ភ្នំពេញ : លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង លោក តាក ហឿនសឹក (TAKEI / Shunsuke) រដ្ឋលេខាធិការនៃក្រសួងការបរទេសជប៉ុន ដែលនឹងអញ្ជើញ មកបំពេញទស្សនកិច្ចនៅកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទាន ឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ៣.៩៨៦ លានយ៉េន (ប្រមាណ ៣០,៦ លាន ដុល្លារអាមេរិក) ដើម្បីអនុវត្ត “គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្វាយរៀង» នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។
លិខិតប្ដូរសារខាងលើ គឺជាការធ្វើវិសោធនកម្មទៅលើចំនួនទឹកប្រាក់ដែលបានចែងនៅក្នុង លិខិតប្តូរសារដែលបានចុះហត្ថលេខារួច នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២២។
កាយវិការសប្បុរសរបស់រដ្ឋាភិបាលជប៉ុននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹង ប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងធ្វើឱ្យកាន់តែស៊ីជម បន្ថែមទៀត នូវទំនាក់ទំនងដ៏ល្អប្រសើរដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការកំពុងលូតលាស់ លើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដែលនៅក្នុងឆ្នាំនេះ កំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៧០ នៃ ការបង្កើតទំនាក់ទំនងការទូត៕
ដោយ : សិលា