ស្ថានភាពនយោបាយនៅវេណេហ្ស៊ូអេឡានៅតែមិនទាន់អាចថយកម្តៅក្នុងពេលដែលក្រុមប្រឆាំងដាក់គំនៀបឲ្យធ្វើប្រជាមតិដើម្បីដកដំណែងប្រធានាធិបតី Nicolas Maduro ។ ក្នុងពេលជាមួយគ្នានេះប្រធានាធិបតីក៏បានអំពាវនាវដល់ពលរដ្ឋរបស់ខ្លួនបញ្ចៀសការការញុះញ៉ងឲ្យមានហឹង្សា។
ប្រធានាធិបតីវេណេហ្ស៊ូអេឡាលោក ម៉ាឌូរ៉ូ កាលពីថ្ងៃទី១០ ខែមិថុនា បានថ្កោលទោសសកម្មភាពបង្ករហឹង្សារបស់ក្រុមប្រឆាំងនៅតំបន់ទីតាំងគណកម្មធិការរៀបចំការបោះឆ្នោត CNE ទទឹមនិងនោះក៏បានអំពាវនាវដល់ពលរដ្ឋ បញ្ចប់ការបង្ករឲ្យមានអំពើហឹង្សាកើតឡើង។ លោកបានចោទប្រកាន់ថា ក្រុមប្រឆាំងកំពុងតែធ្វើឲ្យបរទេសបញ្ចូនទាហានមកផ្តួលរំលំរដ្ឋាភិបាលស្រប់ច្បាប់របស់ប្រទេសជាតិ។
ក្រុមប្រឆាំងមានគម្រោងយកហត្ថលេខាពីពលរដ្ឋជាង២សែននាក់ដើម្បីឲ្យធ្វើប្រជាមតិដកហូតដំណែងប្រធានាធិបតី ដែលធ្វើឲ្យប្រទេសជាតិធ្លាក់ក្នុងដំណាក់កាលវឹកវរអត់ឃ្លាន ។ កន្លងមកពលរដ្ឋបានធ្វើបាតុកម្មទាមទាអាហាបរិភោគពីរដ្ឋាភីបាល។
ហេតុការអាក្រក់កើតឡើងដោយសារតែតម្លៃប្រេងធ្លាក់ចុះធ្វើឲ្យសេដ្ឋកិច្ចប្រទេសនេះដែលអាស្រ័យទាំងស្រុកទៅលើថាមពលប្រេងក៏ត្រូវធ្លាក់ចុះដូចគ្នា។
បក្សប្រឆាំងដែលមានសំឡេងភាគច្រើននៅក្នុងសភា និងប្រធានាធិបតីកំពុងដំឡើងសំឡេងដាក់គ្នាដោយម្ខាងបានអំពាវនាវឲ្យពលរដ្ឋ និងយោធាងើបបះបោរឈប់ស្តាប់បង្គាប់ថ្នាក់ដឹកនាំប្រទេស។ រីឯខាងប្រធានាធិបតីលោក ម៉ាឌុយរ៉ូ បដិសេធមិនព្រមរៀបចំធ្វើប្រជាមតិឡើយព្រោះយល់ថា នេះជាគម្រោងការកៀងទម្លាក់លោកពីអំណាច។
វេណេហ្ស៊ុយអេឡាបានធ្លាក់ក្នុងវិបត្តិនយោបាយអស់ជាច្រើនខែមកហើយតែនៅថ្ងៃនេះវិបត្តិកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ដោយសភាបានច្រានចោលក្រឹត្យរបស់ប្រធានាធិបតី។
កាលពីថ្ងៃសុក្រប្រធានាធិបតី វេណេហ្ស៊ុយអេឡា លោក ម៉ាឌុយរ៉ូ បានចេញក្រឹត្យច្បាប់ដាក់ប្រទេសក្នុង «ស្ថានការណ៍ពិសេស និងអាសន្ន» ដើម្បីប្រឈមនឹងវិបត្តិសេដ្ឋកិច្ច។ ក្រឹត្យនេះគ្រាន់តែការបន្តក្រឹត្យចាស់ចែងកាលពីខែកុម្ភៈដាក់ប្រទេសក្នុងភាពបន្ទាន់សេដ្ឋកិច្ចប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់បក្សប្រឆាំងនេះគឺជាការស្វែងរកអន្តរាគមន៍និងការបំពាក់របបយោធាឲ្យប្រទេស។ ហេតុដូច្នេះហើយបានកាលពីកន្លងទៅថ្មីៗនេះសភាដែលកាន់កាប់ដោយបក្សប្រឆាំងបាននាំគ្នាបោះឆ្នោតច្រានចោលក្រឹត្យប្រធានាធិបតីដោយសំអាងថាក្រឹត្យនោះមានតម្លៃផ្ទុយនិងរដ្ឋធម្មនុញ្ញ៕
ប្រែសម្រួល៖ សាធី