ភ្នំពេញ : អ្វីដែលត្រូវបានមន្ត្រីលើកឡើងថា, ពុករលួយ បក្សពួកនិយម ខណៈមាន មា-មីង និងក្មួយ បានល្បីឈ្មោះកាលពីដើមឆ្នាំ២០២៣នេះ ក្នុងរឿងអាស្រូវគ្រួសារ បក្ខពួកនិយម និងអំពើពុករលួយក្រោមដំបូលអំណាចរដ្ឋមន្ដ្រី ដែលជាឪពុក និងបងថ្លៃនៅក្រសួងអភិវឌ្ឍន៍ជនបទ ។ ប៉ុន្តែកន្លងទៅនេះខាងក្រសួងអភិវឌ្ឍន៍ជនបទ បានច្រានចោលនូវរឿងទាំងអស់នេះ !
សូមបញ្ជាក់ថា, ចាប់តាំងពីលោក បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមកកាន់មុខតំណែងជា រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ គឺសាច់ញាតិ ក្រុមគ្រួសាររបស់លោក រដ្ឋមន្ដ្រីរូបនេះ ក៏បានយកសាច់ញាតិ មកកាន់តំណែងជាថ្នាក់ដឹកនាំនៅក្រសួងអភិវឌ្ឍន៍ជនបទ ជាបន្តបន្ទាប់ផងដែរ។ នេះបើយោងតាមពាក្យបណ្ដឹង ដែលមន្ត្រីរាជការបម្រើការងារនៅក្រសួងអភិវឌ្ឍន៍ជនបទ សូមគោរពជូន លោកកិត្តិនីតិកោសលបណ្ឌិត ឱម យុិនទៀង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ដោយបញ្ជាក់យ៉ាងដូច្នេះថា, រួមមាន ៖
១/-លោក ភួង សោភា ជារដ្ឋលេខាធិការ ត្រូវជាប្អូនថ្លៃ លោករដ្ខមន្ដ្រី ( ទទួលបានការតែងតាំងមុខតំណែងចំនួនពីរលើកក្នុងមួយឆ្នាំ គឺលើកទី១ ជាអនុរដ្ឋលេខាធិការ នៅដើមឆ្នាំ២០១៩ និងលើកទី២ ជារដ្ឋលេខាធិការ នៅចុងឆ្នាំ២០១៩ ) ។
២/-លោក អ៊ុក ពញ្ញា ជារដ្ឋលេខាធិការ ត្រូវជាកូនប្រុសបង្កើតរបស់លោក រដ្ឋមន្ដ្រី ( ទទួលបានការតែងតាំងមុខតំណែងនៅខែកក្កដា ឆ្នាំ២០២០ ) ។
និង៣/-លោកស្រី គង់ សុធីរី ជាអនុរដ្ឋលេខាធិការ ត្រូវជាភរិយារបស់លោក ភួង សោភា ដែលជារដ្ឋលេខាធិការ និងត្រូវជាប្អូនថ្លៃរបស់លោក រដ្ឋមន្ដ្រី ( ទទួលបានការតែងតាំងមុខតំណែងនៅដើមឆ្នាំ២០២៣ )…។ល។
ការចូលមកកាន់មុខតំណែង « មូលគ្នា » នៅក្រសួងអភិវឌ្ឍន៍ជនបទ របស់សាច់ញាតិ ក្រុមគ្រួសាររបស់ លោក បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ជារដ្ឋមន្ដ្រី បែបនេះ គឺបានធ្វើឲ្យមជ្ឈដ្ឋានមន្ដ្រីរាជការក្រោមឱវាទក្រសួងអភិវឌ្ឍន៍ជនបទ នាំគ្នាលាន់មាត់ថា ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានគ្រប់គ្រង ដឹកនាំរុំព័ទ្ធពីលើដល់ក្រោមដោយបណ្ដាញក្រុមគ្រួសារ សាច់ញាតិ និងបក្ខពួករបស់លោក រដ្ឋមន្ដ្រី ពេញទំហឹង ហើយក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានជាប់ឈ្មោះជា ក្រសួង « អភិវឌ្ឍន៍ក្រុមគ្រួសារ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន » ផងដែរ ។
សារព័ត៌មានក្នុងស្រុកបានចុះផ្សាយបញ្ហានេះ តាមរយៈសេចក្ដីរាយការណ៍ពីក្រុមមន្ដ្រីរាជការបម្រើការងារនៅក្រសួងអភិវឌ្ឍន៍ជនបទ ដែលសុំមិនបញ្ចេញអត្តសញ្ញាណ បានបង្ហើបប្រាប់ឲ្យសារព័ត៌មាន ក្នុងស្រុកអោយដឹងថា : ក្នុងនាមជាអ្នកសម្របសម្រួលគម្រោងអភិវឌ្ឍន៍នានា និងជាថ្នាក់ដឹកនាំក្រសួង គឺមា និងក្មួយ ( លោក ភួង សោភា និង លោក អ៊ុក ពញ្ញា ) សឹងក្លាយជា អ្នកមានអំណាច ឥទ្ធិពល ក្របដណ្តបនៅក្រសួងអភិវឌ្ឍន៍ជនបទ ពេញដៃទៅហើយៗក៏បានកាក់កបសម្បើមណាស់ពីផលប្រយោជន៍ នៃការកាត់ភាគរយពីគម្រោងអភិវឌ្ឍន៍នានា និងពីខ្ទង់ចំណាយរបស់មន្ទីរជំនាញរាជធានី-ខេត្ត ជាពិសេសគម្រោង ដែលប្រើប្រាស់ថវិកាជាតិ ។
សារព័ត៌មានក្នុងស្រុកបានផ្សព្វផ្សាយឲ្យដឹងទៀតថា, ឈានចូលមកដល់ឆ្នាំ២០២៣ភ្លាម លោកស្រី គង់ សុធីរី ជាភរិយារបស់ លោក ភួង សោភា និងត្រូវជាមីងរបស់ លោក អ៊ុក ពញ្ញា អតីតជាប្រធាននាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានចាកចេញពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ( នៅពេលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរដ្ឋមន្ដ្រីថ្មី ) មកកាន់តំណែងធំជាងមុននៅក្រសួងអភិវឌ្ឍន៍ជនបទ ។
ឥឡូវ មា និងក្មួយ ( លោក ភួង សោភា និង លោក អ៊ុក ពញ្ញា ) បានល្បីឈ្មោះហើយក្នុងរឿងអាស្រូវគ្រួសារ សាច់ញាតិ បក្ខពួកនិយម និងការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធនៅក្រសួងអភិវឌ្ឍន៍ជនបទ បន្ទាប់ពីក្រុមមន្ដ្រីរាជការក្រោមឱវាទក្រសួងអភិវឌ្ឍន៍ជនបទ ដាក់ពាក្យប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ( ACU ) រួចមក ។
សូមជម្រាបជូនថា, ករណីខាងលើ មន្ត្រីរាជការកំពុងរងចាំចំណាត់ការ ស៊ើបអង្កេត ស្រាវជ្រាវ ពីអង្គភាព អំពើពុករលួយ ប៉ុន្តែនាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងអភិវឌ្ឍន៍ជនបទ បានចេញសេចក្ដីប្រកាសព័ត៌មានបដិសេធទាំងស្រុងចំពោះជនអនាមិក សារព័ត៌មាន បណ្ដាញសង្គម ដែលបានផ្សព្វផ្សាយព័ត៌មានគ្មានភស្តុតាងច្បាស់លាស់ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយក្រសួងអភិវឌ្ឍន៍ជនបទ បានចេញសេចក្តីប្រកាសព័ត៌មាន យ៉ាងដូច្នេះថា, សេចក្តីប្រកាសព័ត៌មាន
នាពេលថ្មីៗកន្លងមកនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានជនអនាមិកប្រើប្រាស់សារព័ត៌មាន និង បណ្តាញសង្គម ដើម្បីផ្សព្វផ្សាយបំផ្លើសបំភ្លៃធ្វើឱ្យមានការប៉ះពាល់ដល់ដំណើរការនៃការអនុវត្តការងាររបស់ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាស្ថាប័នរបស់រាជរដ្ឋាភិបាល។
ក្រសួងអភិវឌ្ឍន៍ជនបទ សូមធ្វើការបដិសេធទាំងស្រុងរាល់ការចោទប្រកាន់ទាំងអស់ដែលគ្មាន មូលដ្ឋាន និងភស្តុតាងច្បាស់លាស់ប្រាសចាកពីការពិត មានចេតនាមួលបង្កាច់ញុះញង់បង្កឱ្យមានការភាន់ ច្រឡំដល់សាធារណជន និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ក្រសួង។
កន្លងមកនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានខិតខំអនុវត្តគោលនយោបាយអភិវឌ្ឍន៍ជនបទ សំដៅ លើកកម្ពស់គុណភាពនិងគុណតម្លៃជីវិតរស់នៅរបស់ប្រជាជនជនបទប្រកបដោយ បរិយាបន្ន ទាំងផ្នែក សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនស្របតាមគោល នយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងម៉ឺងម៉ាត់ របស់ សម្តេចអគ្គមហាសនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្ដែង ក្រសួងបានខិតខំធ្វើការតភ្ជាប់ផ្លូវគមនាគមន៍ទៅគ្រប់ច្រកល្ហកនៅតំបន់ជនបទ ជាពិសេសតំបន់ ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់។ ផ្លូវលំជនបទទាំងឡាយត្រូវបានស្ថាបនាថ្មី ជួសជុល កែលម្អ និងលើក កម្រិតប្រែក្លាយពីផ្លូវដីស ទៅជាផ្លូវក្រាលក្រួសក្រហម ពីផ្លូវក្រាលក្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូ និង ផ្លូវបេតុង។ បន្ថែមលើនេះតំបន់ជនបទ បានគ្របដណ្តប់ទៅដោយភូមិឃុំមានបរិស្ថានរស់នៅស្អាតបាត ទទួលបានសេវាចាំបាច់ជាច្រើន ដែលជាផ្នែកមួយជួយជំរុញឱ្យមានរបៀបរស់នៅបែបទំនើប។ តាមការ វាយតម្លៃគិតដល់ដំណាច់ឆ្នាំ២០២២នេះ ប្រជាជនជនបទប្រមាណជាង ៨០% ទទួលបានទាំងទឹកស្អាត ប្រើប្រាស់ និងអនាម័យល្អ។ ផ្អែកលើលក្ខខណ្ឌអំណោយសម្រាប់ការរស់នៅនេះ ប្រជាជននៅតំបន់ជនបទ មានឱកាសប្រកបមុខរបរបន្ថែម និងផ្តល់សេវាកម្មនានាដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ ក្រៅពីការធ្វើ ស្រែចំការ។
លទ្ធផលដែលសម្រេចបានខាងលើនេះ ផ្តើមចេញពីឆន្ទៈដ៏មោះមុតក្នុងការខិតខំប្រឹងប្រែងអនុវត្ត ការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដោយផ្អែកលើការគោរពច្បាប់ បទបញ្ហា គោល នយោបាយ និងយន្តការជាធរមានបានត្រឹមត្រូវ និងម៉ត់ចត់ ។
ក្រសួង នឹងបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការអនុវត្តការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យ បានកាន់តែសកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់។
ក្រសួងអភិវឌ្ឍន៍ជនបទ សង្ឃឹមថាសាធារណជនទាំងអស់ នឹងមេត្តាទទួលជ្រាបប្រកបដោយ សុភវិនិច្ឆ័យ ។
បន្ទាប់ពីក្រសួងអភិវឌ្ឍន៍ជនបទ បានចេញសេចក្តីប្រកាសព័ត៌មានបែបនេះ សារព័ត៌មានក្នុង បានសរសេរបញ្ចេញជាចំងល់ថា, បើជារឿងបំផ្លើសបំភ្លៃ តើលោក ភួង សោភា, លោក អ៊ុក ពញ្ញា មិនមែនជាប្អូនថ្លៃ និងកូនបង្កើតលោករដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ? និងលោកស្រី គង់ សុធីរី មិនមែនជាភរិយា ភួង សោភា ឬ ?
គួរបញ្ជាក់ជូនថា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣កន្លងទៅថ្មីៗ ក្រុមមន្ដ្រីរាជការបម្រើការងារនៅក្រសួងអភិវឌ្ឍន៍ជនបទ ដែលមិនបញ្ចេញអត្តសញ្ញាណ បានដាក់ពាក្យបណ្ដឹងមួយច្បាប់គោរពជូន លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ប្ដឹងសុំឲ្យមានការស៊ើបអង្កេតស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមានទៅលើការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធរបស់លោក ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោក អ៊ុក ពញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបក្ខពួកនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ ។
ពាក្យបណ្ដឹងរបស់ក្រុមមន្ដ្រីរាជការ ដែលរក្សាសិទ្ធិមិនបញ្ចេញអត្តសញ្ញាណទាំងនោះ ដែលសារព័ត៌មាន ក្នុងស្រុក ទទួលបាន ក្រៅពីលើកឡើងអំពីរូបភាព នៃការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានបង្ហាញអំបីប្រព័ន្ធដឹកនាំ គ្រប់គ្រងក្នុងក្រសួងរុំព័ទ្ធពីលើដល់ក្រោមដោយបណ្ដាញក្រុមគ្រួសារ សាច់ញាតិរបស់ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ផងដែរ ។
ពាក់ព័ន្ធករណីនេះ អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេពី លោក ចាន់ ដារ៉ុង អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយទូរស័ព្ទចូល គ្មានអ្នកទទួល ។ ដោយមន្ត្រីផ្នែកព័ត៌មាន នៅក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា, ករណីនេះមន្ត្រីទាំងនោះ ប្តឹងគ្មានឯកសារ គ្មានភស្តុតាង ហើយមិនមែនជាការពិតទេ ដូច្នេះថ្នាក់លើបានរៀបចំពាក្យបណ្តឹងហើយ ដោយអោយខាងខុទ្ទកាល័យ ចាត់ចែង រៀបចំមេធាវី រួចរាល់ហើយ ៕
ដោយ : មជ្ឈមណ្ឌល ព័ត៌មាន ” នគរវត្ត”