ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលទើបទទួលបាននៅព្រឹកថ្ងៃចន្ទទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបង្ហាញថា៖ រយៈពេលជិត២សប្ដាហ៍ដេីមខែកុម្ភៈនេះ! ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បង្ក្រាបឃាត់ខ្លួនជនសង្ស័យជនជាតិចិន និងខ្មែរចំនួន២៤នាក់ មានចំនួន១២ករណីពាក់ព័ន្ធគ្រឿងញៀន។
របាយការណ៍ដដែលបន្តថា ដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន និងអធិការដ្ឋាននគរបាលក្រុង-ស្រុក បានចុះបង្ក្រាបករណីគ្រឿងញៀនគិតពីថ្ងៃទី០៤ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បង្ក្រាបបានចំនួន១២ករណី ឃាត់ខ្លួនជនសង្ស័យសរុបចំនួន២៤នាក់ (ជនជាតិខ្មែរ២០នាក់ និងជនជាតិចិន០៤នាក់) ។
ចំណែកវត្ថុតាងរួមមាន៖ ម្សៅក្រាមមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ១០៥កញ្ចប់ ទម្ងន់ ១៩៥,០៤ក្រាម ថ្នាំញៀនមេតំហ្វេតាមីនគ្រាប់(WY) ចំនួន២២គ្រាប់ ទម្ងន់ ១,៥៦ក្រាម ថ្នាំញៀនប្រភេទកេតាមីន ចំនួន៣៧កញ្ចប់ ទម្ងន់ ៤១៦,៦៧ក្រាម ថ្នាំញៀនប្រភេទអ៉ិចស្ដាស៉ី (MDMA) ចំនួន១២០កញ្ចប់ ទម្ងន់ ២គីឡូ ៣០៨,៩៦ក្រាម ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន២ និង
សម្ភារះមួយចំនួន។
ជាមួយគ្នានោះ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន និងកម្លាំងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការនគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ បានចុះផ្សព្វផ្សាយ អំពីផលប៉ះពាល់នៃការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ នៅតាមបណ្តាក្លឹបកំសាន្ត និងខារ៉ាអូខេ នៅក្នុងក្រុងព្រះសីហនុផងដែរ៕ ដោយ៖សហការី