«សាធារណរដ្ឋកូរ៉េ នឹងបន្តផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា»

ចែករំលែក៖

ភ្នំពេញ : យើងខ្ញុំនឹងបន្តផ្តល់ការគាំទ្រ និងកិច្ច សហប្រតិបត្តិការជាមួយកម្ពុជា» នេះជាការអះអាងរបស់ លោក Park Jung-Wook ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ក្នុងឱកាសដែល លោក ចូលជួបសម្តែងការគួរសម ជាមួយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នាទីស្តីការក្រសួង។ លោកឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវក្ដី សោមន្សរីករាយចំពោះតួនាទីរបស់លោក នៅកម្ពុជា ដែលជាប្រទេសមានប្រវត្តិសាស្ត្រ និងកេរ្តិ៍ មរតកវប្បធម៌ដ៏អស្ចារ្យ ព្រមទាំងបានអះអាងអំពីការប្តេជ្ញាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តម ដើម្បីលើក កម្ពស់ និងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការកំពុងរីកចម្រើនគ្រប់វិស័យ រវាងប្រទេសទាំងពីរ។

លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញដោយការពេញចិត្តថា ឆ្នាំ២០២២ គឺជាឆ្នាំ ប្រសើរបំផុតនិងប្រកបដោយអត្ថន័យ នៅក្នុងទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ ដោយសារមាន ការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់យ៉ាងច្រើន។ លោកឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ដោយ ការពេញចិត្តចំពោះជំនាញ និងបទពិសោធន៍របស់ លោកឯកអគ្គរដ្ឋទូតថ្មី ក្នុងផ្នែកសេដ្ឋកិច្ចនិង ពាណិជ្ជកម្ម ដែលនឹងត្រួសត្រាយផ្លូវបន្ថែមទៀតសម្រាប់កិច្ចសហការដ៏រឹងមាំរវាងប្រទេសទាំងពីរ ជាពិសេស ក្នុងបរិបទនៃការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងព្រះរាជាណាចក្រ កម្ពុជា និងសាធារណរដ្ឋកូរ៉េ ក៏ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីស្ដីពី ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ ជ្រុងជ្រោយក្នុងតំបន់ (RCEP)។

ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើមធ្យោបាយ និងវិធីសាស្ត្រនានា ដើម្បីលើកកម្ពស់ បន្ថែមទៀតនូវភាពជាដៃគូទ្វេភាគី ក្នុងវិស័យជាច្រើន ដូចជា ពាណិជ្ជកម្មនិងសេដ្ឋកិច្ច សុខាភិបាល ការផ្គត់ផ្គង់កម្លាំងពលកម្ម កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ យោធា ការអភិវឌ្ឍធនធានមនុស្ស យុត្តិធម៌ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរ គុណចំពោះការប្តេជ្ញាចិត្ត និងជំនួយរបស់សាធារណរដ្ឋកូរ៉េ ក្នុងការជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ដោយគម្រោងស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ គឺជាឧទាហរណ៍ថ្មីបំផុតនៃការគាំទ្ររបស់សាធារណរដ្ឋកូរ៉េ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូន លោក ឯកអគ្គរដ្ឋទូត អំពីយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ដែលក្រសួងការបរទេសកម្ពុជា បានដាក់ចេញក្នុង ឆ្នាំ២០២១ ផងដែរ។

នៅចុងបញ្ចប់នៃជំនួប លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង លោក ឯកអគ្គរដ្ឋទូត Park Jung-Wook បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើបញ្ហានានាដែលជាផលប្រយោជន៍រួម នៅក្នុងវេទិកាពហុភាគី៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print