បាប់វិនិយោគថ្មី សហគមន៍អាស៊ាន និងកិច្ចព្រមព្រៀងភាពជាសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយតំបន់ (RCEP)។ គណៈប្រតិភូធុរកិច្ចអាល្លឺម៉ង់ បានទទួលស្គាល់ថា កម្ពុជាជាប្រទេសមួយក្នុង ចំណោមប្រទេសដែលមានភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្ម មានភាពបើកចំហ និងមានស្ថិរភាព។ គណៈប្រិតភូ
បានកោតសរសើរចំពោះការអភិវឌ្ឍរបស់កម្ពុជាក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ជាពិសេស ជោគជ័យដ៏ធំធេងរបស់កម្ពុជា ក្នុងការដោះស្រាយវិបត្តិកូវីដ-១៩។ គណៈប្រតិភូធុរកិច្ច បាន សម្តែងនូវបំណងក្នុងការបង្កើនវត្តមានរបស់ខ្លួននៅកម្ពុជា។
អំឡុងពេលស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា លោក ហ្រ្វាំង វ៉ាល់ធ័រ ឆ្កែនម៉ៃយ័រ បាន អញ្ជើញទៅទស្សនាអង្គការហាឡូត្រាស (Halo Trust) និងឧទ្យានបុរាណវិទ្យាអង្គ ក៏ដូចជា គម្រោងផ្សេងៗនៅក្នុងខេត្តសៀមរាប ដែលគាំទ្រដោយប្រទេសអាល្លឺម៉ង់ជាមួយនឹងអាជ្ញាធរជាតិ អប្សរា។ ខណៈដែលនៅរាជធានីភ្នំពេញ លោកប្រធានាធិបតី បានអញ្ជើញទៅទស្សនាសារៈមន្ទីរ ប្រល័យពូជសាសន៍ទួលស្លែង។
ដើម្បីអបអរសាទរទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្រដ៏មានតម្លៃដ៏ឧត្តុងឧត្តមនេះ សម្តេចវិបុល សេនាភក្តី សាយ ឈុំ បានរៀបចំពិធីលៀងសាយភោជន៍ផ្លូវការជាកិត្តិយសជូន លោកប្រធានាធិបតី ហ្រ្វាំង វ៉ាល់ធ័រ ឆ្កែនម៉ៃយ័រ លោកស្រីទី១ និងគណៈប្រតិភូជាន់ខ្ពស់ នៅវិមានសន្តិភាព។
ជាផ្នែកមួយនៃទស្សនកិច្ចនេះ គណៈប្រតិភូធុរកិច្ចអាល្លឺម៉ង់ មានកិច្ចប្រជុំការងារដោយឡែក ជាមួយ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ផងដែរ។
ដំណើរទស្សនកិច្ចផ្លូវការរបស់លោក ហ្វ្រាំង វ៉ាល់ធ័រ ឆ្កែនម៉ែយ័រ ប្រធានាធិបតីនៃ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានបើកទំព័រមាសក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ ទស្សនកិច្ចនេះ បានប្រារព្ធឡើង ប្រកបដោយផ្លែផ្កា និងក្នុងបរិយាកាសស្និទ្ធស្នាលនៃការជឿទុកចិត្តគ្នាទៅវិញទៅមក ការវាយតម្លៃខ្ពស់ និងការគោរព ដែលបង្កើតបានជាឆ្អឹងខ្នងសម្រាប់ទំនាក់ទំនងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើនរវាងប្រទេសទាំងពីរ៕