ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងនៅក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា៖ នៅឆ្នាំ២០២២ ការអនុវត្តនូវគោលយោបាយភូមិ-ឃុំ មានសុវត្ថិភាព ធ្វើឱ្យបទល្មើសទូទៅនៅក្នុងប្រទេសកម្ពុជា មានការថយចុះចំនួន ៩ភាគរយ ហើយចំពោះបទល្មើសដែលកើតឡើង គឺសមត្ថកិច្ចបង្ក្រាបបាន រហូតដល់ចំនួន ៩២ភាគរយ ។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា កម្លាំងនគរបាលជាតិ និងរដ្ឋបាលគ្រប់ថ្នាក់នៅក្រោមជាតិ បានបន្តខិតខំសហការថែរក្សាសណ្ដាប់ធ្នាប់ និងសុវត្ថិភាពក្នុងសង្គម តាមរយៈការលើកកម្ពស់វិធានការជំនាញ និងការខិតខំជំរុញឱ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ។
សម្ដេចឧបនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា នៅឆ្នាំ២០២២ រាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តនូវយុទ្ធសាស្ត្រ យុទ្ធនាការ និងប្រតិបត្តិការព្រមៗគ្នា ធ្វើឲ្យបទល្មើសមានការថយចុះ ហើយការបង្ក្រាបបល្មើស មានការកើនឡើងគួរឱ្យកត់សម្គាល់ ។
ជាមួយគ្នានោះ អគ្គលេខាធិការ នៃក្រសួងមហាផ្ទៃ លោក ប៉ោ ភក្តិ បានមានប្រសាសន៍ថា៖ ឆ្នាំ២០២២ បានល្មើសជារួម មានការថយចុះចំនួន ២៨៥លើក ក្នុងនោះបទល្មើសឧក្រិដ្ឋកើតឡើង ១៩ករណី, បទមជ្ឈឹមថយចុះជាង ៣០០ករណី ។ ការបង្ក្រាបបទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ បានចំនួនជាង ១៧០ករណី ក្នុងនោះឃាត់ខ្លួនជនសង្ស័យចំនួន ២២៦នាក់ (ជនបរទេស ៣១នាក់) បានបញ្ជូនទៅតុលាការ និងរំដោះជនរងគ្រោះបាន ៥៥២នាក់ ។
លោកអគ្គលេខាធិការរូបនេះ បន្តថា នៅតាមព្រំដែន មានភាពល្អប្រសើរ ទោះបីកើតមាននូវបាតុភាពមិនប្រក្រតីមួយចំនួន បង្កដោយភាគីវៀតណាម ដែលបានបោះតង់ និងសងរោងឃ្លាតពីខ្សែព្រំដែន ពី១៥ម៉ែត្រ ទៅ៥០០ម៉ែត្រ សរុប៣៧៦តង់ ស្មើនឹង៩ខេត្ត ក្រោមហេតុផលដាក់ប៉ុស្តិ៍សង្កេតការណ៍ទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងនោះសងនៅទីតាំងឯកភាពគ្នា ៣៣០តង់, រុះចេញ ៧១តង និងលើទីតាំងមិនទាន់ឯកភាពគ្នា ៤៦តង់, រុះចេញ៤២តង ៕ដោយ៖សហការី