ភ្នំពេញ : នៅទីស្តីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២៣ មានរៀបចំពិធីជូនដំណើរកងកម្ទេចគ្រឿងផ្ទុះលេខ៩៨ ចេញបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ(អ.ស.ប)ស្ថិតក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោក ចូសិហ្វស៊ូអើ (Joseph Scheuer) អ្នកសម្រប សម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា។
ប្រមុខកងទ័ពមួកខៀវ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិ ភាព ឲ្យដឹងថា រយៈពេល ១៧ ឆ្នាំកន្លងមកនេះ កម្ពុជាទទួលបានស្នាដៃយ៉ាងធំធេងគួរជាទីមោទនៈ ក្នុងការចាត់បញ្ជូនកម្លាំងចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់(អ.ស.ប) ។ គិតចាប់ពីឆ្នាំ ២០០៦ រហូតមក ដល់បច្ចុប្បន្ន កម្លាំងកម្ពុជាសរុបចំនួន ៨,៨៥៩នាក់ ក្នុងនោះ ចំនួន ៦៨១នាក់ បំពេញ បេសកកម្មចំនួន ១១ ក្នុងប្រទេសចំនួន ៩ មានជាអាទិ៍: នៅសាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្ដាល លីបង់ ម៉ាលី ស៊ីរី សាយប្រឺស និងយេ មែន លើជំនាញបោស សំអាតមីន វិស្វកម្មសំណង់ផ្តេក-បញ្ឈរ អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ វិស្វកម្មព្រលានយន្តហោះកម្ទេចគ្រាប់មិនទាន់ផ្ទុះ នាយទាហានសេនា ធិការ និងសង្កេតការណ៍យោធា ។
បច្ចុប្បន្ន កម្លាំងកម្ពុជាចំនួន ៧៨៨នាក់ ក្នុងនោះនារីចំនួន ១៣០នាក់ កំពុងបំពេញបេសកកម្មនៅប្រទេសចំនួន ៤ រួម មាន សាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្ដាល និងម៉ាលី ។
កម្លាំងដែលនឹងចេញដំណើរនាពេលនេះ មានចំនួនសរុប ៩៨ នាក់ ក្នុងនោះនារី ១០នាក់ មកពីបណ្តាកង ឯកភាពនៃកងយោធពលខេមរភូមិន្ទ(ខ.ភ.ម) ដោយទទួលការហ្វឹកហ្វឺនមុនចល័ត និងលើជំនាញវិជ្ជាជីវៈ ប្រកបដោយគុណភាព ពីគ្រូបង្គោលកម្ពុជា សាធារណៈរដ្ឋបារាំង ប្រទេសអូស្ត្រាលី និងបណ្តាប្រទេសជាមិត្ត ដើម្បីប្រសិទ្ធភាព និងប្រសិទ្ធផល ដូចបណ្តាកងមុនៗដែរ។ កងកម្ទេចគ្រឿងផ្ទុះនេះ គឺជាជំនាញថ្មី សម្រាប់បេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ហើយ”នារីត្រូវបានតែងតាំងជាមេបញ្ជាការកងជាលើកដំបូង” និងមានសមត្ថ ភាពប្រើប្រាស់ភាសាបារាំង និងអង់គ្លេស ។ នេះបញ្ជាក់ពីការតាំងចិត្តពីសំណាក់ ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ គណកម្មាធិការ ឆ្លើយតបទៅនឹងសកម្មភាពដើម្បីសន្តិភាពបូក និងយុទ្ធសាស្ត្រសមភាពយេនឌ័រ ឆ្នាំ ២០២៨ របស់អង្គការ សហប្រជាជាតិ។
ឯកឧត្តម ចូសិហ្វ ស៊ូអើ (Joseph Scheuer) អ្នកសម្រប សម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជាថ្លែងថាៈ ការចេញ ដំណើរ របស់កងកម្ទេចគ្រឿងផ្ទុះលេខ៩៨នាថ្ងៃនេះ បញ្ជាក់ឡើងវិញពីការតាំងចិត្តរបស់កម្ពុជា ក្នុងការលើកតម្កើងស្មារតីនៃធម្មនុញ្ញរបស់(អ.ស.ប)និងចូលរួមជា មួយសហគមន៍ដ៏ពិត ប្រាកដនៃប្រជាជាតិ រួបរួមគ្នាក្នុងការ ស្វែងរកសន្តិភាពនិងអនាគតដ៏ល្អប្រសើរសម្រាប់មនុស្សជាតិទាំងអស់ ។ ការចូលរួមរបស់អស់លោក លោកស្រី បង្ហាញពីការរួបរួមគ្នាគឺជាចំណងសាមគ្គីដ៏រឹងមាំ មិនមានកម្លាំងឥទ្ធិពលណាបំបែកបានឡើយ ។ ខ្ញុំសង្ឃឹមថា ការរួមសាមគ្គីនេះ នឹងដើរតួនាទីជាពន្លឺនៃក្តីសង្ឃឹមដល់មនុស្សដទៃមិនត្រឹមតែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងពិភពលោកផងដែរ ។
សម្ដេចពិជ័យសេនា ទៀ បាញ់ សំដែងការកោតសរសើរចំពោះការរៀបចំពិធីជូនដំណើរកងកម្ទេចគ្រឿង ផ្ទុះលេខ ៩៨ ចេញបំពេញបេសកកម្មអង្គការ(អ.ស.ប)នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលនាពេលនេះ គឺជាលើកដំបូងបន្ទាប់ពីអាក់ ខានចាប់ តាំងពីឆ្នាំ ២០២០ មក ដោយសារវិបត្តិជំងឺកូវីដ-១៩ ជាសកល ។ ប៉ុន្តែទោះជាយ៉ាងណាក្តី ក៏មជ្ឈមណ្ឌលជាតិ រៀបចំពិធីជូនទទួលដំណើរកងកម្លាំងរក្សាសន្តិភាពជាលក្ខណៈផ្ទៃក្នុងជាបន្តបន្ទាប់ តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ។
ក្នុងនាមរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃ(ខ ភ.ម)សម្ដេចពិជ័យសេនា កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការជាតិ មជ្ឈមណ្ឌលជាតិ ក្រសួងស្ថាប័ន និងក្រុមការងារពាក់ព័ន្ធ ដែលខិតខំប្រឹងប្រែង យក ចិត្តទុកដាក់អនុវត្តន៍ការងារ វិស័យរក្សាសន្តិភាព សម្រេចបានសមិទ្ធផលផ្លែផ្កា ជាបន្តបន្ទាប់គួរជាទីមោទនៈ ជូនជាតិមាតុភូមិ និងប្រជាជនយើង ជាការឆ្លើយតប ទៅនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យរក្សាសន្តិភាព ។
សម្ដេចពិជ័យសេនា គូសបញ្ជាក់ទៀតថាៈ រាជរដ្ឋាភិបាលកម្ពុ ជា ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជម្រុញបង្កើនការប្រើប្រាស់កម្លាំងជានារី “យេនឌ័រ” សម្រាប់ធានានិរន្តភាព នៃការចូលរួមបំពេញ បេសកកម្មរក្សាសន្តិភាពយូរអង្វែង ដោយផ្តោតសំខាន់ទៅលើសកម្មភាពក្នុងវិស័យមួយចំនួន កម្ពុជាមាន លទ្ធភាពចូលរួម ព្រមទាំងខិតខំធ្វើការ កែលម្អលើការងារគ្រប់គ្រង ការពង្រឹងធនធានមនុស្ស ពិសេសបង្កើនចំនួនចូល រួមជាស្ត្រី ឱ្យស្របទៅនឹងទស្សនៈយេនឌ័រ បញ្ចូលគ្នានៅក្នុងប្រតិបត្តិការរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ។
រាជរដ្ឋាភិបាល និងខិតខំបន្តអភិវឌ្ឍន៍មធ្យោបាយ និងធនធានចាំបាច់មួយចំនួន សម្រាប់បំពាក់ ជូនដល់កងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដើម្បីអនុវត្តន៍ភារកិច្ចឱ្យ កាន់តែមានប្រសិទ្ធភាពខ្ពស់ តាមរយៈការ ងារដឹកនាំ កំណត់គោលនយោបាយ និងការលើកកម្ពស់ហ្វឹក ហ្វឺន ពង្រឹងសមត្ថភាពជំនាញលើគ្រប់វិស័យដល់កងកម្លាំង និងបង្ហាញជំហរគាំទ្រនូវចក្ខុវិស័យនូវកិច្ចប្រតិបត្តិការរក្សាសន្តិភាព និងទស្សនាទានសម្រាប់របៀបវារៈការអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ ៕
ដោយ : សហការី