ភ្នំពេញ៖ ប្តីតារាកំប្លែងនាង សុខ ចាន់ធីតា ហៅ កាតុ ដែលជាតន្ត្រីករនោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាលម៉ែត្រ រួចបញ្ចូនបន្តទៅមន្ទីរពេទ្យនៃប្រទេសវៀតណាមកាលពីថ្ងៃទី៤ ខែមិថុនា មកម្ល៉េះ។ ទើបនឹងសម្រាកព្យាបាលជំងឺទាក់ទងនឹងសរសៃឈាមនេះមិនទាន់បានមួយសប្តាហ៍ផងគឺក្រុមគ្រួសារនាងចំណាយប្រាក់ប្រមាណជាង២ម៉ឺនដុល្លារបាត់ទៅហើយ។
ប្តីកាតុគឺនាយខ្យង ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗក្រោយពីលោកមានអាការៈស្ទះៗពិបាកដកដង្ហើម។ តាមការបញ្ជាក់ពីសាច់ញាតិរបស់ក្រុមគ្រួសារប្តីប្រពន្ធអ្នកសិល្បៈទាំងពីរខាងលើបញ្ជាក់ថា លោក ខ្យង កើតជំងឺសរសៃត្បៀត ប៉ុន្តែមិនមែនតែមួយទេគឺលោកមានត្បៀតសរសៃឈាមដល់ទៅពីរដែលការព្យាបាលសរសៃឈាមត្បៀតតែមួយគឺ៦ពាន់ដុល្លារអាមេរិក ហើយគ្រាន់តែថ្លៃថតគឺ៧០០ដុល្លារអាមេរិក ហើយនៅចំណាយផ្សេងទៀត អំឡុងពេលគាត់នៅបន្ទប់សង្គ្រោះបន្ទាន់ប្រហែលមួយថ្ងៃត្រូវចំណាយពី៣០០ទៅ៤០០ដុល្លារអាមេរិកបាត់ទៅហើយ។
តាមការបញ្ជាក់របស់តារាកំប្លែងអ្នកនាង សុខ ចាន់ធីតា ហៅកាតុ បញ្ជាក់ថា នាងពិតជាតក់ស្លុតនិងស្រឡាំងកាំងពេលឃើញស្វាមីដែលមិនធ្លាប់មានជំងឺនេះពីមុនមកទេ។ នាងថា អ្វីដែលកាន់តែធ្វើឲ្យនាងតក់ស្លុតគឺក្រោយពីពេទ្យជំនាញប្រាប់ថា ស្វាមីនាងអាចប្រឈមនឹងការគ្រោះថ្នាក់ដល់ជីវិតប្រសិនបើយឺតពេលតែបន្តិច។ នាងបញ្ជាក់ថា នាងពិតជាសោកស្តាយដែលស្វាមីមានជំងឺដ៏អាក្រក់នេះហើយត្រូវចំណាយប្រាក់កាក់ដែលសន្សំជាយូនោះមកហើយដែរ។ នាងបញ្ជាក់ដែរថា ក្រោយចោះសរសៃឈាមរួចមកស្ថានភាពជំងឺស្វាមីនាងបានប្រសើរជាងមុនបន្តិច ប៉ុន្តែនៅមិនទាន់អាចនិយាយស្តីបានច្រើនឡើយព្រោះចេះតែហត់។ នាងបញ្ជាក់ដែរថា យ៉ាងហោចណាស់ស្វាមីនាងត្រូវចំណាយពេលប្រមាណជិតមួយសប្តាហ៍ទៀតដើម្បីបន្តតាមដានសភាពជំងឺដែលនឹងអាចឲ្យនាងចំណាយប្រាក់បន្ត។ នាងរំពឹងថា ស្ថានភាពសុខភាពស្វាមីនាងនឹងកាន់តែប្រសើរជាងមុនជាក់ជាមិនខាន។
សម្រាប់ការងារសិល្បៈវិញតារាចម្រៀង និងកំប្លែងស្រីរូបនេះបញ្ជាក់ថា មានកម្មវិធីខ្លះត្រូវដាក់អ្នកជំនួសខណៈដែលកម្មវិធីខ្លះត្រូវខកខាននិងសុំទោលអ្នកផលិតកម្មវិធីជាដើម៕
ដោយ៖ វឌ្ឍនា