បុរសម្នាក់បើករថយន្តបុកតូបលក់អីវ៉ាន់នឹងបង្គោលខ្សែភ្លើងបាក់មួយដើម

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តយ៉ាងលឿនបានរេចង្កូត ទៅបុករះតូបលក់ដូរនៅលើចិញ្ចើមផ្លូវ ហើយរថយន្តបន្តទៅបុកផ្ទប់នឹងបង្គោលភ្លើង បណ្តាលឲ្យបាក់មួយដើម។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីម៉ោង ១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតគេឃើញបុរសម្នាក់បើករថយន្តម៉ាកLexusLX470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-1846 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីកើតមកលិចយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ពុំដឹងថាមានបញ្ហាអ្វីនោះទេ ស្រាប់តែរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករះតូបលក់ដូររបស់ប្រជាពលរដ្ឋនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យខូចខាតចំនួន៣តូបរួមទាំងគ្រឿងភេសជ្ជៈអស់មួយចំនួន ហើយរថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុកផ្ទប់បង្គោលភ្លើងមួយដើម បណ្តាលឲ្យបាក់ទ្រេតជិតដល់ដី សំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួស។
បន្ទាប់ពីកើតហេតុ អ្នកបើករថយន្តបានរត់គេចខ្លួន ពីកន្លែងកើតហេតុ ហើយសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកលៀប បានចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើកំណត់ហេតុស្ទូចយករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួន មកដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print