ខេត្តសៀមរាប : «#ជ្រូកគូលែន»៖ប្រែក្លាយសក្តានុពលម្ហូបអាហារប្រចាំតំបន់ឱ្យទៅជាកម្លាំងជំរុញសេដ្ឋកិច្ចមូលដ្ឋាន ផ្លាស់ប្តូរជីវភាពសហគមន៍ និងបង្កើនភាពទាក់ទាញសម្រាប់វិស័យទេសចរណ៍។ នេះជាការថ្លែង របស់ លោក ឃឹម ហ្វីណង់ អភិបាលរង ខេត្តសៀមរាប ។
លោកលើកឡើងថា, កសិដ្ឋានបន្សុទ្ធពូជ«ជ្រូកគូលែន»នៃគម្រោងកសិដ្ឋានចិញ្ចឹមសត្វ និងកសិកម្មអភិរក្សរបស់ក្រសួងបរិស្ថាន គឺជាផ្នែកមួយនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ដែលស្ថិតនៅសសៀរតាមបណ្តោយជើងភ្នំគូលែនក្នុងទីតាំងភូមិសាស្ត្រស្រុកបន្ទាយស្រី និងមានមហិច្ឆតាបង្កើតឱកាសមុខរបរថ្មីមួយឱ្យបានទូលំទូលាយ ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់សហគមន៍ដែលរស់នៅក្នុងតំបន់ និងស្រុកទេសចរណ៍មួយនេះ។ ពូជជ្រូកប្រភេទនេះត្រូវបានបង្កាត់បន្ស៊ាំចេញពីតំបន់ជើងភ្នំនេះផ្ទាល់ ជាពូជដែលមានភាពស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុបានល្អ មិនមានខ្លាញ់ច្រើន មានឱជារសឆ្ងាញ់ លក់បានថ្លៃ និងមានតម្រូវទីផ្សារទូលំទូលាយ ជាពិសេសសម្រាប់អ្នកទេសចរ។
លោករដ្ឋមន្ត្រី សាយ សំអាល់ មានចក្ខុវិស័យចង់ឱ្យអ្នកស្រុកនាំគ្នាចិញ្ចឹមជ្រូកគូលែននេះឱ្យបានច្រើន ដើម្បីភាពធូរធាររបស់សហគមន៍ និងបង្កើតអត្តសញ្ញាណម្ហូបអាហារតំបន់មួយប្រភេទនេះឱ្យរឹតតែល្បីល្បាញជាងមុនសម្រាប់អ្នកទេសចរដែលមកលេងកម្សាន្តស្រុកបន្ទាយស្រី និងភ្នំគូលែន។ ក្រុមការងារក្រសួងបរិស្ថាននឹងផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស ផ្តល់ពូជ និងជួយផ្សព្វផ្សាយរកទីផ្សារ ដើម្បីជំរុញឱ្យការងារនេះអាចសម្រេចទៅបាន។
គួរនាំគ្នាហៅថា«ជ្រូកគូលែន» ប្រសើរជាងជ្រូកកណ្តុរ ព្រោះឈ្មោះនេះមានភាពសមរម្យជាង ឆ្លុះបញ្ចាំងពីអត្តសញ្ញាណប្រចាំតំបន់ និងមានភាពទាក់ទាញសម្រាប់អ្នកទេសចរជាទូទៅ។
#ជ្រូកគូលែន ៕
ដោយ : សិលា