ការប្រកួតប្រជែងសព្វាវុធនៅតំបន់អាស៊ីប៉ាស៊ីហ្វិកកាន់តែគគ្រឹកគគ្រេងពីមួយថ្ងៃទៅមួយថ្ងៃ ដោយល្បឿននៃការអភិវឌ្ឍលឿនហួសពីការស្មាន។ ស្ថានភាពទាំងនេះបានបង្ហាញយ៉ាងច្បាស់តាមរយៈការចំណាយប្រាក់ដ៏មហាសាល សម្រាប់ផលិតសព្វាវុធទំនើបៗរបស់ខ្លួន។
ពេលកន្លងមកថ្មីៗអាមេរិកបានសាកល្បងបានជោគជ័យនូវយន្ដហោះ X-៣៧ពB ដែលអាចបំពេញភារកិច្ចយោធាបានយ៉ាងច្រើន។ ទន្ទឹមនឹងនោះអាមេរិកក៏ជំរុញឲ្យផលិតឧបករណ៍ហោះហើរ X-៤៧B ដែលទំនើបជាងមុនទៅទៀត។ ក្នុងពេលនោះយន្ដហោះចម្បាំងបំបាំងកាយ F-២២ របស់អាមេរិកក៏ដាក់ពង្រាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ពិសេសអាមេរិកកំពុងបង្កើនកម្លាំងសព្វាវុធដល់កម្លាំងទាហានដែលបោះទីតាំងនៅតំបន់អាស៊ីភាគឦសាន។
តាមបណ្ដាញផ្សព្វផ្សាយនានារបស់អង់គ្លេសបានឲ្យដឹងថា អាមេរិកមានគម្រោងចំណាយប្រាក់ ១២.៦ពាន់លានដុល្លារដើម្បីសាងសង់និងពង្រីកទីតាំងយោធានៅលើកោះ Guam ប្រទេសជប៉ុន។ ទាំងនោះគឺជាការចំណាយប្រាក់ដ៏ធំបំផុតសម្រាប់សាងសង់ទីតាំងយោធានៅអាស៊ីប៉ាស៊ីហ្វិករបស់អាមេរិកចាប់តាំងពីសង្គ្រាមលោកលើកទី២មកទល់ពេលនេះ។
បច្ចុប្បន្នចំនួនគ្រាប់បែក ក្បាលគ្រាប់បរមាណូរបស់អាមេរិកអាចបំផ្លាញពិភពលោកទាំងមូលឲ្យរលាយបាត់សូន្យ។ ប្រព័ន្ធការពារកាំជ្រួចមីស៊ីលរបស់អាមេរិកក្លាយជារនាំងមួយដ៏មានប្រសិទ្ធភាពគ្មានកាំជ្រួចមីស៊ីលណាមួយដែលអាចវាយប្រហារចូលទៅទឹកដីអាមេរិកបានឡើយ។ ចំណែកកងកម្លាំងកាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយរបស់អាមេរិកអាចវាយប្រហារបានចំគោលដៅណាមួយនៅលើភពផែនដី ក៏ដូចជាយន្ដហោះទម្លាក់គ្រាប់អាចបំពេញភារកិច្ចវាយលុកដោយគ្មានសត្រូវណាមួយអាចតដៃបានឡើយ។
ពេលកន្លងមកថ្មីៗ ជប៉ុនបានប្រកាសគម្រោងដាក់បន្ថែមកាំជ្រួចមីស៊ីលការពារ Patriot និងជំរុញឲ្យផលិតនាវាចម្បាំងដែលបំពាក់កាំជ្រួចមីស៊ីល Aegis នៅក្នុងកម្មវិធីមួយសម្រាប់ទប់ទល់ការវាយលុករបស់សត្រូវ។ ចាប់តាំងពីអំឡុងទសវត្ស៨០ សតវត្សទី២០ រហូតមកទល់ពេលនេះជាង៩០ភាគរយ សព្វាវុធរបស់កម្លាំងការពារជាតិជប៉ុនគឺផលិតនៅក្នុងស្រុកហើយភាគច្រើននៃសព្វាវុធទាំងនោះមានកម្រិតឈានមុខគេនៅលើពិភពលោក។
បច្ចុប្បន្នវិស័យឧស្សាហកម្មអវកាស និងកាំជ្រួចមីស៊ីលរបស់ជប៉ុនបានក្លាយទៅជាប្រព័ន្ធស្រាវជ្រាវវិទ្យាសាស្ដ្រ និងផលិតមានកម្រិតស្ដង់ដារខ្ពស់ពិសេសកាំជ្រួចមីស៊ីលសម្រាប់នាំផ្កាយរណបទៅកាន់លំហអាកាស H ២-A និង M ៥។ ផ្កាយរណបត្រួតពិនិត្យនៅលើពិភពលោកស្ថានីយអវកាសពិភពលោករបស់ជប៉ុនសុទ្ធតែមានកម្រិតល្អដាច់គេនៅលើពិភពលោក។
នាវាមុជទឹកធម្មតាដែលជប៉ុនស្រាវជ្រាវនិងផលិតឡើងក៏មានបច្ចេកវិទ្យានាំមុខគេនៅលើពិភពលោកផងដែរ។ នាវាចម្បាំង Aegis និង Osumi ក៏មានចំណុចពិសេសដាច់គេផងដែរ។ អំពីឧបករណ៍សម្រាប់ទាហានអាកាសជប៉ុនមានចំនួនយន្ដហោះចម្បាំង F-១៥ ច្រើនជាងគេបង្អស់ទី២បន្ទាប់ពីអាមេរិក។ សមត្ថភាពធ្វើសង្គ្រាមនៅលើដែនអាកាសរបស់ជប៉ុនអាចនិយាយបានថា ឈរលំដាប់កំពូលនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ចំណែកចិនក៏កំពុងកែប្រែលើវិស័យយោធាក្នុងពេលសេដ្ឋកិច្ចរបស់ខ្លួនទទួលបានជោគជ័យក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចទី២នៅលើពិភពលោក ។ អំពីកម្លាំងយោធាចិននឹងមានគម្រោងផលិតយន្ដហោះទំនើបៗជាច្រើនគ្រឿងនិងដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០១៧។ ចិនក៏ប្រកាសនូវប្រភេទយន្ដហោះបំបាំងកាយ J-២០ របស់ខ្លួនផងដែរ។ កាំជ្រួចមីស៊ីលដែលទីក្រុងប៉េកាំងផលិតនោះអាចមានសមត្ថភាពបាញ់ចំគោលដៅបានចម្ងាយ៤ពាន់គីឡូម៉ែត្រ។ កាំជ្រួចមីស៊ីលថ្មីទាំងនោះជាផ្នែកមួយនៃប្រព័ន្ធការពារតាមដែនអាកាសរបស់ចិន។ ទាំងនោះជាយុទ្ធសាស្ដ្រក្នុងការទប់ស្កាត់វាយប្រហារណាមួយពីដែនសមុទ្រក៏ដូចពីលើដែនអាកាស។ លើសពីនេះទៅទៀតចិនក៏ខិតខំជំរុញដាក់ឲ្យប្រើប្រាស់នូវនាវាផ្ទុកយន្ដហោះនៅក្នុងឆ្នាំនេះ។ តាមតួលេខ រយៈពេល១០ឆ្នាំកន្លងមកចិនបានទិញសព្វាវុធដែលមានតម្លៃរហូតដល់ ១៥០ពាន់លានដុល្លារ។
ឥណ្ឌាដែលជាប្រទេសចំណាយប្រាក់សម្រាប់ក្រសួងការពារជាតិ៣២ពាន់លានដុល្លារក្នុងមួយឆ្នាំក៏បានបង្កើនបន្ថែម៨ភាគរយទៀតក្នុងពេលដែលកម្លាំងទ័ពរបស់ចិន និងប៉ាគីស្ថានកាន់តែខ្លាំងឡើងៗនោះ។ ក្នុងរយៈពេល៥ឆ្នាំ ខាងមុខទៀតឥណ្ឌានឹងមាននាវាផ្ទុកយន្ដហោះ២គ្រឿងប្រភេទ INS Vikramaditya និង INS Vikrant ព្រមទាំងនាវាចម្បាំងប្រភេទទំនើបជាច្រើនគ្រឿងទៀតផង។ ក្រោយពេលគម្រោងខាងលើបានជោគជ័យឥណ្ឌានឹងមាននាវាចម្បាំងទាំងអស់១៤០គ្រឿង។
ដោយឡែកកូរ៉េខាងត្បូងក៏សម្រេចចំណាយប្រាក់ ៥៥០ពាន់លានដុល្លារសម្រាប់អភិវឌ្ឍសព្វាវុធយោធាក្នុងរយៈពេល១៥ឆ្នាំ។ ចំណែកប្រទេសជិតខាងកូរ៉េខាងជើងបានរក្សានូវអាថ៌កំបាំងស្ដីពីផែនការការពារជាតិ ប៉ុន្ដែកម្លាំងរបស់កូរ៉េខាងជើងក៏អាចប្រៀបផ្ទឹមនឹងប្រទេសជិតខាងដូចកូរ៉េខាងត្បូងបានដែរ។ ទាំងនោះហើយដែលធ្វើឲ្យរដ្ឋាភិបាលកូរ៉េខាងត្បូងសម្រេចចិត្ដបង្កើនប្រាក់សម្រាប់អភិវឌ្ឍសព្វាវុធ។
ក្នុងពេលនោះដែរតំបន់អាស៊ីភាគអាគ្នេយ៍ក៏បង្កើនការនាំចូលសព្វាវុធទំនើបៗពីបរទេស។ សិង្ហបុរីក៏មានគម្រោងទិញនាវាមុជទឹក២គ្រឿងផងដែរ។ អូស្ដ្រាលីបានលើកគម្រោងចំណាយប្រាក់១៧៩ពាន់លានដុល្លារ រយៈពេល២០ឆ្នាំខាងមុខដើម្បីទិញនាវាមុជទឹក នាវាចម្បាំង និងយន្ដហោះចម្បាំង។
បណ្ដាប្រទេសជាច្រើននៅលើពិភពលោក ពិសេសប្រទេសមហាអំណាចធំៗ ដូចជាអាមេរិក ចិន ឥណ្ឌា រុស្ស៊ី កំពុងប្រកួតប្រជែងសព្វាវុធយ៉ាងខ្លាំង។ ការប្រកួតប្រជែងអាចនឹងបង្កឲ្យមានបដិវត្ដន៍មួយនៅក្នុងសង្គ្រាមលើដែនសមុទ្រ ធ្វើឲ្យផ្លាស់ប្ដូរតុល្យភាពនៃសិទ្ធិអំណាចលើពិភពលោក។ ឥណ្ឌា និងរុស្ស៊ីបានចាប់ដៃរួមគ្នាអភិវឌ្ឍកាំជ្រួចមីស៊ីល Brahmos ជំនាន់ទី២ ដែលអាចហោះហើរក្នុងល្បឿន ៧,៣០០គីឡូម៉ែត្រក្នុងមួយម៉ោង។ ចិនក៏កំពុងផលិតកាំជ្រួចមីស៊ីលវាយលុកដែលមានល្បឿនលឿនជាងសំឡេង DF-២១D ។ ចំណែកអាមេរិកក៏កំពុងជំរុញផលិតកាំជ្រួចមីស៊ីល ដែលមានល្បឿនលឿនជាងសំឡេងជាច្រើនដងប្រភេទ X-៥១A ជាដើម។
ក្រុមអ្នកវិភាគនយោបាយតំបន់អាស៊ីប៉ាស៊ីហ្វិកយល់ឃើញថា ជាមួយនឹងការបង្កើនការផលិតសព្វាវុធឥតឈប់ឈរ នឹងធ្វើឲ្យតំបន់នេះក្លាយទៅជាទីតាំងប្រកួតប្រជែងផ្នែកសព្វាវុធនៅលើពិភពលោក ហើយនឹងធ្វើឲ្យសិទ្ធិអំណាចត្រូវផ្លាស់ប្ដូរផងដែរពិសេសឥទ្ធិពលនៅលើដែនសមុទ្រ។
បើប្រៀបធៀបអំពីសេដ្ឋកិច្ចតំបន់អាស៊ីនៅមានសេដ្ឋកិច្ចទន់ខ្សោយជាងតំបន់អឺរ៉ុប ប៉ុន្ដែលំដាប់សេដ្ឋកិច្ចទី២ និងទី៣លើពិភពលោកស្ថិតនៅតំបន់អាស៊ី។ ជាមួយការរីកចម្រើននៃសេដ្ឋកិច្ចនោះនឹងជំរុញអាស៊ីប៉ាស៊ីហ្វិកក្លាយទៅជាទីផ្សារទិញដូរសព្វាវុធដ៏មានសារៈសំខាន់ក្នុងពេលបច្ចុប្បន្ន៕
ប្រែសម្រួល៖ សាធី