ភ្នំពេញ: បុរសម្នាក់នឹងមានស្ត្រីម្នាក់រួមដំណើរជាមួយបើករថយន្តFordមួយគ្រឿងបុកជាមួយម៉ូតូពេញទំហឹងបណ្ដាលឲ្យកិនអូសជាច្រើនម៉ែត្រ និងរងរបួសធ្ងន់បុរស ម្នាក់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨ និង ៤០ នាទីយប់ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវបេតុងបែកជាបួន ចំណុចបុរីភ្នំពេញថ្មី២ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមC-125 ស៊េរីឆ្នាំ 2007 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1T-0841បានដឹកឆ្អឹងជ្រូកសម្រាប់យកទៅធ្វើស៊ុបមួយថង់ ដោយធ្វើដំណើរទើសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្ត Ford មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BE-5082បើកបរដោយបុរសម្នាក់និងមានស្ត្រីម្នាក់រួមដំណើរជាមួយ ដោយធ្វើដំណើរទិសដៅពីរកើតទៅលិច ជ្រុលបុកជាមួយម៉ូតូពីចំហៀងពេញទំហឹងបណ្ដាលឲ្យកិនអូសម៉ូតូប្រមាណជិត ៣០ ម៉ែត្រ និងបណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ចំណែកឆ្អឹងជ្រូកសម្រាប់យកទៅធ្វើស៊ុប ធ្លាក់រាយប៉ាយពេញផ្លូវ។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ ចំណែកអ្នកបើកបររថយន្តនិងអ្នករួមដំណើរបានឡើងរថយន្តមួយគ្រឿងទៀតគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕