ថ្នាក់ដឹកនាំខេត្តព្រះសីហនុ៖​ យើងចង់បានក្រុមកីឡាករដែលមានសមត្ថភាពគ្រប់គ្រាន់ឈានទៅចូលរួមប្រកួតដើណ្តើមពានរង្វាន់សម្តេចតេជោ លើកទី១៧ ឆ្នាំ២០២៣

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាគណៈអធិបតីក្នុងការប្រកួតផ្តាច់ព្រ័តជើងឯកប្រចាំខេត្តព្រះសីហនុ ដើម្បីឈានទៅចូលរួមប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣នាពេលខាងមុខ នៅទីលានបាល់ទាត់សាលាអនុវិទ្យាល័យសម្ដេចឪ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ​ កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញនេះ​។

តាមរបាយការណ៍របស់គណៈកម្មការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់សម្តេចតេជោលើកទី១៧ ឆ្នាំ២០២៣នេះ ខេត្តព្រះសីហនុ មានកីឡាករចូលរួមប្រកួតជ្រើសរើសជើងឯកប្រចាំខេត្តព្រះសីហនុ មានចំនួន ៣ក្រុម ការប្រកួតវិលជុំនៅទីលានបាល់ទាត់សាលាអនុវិទ្យាល័យសម្តេចឪ មានដូចជា៖
១.ក្រុមកីឡាបាល់ទាត់សមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ
២.ក្រុមកីឡាករសាកលវិទ្យាល័យឡាយ
៣.ក្រុមកីឡាករ ខ្យល់ព្យុះខេត្តព្រះសីហនុ។

ជាលទ្ធផលក្រុមកីឡាករសាកលវិទ្យាល័យឡាយទទួលបានលេខ១ ចេញទៅប្រកួតដណ្តើមពានរង្វាន់សម្តេចតេជោ តំណាងឱ្យខេត្តព្រះសីហនុ។

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមកីឡាករទាំងពីរក្រុមដោយពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជូនចំពោះក្រុមកីឡាករទាំងពីរក្រុមដែលបានខិតខំបញ្ចេញអស់កម្លាំងកាយចិត្ត បច្ចេកទេស ក្នុងការចូលរួមប្រកួតរហូតទទួលបានលទ្ធផលនាពេលនេះ ព្រោះការលេងកីឡានាំមកនូវសុខភាព កម្លាំងកាយរឹងមាំ និងមានទំនាក់ទំនងល្អជាមួយគ្នា សាមគ្គី ភាពរវាងក្រុមកីឡាករបស់យើង។ ការលេងកីឡាវានាំឱ្យយុវជនយើងចៀសផុតពីសេពគ្រឿងញៀនថែមទៀតផង។

លោកអភិបាលរងខេត្ត ក៏បានបន្តទៀតថា យើងចង់បានក្រុមកីឡាករដែលមានសមត្ថភាព ដើម្បីចេញទៅចូលរួមប្រកួតជ្រើសរើសជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣នាពេលខាងមុខ និងសូមឱ្យក្រុមកីឡាករត្រូវធ្វើការហ្វឹកហាត់នូវបច្ចេកទេសថ្មីៗបន្ថែមទៀត ដើម្បីទទួលបានជ័យលាភីសម្រាប់ខេត្តព្រះសីហនុ។

...

ទន្ទឹមនោះយើងទាមទាឱ្យក្រុមកីឡាកររបស់យើងចេះសាមគ្គីគ្នា មានសមត្ថភាពគ្រប់គ្រាន់ឈានទៅចូលរួមប្រកួតដើណ្តើមពានរង្វាន់សម្តេចតេជោ យើងមិនចង់ឃើញក្រុមកីឡាខេត្តរបស់យើងវិលត្រឡប់មកវិញដោយហាលអាវនោះទេ ដូច្នេះត្រូវបង្កើនការហ្វឹកហាត់លក្ខណបច្ចេកទេសឈានទៅចូលរួមការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចតេជោ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print