«កម្ពុជា និងថៃ ជឿជាក់ថា ទំនាក់ទំនងគ្រប់វិស័យនឹងត្រូវពង្រីកថែមទៀត»ឱ្យបាននូវគោលដៅពាណិជ្ជកម្មទ្វេភាគី ក្នុងទំហំទឹកប្រាក់ ១៥ ពាន់លាន ដុល្លារអាមេរិក នៅឆ្នាំ ២០២៥

ចែករំលែក៖

ភ្នំពេញ : លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក ឆឺតកៀត អាត់ថាកន (Cherdkiat Atthakor) ឯកអគ្គរាជទូតថ្មី នៃព្រះរាជាណាចក្រថៃ ប្រចាំកម្ពុជា បានសម្តែងនូវការពេញចិត្តយ៉ាង ជ្រាលជ្រៅចំពោះទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ និងមានជំនឿថា កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ នឹងត្រូវពង្រីកបន្ថែមទៀត ក្នុងឱកាសដែល លោក ឯកអគ្គរាជទូត ចូលជួប សម្ដែងការគួរសមជាមួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ នាទីស្តីការក្រសួង។

ភាគីទាំងពីរបានពិភាក្សាអំពីភាពជាដៃគូទ្វេភាគី ក្នុងវិស័យមួយចំនួន ដូចជា ពាណិជ្ជកម្ម និងការវិនិយោគ ការងារ អប់រំ ការដោះមីន ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ រួមទាំង ច្រកព្រំដែន អន្តរជាតិផងដែរ។ ភាគីទាំងពីរបានផ្តល់សារៈសំខាន់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា សំដៅសម្រេច ឱ្យបាននូវគោលដៅពាណិជ្ជកម្មទ្វេភាគី ក្នុងទំហំទឹកប្រាក់ ១៥ ពាន់លាន ដុល្លារអាមេរិក នៅឆ្នាំ ២០២៥ និងប្រតិបត្តិការបោសសម្អាតមីននៅតាមបណ្ដោយព្រំដែន ដោយពុំចាំបាច់រង់ចាំការ បញ្ចប់ការងារកំណត់ព្រំដែន នោះឡើយ។ អាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ កំពុងរៀបចំឯកសារ ស្ដីពី កម្មវិធីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់រយៈពេល ៣ ឆ្នាំ បន្ទាប់ (២០២៣-២០២៥)។

លោកឧបនាយករដ្ឋមន្ត្រី បានស្នើប្រទេសថៃ បន្តផ្តល់ការយកចិត្តទុកដាក់ចំពោះពលករ កម្ពុជា និងបន្តផ្តល់អាហារូបករណ៍ ជូនដល់និស្សិតកម្ពុជា។ ក្នុងនាមជាអតីតអ្នកការទូតថៃ នៅទី ក្រុងភ្នំពេញ កាលពី៣០ឆ្នាំមុន លោកឯកអគ្គរាជទូត អាត់ថាកន បានចំណាប់អារម្មណ៍ និង ពិនិត្យឃើញដោយផ្ទាល់នូវការរីកចម្រើនយ៉ាងឆាប់រហ័ស នៅកម្ពុជា។ ជាងនេះទៅទៀត លោក ឯកអគ្គរាជទូត ក៏បានជម្រាបជូនអំពីការត្រៀមរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់ឧបនាយករដ្ឋមន្ត្រី នៅប្រទេសថៃ ដែលគ្រោងនឹងធ្វើឡើងនៅចុងខែនេះ ផងដែរ ។

លោកឯកអគ្គរាជទូតថ្មី បានអបអរសាទរកម្ពុជាចំពោះសមិទ្ធិផលនានាដែលសម្រេចបាន ក្នុងឋានៈជាប្រធានអាស៊ាន និងបានកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់ លោក ឧបនាយករដ្ឋមន្ត្រី ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា កាលពីឆ្នាំមុន។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានសាទរប្រទេសថៃ ដែលបានធ្វើជាប្រធាន APEC ប្រកបដោយ ជោគជ័យ នៅឆ្នាំ ២០២២ ផងដែរ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print