ទូក ង វែងជាងគេលើពិភពលោក “កម្ពោជិកបុត្តាខេមរាតរី” ត្រូវបានរំកិលដាក់តាំងតម្កល់ក្នុងរោងថ្មីហើយ!

ចែករំលែក៖

ខេត្តព្រៃវែង : បន្ទាប់ពីធ្វើការសាងសង់អស់ជាច្រើនខែ ថ្ងៃនេះរោងតម្កល់ទូក ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ និងបានរំកិលទូកង វែងជាងគេលើពិភពលោក “កម្ពោជិកបុត្តាខេមរាតរី” ដាក់តាំងបង្ហាញជាផ្លូវការក្នុងរោងថ្មីដ៏ស្រស់ស្អាតនេះហើយ ក្រោមអធិបតីភាព លោក ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។

រោងតម្កល់ទូកង វែងជាងគេលើពិភពលោកនេះ ត្រូវបានសាងសង់ឡើងលើផ្ទៃដី ២ ៤៩២ម៉ែត្រការេ ដែលមានទទឹង ៨,៦០ម៉ែត្រ បណ្តោយ ៩៨,៨០ម៉ែត្រ និងកម្ពស់ ១១ម៉ែត្រ ស្ថិតនៅក្នុងភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង (មុខសាលាខេត្ត)។

លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានថ្លែងថា, ពុកម៉ែ បងប្អូនប្រជាពលរដ្ឋខ្មែរ ប្រហែលជាមិនទាន់ភ្លេចទេ ទូក ង ខ្មែរដ៏អស្ចារ្យ និងជាប់កំណត់ត្រាជាទូក ង វែងជាងគេលើពិភពលោក ដែលត្រូវបានចុះវាយតម្លៃផ្ទាល់ដោយតំណាងអង្គការ Guinness World Records នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ឈ្មោះ “កម្ពោជិកបុត្តាខេមរាតរី”។

លោករដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា និងជា អនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បានបន្តថា, ទូក ង “កម្ពោជិកបុត្តាខេមរាតរី” ផលិតឡើងតាមរថនាបថ និងបច្ចេកទេសកូនខ្មែរ ជាទូកវែងជាងគេលើពិភពលោក ដែលមានប្រវែង ៨៧,៣០ម៉ែត្រ ទទឹង ១,៩៤ម៉ែត្រ ជម្រៅ ០,៨០ម៉ែត្រ និងកម្រាស់សាច់ឈើទូក ៧សង់ទីម៉ែត្រ ដែលអាចផ្ទុកចំណុះបានចំនួន ១៧៩នាក់។

លោកបន្តថា, ក្នុងនាមជាអ្នកស្ថាបនិកដឹកនាំកសាងទូក ង “កម្ពោជិកបុត្តាខេមរាតរី” សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារគ្រប់ផ្នែក គ្រប់ជំនាញទាំងអស់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី សិស្ស និស្សិត ដែលបានរួមគ្នាកសាង និងថែរក្សាទូក ង ស្នាដៃកូនខ្មែរដ៏ល្អប្រណីត និងល្បីល្បាញលើឆាកអន្តរជាតិមួយនេះ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print